adverise with khmeread 1

មិត្តភក្ដិដេញកាប់គ្នា​បង្ក​ភាព​រញ៉េរញ៉ៃហើយពឹងឱ្យ​លាក់ទុកសាំ​ម៉ូ​រៃ សមត្ថកិច្ច​ឆែកឃើញជាប់ខ្នោះ

    ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អន្តរាគមន៍​ពិសេស​ខណ្ឌ​សែន​សុខ​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ​បានធ្វើការ​ឆែកឆេរ​រក​ឃើញ​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​នៅជាប់​នឹង​ខ្លួន​ហើយ​ឃាត់​យកមក​សាកសួរ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី ១០​ខែ​វិច្ចិកា ឆ្នាំ២០១៦​ ត្រង់ចំណុច​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​និយាយថា ដោយមាន​ការសហការ​ពី​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ខាងលើ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ថា​មាន​ករណី​ក្មេងស្ទាវ​កាប់​គ្នា​បង្ក​ភាព​រញ៉េរញ៉ៃ​នៅក្នុង​ភូមិ​។ ពេល​សមត្ថកិច្ច​មកដល់​ចំណុចកើតហេតុ​ហ្វូង​ក្មេងស្ទាវ​ទាំងអស់​នោះបាន​រត់​បែក​ហ្វូង​គ្នា​អស់​បាត់អស់។​

    ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើការ​ល្បាត​នៅ​ក្នង​ភូមិ​កើតហេតុ​ខាងលើ​ក៏បាន​ជួប​បុរស​​ម្នាក់​សង្ស័យ​ហើយ​បានធ្វើ​ការឆែកឆេរ​ប្រទះឃើញ​ដាវ​សាំ​ម៉ូ​រៃ​មួយ​ដើម​នៅលើ​ខ្លួន​បុរស​ខាងលើ​នោះ ហើយ​បាន​នាំខ្លួន​យកទៅ​សាកសួរ​ប៉ុស្ដិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី។​

    បើតាម​ប្រភពពី​សមត្ថកិច្ច​ខាងលើ​បានឱ្យដឹងថា បុរស​ដែលមាន​លាក់​អាវុធ​ខាងលើ​នោះ​មានឈ្មោះ អឹម រតនា ភេទ​ប្រុស អាយុ២៦ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិ​យួ​ស ឃុំ​ឫស្សី​សាញ់ ស្រុកស៊ី​ធរ​កណ្ដាល ខេត្តព្រៃវែង។​

    តាម​សម្ដី​សារភាព​ពី​ជនសង្ស័យ​ខាងលើ​បានឱ្យដឹងថា ដាវ​មួយ​ដើម​នេះ​គឺ​រូបគេ​ត្រូវ​ពួកក្មេងស្ទាវ​ខាងលើ​នោះ​ជួយ​ពឹង​ឱ្យ​លាក់ទុក​ក្រោយពី​ពួកគេ​បាន​ឈ្លោះ​គ្នា​ជាមួយ​បក្ខពួក​មួយក្រុម​ទៀត។ ​ក្រោយមក​រូបគេ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយសារតែ​រូបគេ​ជួយ​លាក់​ដាវ​ឱ្យគេ​នោះ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រងចាំ​ការចាត់ការ​ទៅតាម​នីតិវិធី៕
 

adverise with khmeread

មតិយោបល់