Mario Balotelli បានបង្ហាញគោលបំណងឌឺដងបញ្ឈឺទៅលើប្រិយមិត្តរបស់អតីតក្រុមចាស់ហង្សក្រហម Liverpool របស់ខ្លួន ដោយអះអាងថា ក្រុមអ្នកគាំទ្ររបស់ Nice បានបង្កើតបរិយាកាសល្អប្រសើរជាងពួកគេ។
តារាបាល់ទាត់សញ្ជាតិអ៊ីតាលីរូបនេះ បានចាកចេញពីទឹកដី Anfield ក្នុងទីផ្សាររដូវក្តៅដើមរដូវកាលនេះទៅកាន់ក្លឹបបារាំង Nice ដែលបច្ចុប្បន្នមានបីពិន្ទុដាច់គេលើកំពូលតារាងលីកកំពូលបារាំង Ligue 1។
Balotelli បានក្លាយទៅជាតួអង្គសំខាន់មួយក្នុងភាពជោគជ័យគួរឱ្យកត់សម្គាល់របស់ Nice នាដើមរដូវកាលនេះ ជាមួយនឹងគ្រាប់បាល់ចំនួនប្រាំពីរគ្រាប់ បានមកពីការបង្ហាញខ្លួនចំនួនប្រាំបួនលើករបស់គាត់។
ដោយផ្ទុយទៅវិញ តារាបាល់ទាត់វ័យ ២៦ឆ្នាំរូបនេះ អាចស្វែងរកគ្រាប់បាល់បានត្រឹមតែមួយគ្រាប់ប៉ុណ្ណោះក្នុងលីកកំពូលអង់គ្លេស Premier League ពេញមួយរដូវកាលរបស់ខ្លួនជាមួយនឹង Liverpool ។
ទោះបីជាទទួលបានកេរ្តិ៍ឈ្មោះអសោចស្ទើរពេញមួយអាជីពរបស់គាត់សម្រាប់បញ្ហាដ៏ស្មុ័គ្រស្មាញរបស់ខ្លួន Balotelli ទីបំផុតហាក់ដូចជាអាចដោះស្រាយរឿងទាំងនោះបានឡើងវិញនៅឯ Nice ហើយគាត់ក៏កំពុងនឹងទទួលបានភាពកក់ក្តៅពីហ្វូងអ្នកគាំទ្ររបស់ក្លឹបមួយនេះផងដែរ។
Balotelli បានបញ្ជាក់ទៅកាន់វេបសាយ Telefoot ថា "និយាយដោយស្មោះ ក្នុងចំណោមក្លឹបទាំងអស់ដែលខ្ញុំធ្លាប់លេងឱ្យ អ្នកគាំទ្រទាំងនេះ (Nice) បានបង្កើតបរិយាកាសដ៏ល្អបំផុតដែលខ្ញុំធ្លាប់បានឃើញ។ វាគឺជារឿងដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយពេលដែលមនុស្សចូលចិត្តខ្ញុំ"៕
