adverise with khmeread Untitled 1

អ្នកជំនាញ​ភាសា​កាយវិការ បកស្រាយ​ការពិត​នៃ​សកម្មភាព​កាយវិការ​របស់​ត្រាំ និង​អូ​បា​ម៉ា​

    ​លោក​ប្រធានាធិបតី បា​រ៉ា​ក់​អូ​បា​ម៉ា និង​លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ បានបង្ហាញ​ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ហើយ​បាន​សន្យាថា នឹង​ធ្វើការ​ជាមួយគ្នា​នៅក្នុង​កិច្ចប្រជុំ​ដែល​បង្ហាញ​ពី​មិត្តភាព​នៅ​សេត​វិមាន​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​។​

​    ​លោក​ត្រាំ​បាន​និយាយថា គាត់​ពេញ​ចិត្តនឹង​ធ្វើការ​ជាមួយ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​នៅ​ថ្ងៃ​អនាគត ខណៈ​លោក​អូ​បា​ម៉ា​បាន​អះអាងថា គាត់​ពិតជា​ទទួល​ការលើកទឹកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​ចំណាប់អារម្មណ៍​ពី​សំណាក់​លោក​ប្រធានាធិបតី​ជាប់ឆ្នោត​ដើម្បី​ធ្វើការ​ជាមួយ​ក្រុម​របស់លោក (​អូ​បា​ម៉ា​)​។​

​    ​ប៉ុន្តែ​បើ​មើល​ឱ្យ​មែនទែន ការជួបគ្នា​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា មាន​ភាព​តានតឹង ហើយ​អ្នកជំនាញ​ភាសា​កាយវិការ​គឺ​អ្នកស្រី Patti Wood បាន​វិភាគ​ការជួបគ្នា​ជា​លើកដំបូង​រវាង​បុរស​ដ៏​មាន​ឥទ្ធិពល​នៅ​អាមេរិក និង​បុរស​ដែល​ត្រូវបាន​ជ្រើសរើស​បន្ត​តំណែង​របស់លោក​។​

​    ​អ្នកស្រី Wood បាន​ប្រាប់ Dailymail.com ថា "​លោក​អូ​បា​ម៉ា​ពិតជា​អស់កម្លាំង សុខចិត្ត​ចុះចាញ់ និង​អស់សង្ឃឹម ខណៈ​លោក​ត្រាំ មិន​ប្រាកដប្រជា ខំ​ធ្វើ​មុខមាំ និង ពោរពេញ​ដោយ​ការភ័យខ្លាច​"​។​

​    ​អ្នកស្រី​បាន​ពន្យល់​ទៀតថា ប្រសិនបើ​អ្នកមើល​ទីតាំង​អង្គុយ ជើង​របស់​អ្នក​ទាំងពីរ​មើលទៅ​បង្ហាញថា "​ខ្ញុំ​ជា​បុរស​"​។ ប៉ុន្តែ គាត់​បាន​បន្ថែមថា ជើង​លោក​អូ​បា​ម៉ា​ហាក់​កន្ធែក​ធំ​ជាង ដែល​នេះ​បង្ហាញ​ពី​កម្លាំង និង​លាតត្រដាង​ថា គាត់​ចង់​និយាយថា "​ខ្ញុំ​នៅតែ​ស្ថិត​លើ​កំពូល​"​។​

​    ​ប៉ុន្តែ​ដៃ​របស់លោក​ត្រាំ ដែល​ដាក់​សំយុង​ចុះក្រោម បានធ្វើឱ្យ​អ្នកស្រី​ចាប់អារម្មណ៍​ជាងគេ​។ អ្នកស្រី​បាន​និយាយថា "​រឿង​ដែល​សំខាន់​នោះ​គឺ​ទីតាំង​ដៃ​លោក​ត្រាំ​។ ការមើលឃើញ​របស់ខ្ញុំ​នោះ​គឺថា គាត់​បានដឹង​នូវ​អ្វីដែល​គាត់​មិន​ធ្លាប់​ដឹង​ពីមុនមក ពេលមកដល់​សេត​វិមាន​។ ការបង្ហាញ​ដៃ​បែបនេះ​ចង្អុលបង្ហាញ​ពី​ភាពមិនប្រាកដប្រជា​"​។​

​    ​គាត់​បាន​បន្ថែមថា "​លោក​ត្រាំ​ក្តោប​ដៃ​របស់គាត់​ខណៈ​គាត់​ចាប់​ផ្តើមនិយាយ ដែល​នេះ​ជាការ​បង្ហាញ​មួយ​ថា គាត់​ត្រូវការ​ធ្វើឱ្យ​ខ្លួនឯង​មាន​អារម្មណ៍​កក់ក្តៅ​ដើម្បី​បំបាត់​ភ័យ​"​។​

​    ​Patti Wood ក៏បាន​សម្គាល់​កាយវិកា​រ​របស់លោក​អូ​បា​ម៉ា ពេល​ឃើញ​គាត់​ដាក់​ដៃ​លើ​ភ្លៅ​។ អ្នកស្រី​បាន​និយាយថា "​នេះ​មិនមែនជា​ប្រភេទ​អូ​បា​ម៉ា​ដែល​គេ​ធ្លាប់​ឃើញ​ទេ នេះ​បង្ហាញថា គាត់​នឿយហត់​ណាស់​"​។​

​    ​លោក​អូ​បា​ម៉ា​បាន​និយាយថា គាត់​ពិតជា​ទទួល​ការជំរុញ​ទឹកចិត្ត​យ៉ាងខ្លាំង​ចំពោះ​ការ​ចំណាប់អារម្មណ៍​ពី​សំណាក់​លោក​ត្រាំ ប៉ុន្តែ​អ្នកស្រី Wood មិន​ជឿជាក់​សម្តី​នេះ​ទេ ដោយ​និយាយថា "​គាត់​និយាយថា គាត់​ត្រូវបាន​ជំរុញ​ទឹកចិត្ត​។ ខណៈ​គាត់​និយាយ គាត់​បិទ​ភ្នែក​។ រឿងនេះ​ប្រាប់​ខ្ញុំ​ថា គាត់​មិនមាន​អារម្មណ៍​ជំរុញ​ទឹកចិត្ត​សោះឡើយ​"​។​

​    ​យ៉ាងណាក្តី អ្នកស្រី​គិតថា លោក​អូ​បា​ម៉ា​ជឿថា ពួកគេ​ត្រូវតែ​ធ្វើការ​ជាមួយគ្នា​ដើម្បី​ប្រឈមមុខ​បញ្ហា ហើយ​ត្រាំ​ពិតជា​និយាយ​មែន និង​ស្មោះត្រង់​ចំពោះ​សម្តី​ដែល​គាត់​បាន​និយាយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់