Unnamed %284%29

ក្រុម​ជម្រើសជាតិ​កម្ពុជា​ចេញទៅ​កម្តៅ​សាច់ដុំ​ជាមួយ​ជម្រើសជាតិ​សឹង្ហ​បូរី​

    ភ្នំពេញ ៖ មុនពេល​ទៅ​មី​យ៉ាន់​ម៉ា​ប្រកួត AFF Suzuki Cup​ក្រោម​ការដឹកនាំ​របស់​គ្រូ​បង្គោល លោក Lee Tae Hoon ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​លុប​ចោលការ ប្រកួត​ក្នុងស្រុក​ជាមួយ African All Stars កាលពី​ម្សិលមិញ។​

    បន្ទាប់មក​បានចេញ​ដំណើ​រ​កាលពី​ព្រឹក​មិញ ទៅ​ប្រកួត មិត្តភាព​កម្តៅ​សាច់ដុំ​អន្តរជាតិ​មួយ​ប្រកួត​ទៀត​ជាមួយ​ក្រុម​ជម្រើសជាតិ​សឹង្ហ​បុរី​ឈុត​U22 នា​ថ្ងៃទី​១៣ វិច្ឆិកា មុន ពេលចេញ​ដំណើរ​បន្តទៅ​កាន់​ប្រទេស​មី​យ៉ាន់​ម៉ា ដែលជា​កន្លែង​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​B នៃ​ព្រឹត្តិការណ៍ កីឡាបាល់ទាត់​ថ្នាក់​តំបន់ AFF Suzuki Cup ដែល​នឹងត្រូវ​ដំណើរការ​ពីថ្ងៃ​ទី​១៩​វិច្ឆិកា តទៅ​ដល់​ថ្ងៃទី​១៧ ខែធ្នូ ខាងមុខ​។​

    លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានឱ្យដឹងថា ដោយសារ​ពេលវេលា​មិន​អំណោយផល ទើប​គម្រោង​ប្រកួត​របស់​ជម្រើសជាតិ​កម្ពុ​ជា​ជាមួយ African All Stars ត្រូវបាន​លុបចោល​។ ប៉ុន្តែ​សមាសភាព​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែលមាន​ចំនួន​២៣​រូប​នឹងត្រូវ​ចេញដំណើរ​ពី​មាតុភូមិ​របស់ខ្លួន​ទៅកាន់ ប្រទេស​សឹង្ហ​បុរី ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ដ៏​សំខាន់​មួយ ដើម្បី​ត្រៀម​ការប្រកួត​ផ្លូវការ​នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup ដែល​ពូ​ល​B​នេះ មាន​៤​ក្រុម រួមមាន​៖ ក្រុម​ម្ចាស់ផ្ទះ ជម្រើសជាតិ​មី​យ៉ាន់​ម៉ា​, កម្ពុជា​, វៀតណាម និង ម៉ាឡេស៊ី ខណៈ​ពូ​ល​A មាន​៤​ក្រុម​ដែរ គឺ​ម្ចាស់ផ្ទះ​ហ្វីលីពីន​, ថៃ​, សិង្ហ​បុរី និង​ឥណ្ឌូណេស៊ី​។​

    គោលដៅ​នៃ​ជំនួប​មិត្តភាព​ជាច្រើន​ប្រកួត​បែបនេះ គឺ​ដើម្បី​បង្កើន​កម្រិត​បច្ចេកទេស​របស់​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​អាស៊ាន AFF Suzuki Cup នៅក្នុង​ពូ​ល​B បន្ទាប់ពី​បាន​យក ឈ្នះ​នៅ​វគ្គ​ជម្រុះ​បឋម កាលពីពេល​កន្លងមក​ថ្មីៗ​នេះ ដោយ​៣​ប្រកួត​ឈ្នះ​ទាំង​៣​ប្រកួត ជាមួយ​ឡាវ ទី​ម័​រ​ខាង កើត និង​ប្រ៊ុយណេ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​។​

    សូមបញ្ជាក់ថា ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ​, ក្រុម​ជម្រើសជាតិ​កម្ពុជា​បានធ្វើឱ្យ​ប្រិយមិត្ត​អ្នកគាំទ្រ របស់ខ្លួន​រាប់ម៉ឺន​នាក់​បានផ្តល់​ការគាំទ្រ​យ៉ាងខ្លាំង មិន​ធ្លាប់មាន បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​មួយ​នេះ​បាន​កសាង ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup ជុំ​ទី​២ វគ្គ​ចែក​ពូ​ល ក្នុង​តំបន់​អាស៊ី។​

    ជាក់ស្តែង កាលពី​វគ្គ​ជម្រុះ​បឋម AFF Suzuki Cup កន្លងទៅ​ថ្មីៗ​នេះ ក្រុម​ជម្រើសជាតិ កម្ពុជា​បាន​យកឈ្នះ​៣​ប្រកួត​ជាប់ៗ​គ្នា ដោយ​ទាក់ទាញ​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​លើសលុបផងដែរ​៕​

មតិយោបល់