adverise with khmeread Kuoch mengly

សម្លេង​រិះគន់​របស់លោក​គួច ម៉េង​លី​ធ្វើឱ្យ​ផ្អើល​ដល់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​

​    ​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ជាពិសេស​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​បាននាំគ្នា​សាទរ​លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ថា​ជា​បុគ្គល​ល្បី​ទី​ពីរ (​បន្ទាប់ពី​អ្នកឧកញ៉ា​ម៉ុង ឫទ្ធី​) ដែល​ហ៊ាន​ចេញមុខ​រិះគន់​ស្ថាបនា​លើ​រាល់​ទង្វើ​អសកម្ម​ក្នុងសង្គមជាពិសេសការចេញមុខមករិះគន់ប្រព័ន្ធសុខាភិបាលនាពេលថ្មីៗនេះ រហូតដល់ថ្នាក់​មានការ​ភ្ញាក់ផ្អើល និង​ដឹងឮ​ទៅដល់​ស្ថាប័ន​ពាក់ព័ន្ធ​។ 

​    ​តាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះផ្សាយ​ថ្ងៃទី ៨​ខែមករា លោក​គួច ម៉េង​លី ត្រូវបាន​ដកស្រង់​សម្តី​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​អត់​ដែល​ជួប​ពេទ្យ​ណា​អាក្រក់​សែន​អាក្រក់​ដូច​ពេទ្យ​នៅ​ស្រុក​ខ្មែរ​យើង​ទេ​។ គាត់​គ្មាន​វិជ្ជាជីវៈ គ្មាន​ភាពទន់ភ្លន់ គ្មាន​មេត្តាធម៌​។ នេះ​ខ្ញុំ​មិនមែន​និយាយ​ទាំងអស់​ទេ ខ្ញុំ​និយាយ បើ​ខ្ញុំ​បាន​ជួប​១០ មាន​៩​អាក្រក់​។ បើ​មាន​អាកប្ប​កិរិយាមាយាទ​អំនួត អឿ ឈ្លើយ ម៉ា​បាវ តើ​កូន​ខ្មែរ​យើង​អភ័ព្វ​យ៉ាងម៉េច​ទៅ​? ពេល​គេ​ទៅ​ព្យាបាល​ម្តងៗ​សឹងតែ​លុតជង្គង់​អង្វរ​គាត់​(​ពេទ្យ​)​។ ពេទ្យ​ដែល​គ្មាន​ជំនាញ​វិជ្ជាជីវៈ​ក្រមសីលធម៌​ទាំងនោះ​ហើយ​ជា​អ្នក​សម្លាប់​មនុស្ស​"​។​

​    ​ការរិះគន់​របស់លោក​ត្រូវបាន​ដឹងឮ​ទៅដល់​មន្ត្រី​ថ្នាក់លើ និង​ទទួលបាន​ប្រតិកម្ម​តប​វិញ​យ៉ាង​ឆាប់រហ័ស​ពី​សំណាក់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា មិន​ដូច​ការរិះគន់​របស់​ប្រជាពលរដ្ឋ​ទូទៅ​នោះទេ ដោយ​ការសម្តែង​មតិ​រិះគន់​របស់​ពួកគាត់​កម្រ​នឹង​បាន​ដឹងឮ​ដល់​ថ្នាក់លើ​ណាស់​។ តែ​ទោះយ៉ាងណា ការលើកឡើង​របស់លោក​គួច ម៉េង​លី ដែលថា​ពេទ្យ ១០ អាក្រក់ ៩ គឺ​ទុកឱ្យ​ប្រជាជន​ជា​អ្នក​វិនិច្ឆ័យ​ទៅ​ចុះ ព្រោះថា​ប្រសិនបើ​គ្រូពេទ្យ​អាក្រក់​ច្រើន​បែបនេះ ម្ល៉ោះ​ប្រជាជន​ខ្មែរ​នឹង​ក្លាយជា​អ្នកជំងឺ​សឹងតែ​ទូទាំងប្រទេស​ដែរ​ហើយ​។  

​    ​ការរិះគន់​ខ្លាំងៗ​នេះ​បានធ្វើ​ឲ្យ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​មិន​ពេញចិត្ត​ជាខ្លាំង ហើយ​ថែមទាំង​បានធ្វើ​លិខិតស្នើ​ឲ្យ​លោក គួច ម៉េង​លី សុំទោស​ជា​សាធារណៈ​ទៀតផង​។​

​    ​សេចក្តីថ្លែងការណ៍​រប​ស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​សរសេ​រ​យ៉ាង​ដូច្នេះ "​ចំពោះ​ការនិយាយ​បរិហារកេរ្តិ៍ និង​ប្រមាថ​ជា​សាធារណៈ​របស់លោក​មក​លើ​គ្រូពេទ្យ និង​អ្នក​វិជ្ជាជីវៈ​សុខាភិបាល គណៈ​វិជ្ជាជីវៈ​សុខាភិបាល​សុំ​ឲ្យ​លោក​ធ្វើការ​កែតម្រូវ និង​សុំទោស​ជា​សាធារណៈ​ចំពោះ​ពាក្យសម្តី​របស់លោក​"​។​

​    ​តែ​ទោះយ៉ាងណា យោងតាម​វេ​ប​សាយ​ព័ត៌មាន "​ថ្មីៗ​" លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី បាន​បដិសេធ​មិន​ថ្លែង​សុំទោស​ជា​សាធារណៈ​តាម​ការទាមទារ​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា​ឡើយ ដោយ​លោក​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​គិតថា ខ្ញុំ​មិនគួរ​សុំទោស​ឡើយ​។ វា​ជា​រឿង​ជាក់ស្តែង​។ ពលរដ្ឋ​ខ្មែរ​ពេល​ជួប​ពេទ្យ​ម្តង ពួកគាត់​ខ្លាច​បារម្ភ​ណាស់​។ មតិ​របស់ខ្ញុំ​ជាម​តិ​ស្ថាបនា​។ ខ្ញុំ​មិន​ចង់​ហែក​ទ្រូង​គ្រូពេទ្យ​ទេ ខ្ញុំ​ក៏​ជា​គ្រូពេទ្យ​ដែរ​។ តែ​ខ្ញុំ​ចង់​កែទម្រង់​។ វា​ជា​ពិសោធន៍​របស់ខ្ញុំ​។ គ្រូពេទ្យ​ដែល​ខ្ញុំ​បាន​ជួប បានឃើញ ១០​នាក់ គឺ​៩​អាក្រក់​ហើយ​"​។ 

​    ​លោក​បាន​បញ្ជាប់​បន្ថែម​ប្រាប់​វេ​ប​សាយ​ដដែល​ថា លោក​នៅតែ​រក្សា​ជំហរ​របស់លោក​ដដែល ហើយ​បាន​រម្លឹក​បន្ថែមទៀត​អំពី​ការរិះគន់​ស្ទើរ​រាល់ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​ជាច្រើន​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង​នៅតាម​សារព័ត៌មាន​ផង​ទៅលើ​សេវា​សុខាភិបាល​កម្ពុជា​។​

​    ​លោក គួច ម៉េង​លី​បានបញ្ជាក់​បន្ថែមទៀតថា "​មិនតែប៉ុណ្ណោះ ខ្ញុំ​ក៏​សង្កេតឃើញ​ជាក់ស្តែង​ថា គ្រូពេទ្យ​ខ្លួនឯង​មួយចំនួន ព្រមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួន​ផង ក៏​ពួកគេ​ធ្វើដំណើរ​ទៅ​បរទេស​ដែរ នៅពេល​ពួកគេ​មាន​បញ្ហា​សុខភាព​"​។ 

​    ​ដោយឡែក​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កម្ពុជា ក៏​ទទួលបាន​ការឆ្លើយតប​របស់​ប្រជាពលរដ្ឋ​ដែលជា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ផងដែរ​។ 

​    ​ក្នុង​ប្រអប់ Comment គេ​សង្កេតឃើញ​ពលរដ្ឋ​គាំទ្រ​សឹងតែ​គ្រប់គ្នា​ទៅហើយ​លើស​ម្តី​របស់លោក​វេជ្ជបណ្ឌិត គួច ម៉េង​លី ដោយ​ពលរដ្ឋ​ខ្លះ​លើក​ឡើងជា​មតិ​រិះគន់​ស្ថាបនា​ថា​"​ប្រជាជន​មួយ​ភូមិ​នៅ​ខេត្តបាត់ដំបង​បាន​ឆ្លង​មេរោគ​អេ​ដ​ស៌​ដោយសារ​គ្មាន​ការយកចិត្ត​ទុក្ខ​ដាក់​ពី​ក្រសួងសុខាភិបាល តើ​ថ្នាក់ដឹកនាំ​ក្រសួង​បាន​សូមទោស​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងនោះ​ហើយ​ឬ​នៅ​?"​។​

​    ​ពលរដ្ឋ​ខ្លះ​ក៏​មិនបាន​កាន់ជើង​ខាង​ណា​នោះដែរ ហើយ​គាត់​បាន​លើកឡើងថា ក្រសួងសុខាភិបាល​គួរ​ធ្វើការ​ស៊ើបអង្កេត​សិន​នូវ​សេវា​របស់​គ្រូពេទ្យ​កម្ពុជា មុននឹង​ឱ្យ​គាត់​សុំទោស​ក៏​មិន​ហួសពេល​ដែរ​។ ដោយ​ខ្លះទៀត​លើកឡើងថា "​សេវា​របស់​គ្រូពេទ្យ និង​ក្រសួង​គួរ​ធ្វើការ​កំណែទម្រង់​ហើយ កុំឱ្យ​ហួសពេល ប្រជាជនរ​ត់ទៅ​ពេទ្យ​ក្រៅប្រទេស​អស់ហើយ​"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់