adverise with khmeread Untitled 1

ម្ចាស់​ហាង​ម្នាក់នេះ​ទទួល​សំបកខ្យង​ពី​ក្មេង​ម្នាក់​ជំនួស​ឱ្យ​លុយ​ទិញ​តុក្កតា​! បុគ្គលិក​គិតថា​ម្ចាស់ខ្លួន​ឆ្កួត​លែង​ស្គាល់​លុយ តែ​ម្ចាស់​ហាង​បកស្រាយ​មួយ​ម៉ាត់​នេះ បុគ្គលិក​ភ្លឺភ្នែក​

​    ​នៅ​ថ្ងៃមួយ ក្មេងប្រុស​អាយុ ៦ ឆ្នាំ​ម្នា​ក់បាន​ដើរ​នៅ​ផ្សារ​ជាមួយ​ប្អូនស្រី ប៉ុន្តែ​រំពេច​នោះ​រូបគេ​ក៏​ឃើញ​ប្អូនស្រី​ឈប់​ទ្រឹង​នៅ​ពីក្រោយ​ខ្លួន​។ ប្អូនស្រី​រូបនោះ​កំពុង​ជក់ចិត្ត​ឈរ​នៅ​ពីមុខ​ហាង​លក់​របរ​ក្មេង​លេង ហើយ​នាង​សម្លឹងមើល​របស់​មួយ ហាក់ដូចជា​ចង់បាន​វា​យ៉ាងខ្លាំង​។​

​    ​ដោយ​ឃើញបែបនេះ បងប្រុស​ម្នាក់នេះ​ក៏បាន​សួរថា "​អូន​ឯង​ចង់បាន​អី​មែន​ទេ​?"​។ ប្អូនស្រី​ក៏បាន​ចង្អុល​ទៅកាន់​តុក្កតា​ដែល​ព្យួរ​នៅក្នុង​ហាង​។ ក្នុងនាម​ជា​បងប្រុស​ធំ​ដឹងក្តី​ម្នាក់​ជាមួយ​ទំនួល​ខុសត្រូវ​លើ​ប្អូនស្រី​ខ្លួនឯង ក្មេងប្រុស​អាយុ ៦ ឆ្នាំ​នោះ​ក៏​ដឹក​ដៃ​ប្អូន​ចូល​ហាង​។​

​    ​ម្ចាស់​ហាង ដែល​សម្លឹងមើល​អ្នក​ទាំ​ង​ពីរ​តាំងពី​ក្រៅ​ហាង មានការ​ភ្ញាក់ផ្អើល​ជាមួយ​អត្តចរិត​ដូច​មនុស្ស​ធំ​របស់​បងប្រុស​។ បងប្រុស​ម្នាក់នេះ​បាន​យក​តុក្កតា​ដែល​ប្អូន​ខ្លួន​ចង់បាន ហើយ​សួរ​ម្ចាស់​ហាង​ថា "​តើ​តុក្កតា​នេះ​ថ្លៃ​ប៉ុន្មាន​ដែរ លោកតា​?"​។​

​    ​ម្ចាស់​ហាង​គឺជា​បុរស​ចំណាស់​ដែល​ពោរពេញ​ដោយ​ព្រហ្ម​វិហារធម៌ បាន​សួរ​ក្មេងប្រុស​ម្នាក់នេះ​វិញ​ថា "​តើ​ចៅ​អាចឱ្យ​អ្វី​តបស្នង​មក​តា​វិញ​?"​។​

​    ​ក្មេងប្រុស​រូបនេះ​ក៏​ដក​សំបកខ្យង​ដែល​ខ្លួន​មាននៅ​ក្នុង​ហោប៉ៅ​ទាំងអស់ ហើយ​ដាក់​នៅ​កន្លែង​គិតលុយ​។ រំពេច​នោះ ម្ចាស់​ហាង​បាន​យក​សំបកខ្យង​ទាំងអស់ ហើយ​ចាប់ផ្តើម​រាប់​ហាក់បី​វា​ដូចជា​លុយ​អ៊ីចឹង​។​

​    ​នៅពេលនោះ ក្មេងប្រុស​នេះ​បាន​សួរ​ម្ចាស់​ហាង​ទាំង​បារម្ភ​ថា "​តើ​វា​មិន​គ្រប់គ្រាន់​ឬ​នៅ​លោកតា​?" ម្ចាស់​ហាង​ក៏​តប​វិញ​ថា "​អត់​ទេ អត់​ទេ​! សំបកខ្យង​ទាំងនេះ​មានតម្លៃ​ថ្លៃ​ជាង​តុក្កតា​នេះ​ទៀត ដូច្នេះ​តា​នឹង​ជូន​ចៅ​វិញ​នូវ​សំបក​ដែល​សល់​"​។​

​    ​ម្ចាស់​ហាង​បាន​ទុក​សំបកខ្យង​តែ ៤ ប៉ុណ្ណោះ ហើយ​គាត់​ប្រគល់​សំបក​ដែល​នៅសល់​ទៅឱ្យ​ក្មេងប្រុស​វិញ​។ ក្មេងប្រុស​ម្នាក់នេះ​បាន​រក្សា​សំបកខ្យង​របស់ខ្លួន​វិញ​ទាំង​រីករាយ ហើយ​បាន​ដើរ​ចេញពី​ហាង​ជាមួយ​ប្អូនស្រី​ខ្លួន​។​

​    ​ដោយ​ឃើញបែបនេះ ជំនួយការ​ម្ចាស់​ហាង​ភ្ញាក់ផ្អើល​ជាខ្លាំង ហើយ​បាន​សួរ​មេ​ខ្លួន​ថា "​អ៊ុំ​ហា៎​! ហេតុ​អី​អ៊ុំ​លក់​តុក្កតា​ដ៏​ថ្លៃ ដើម្បី​តែ​សំបកខ្យង​តែ ៤ អ៊ីចឹង​?"​។ នៅពេលនោះ ម្ចាស់​ហាង​បាន​ឆ្លើយតប​ជាមួយ​ស្នាមញញឹម​យ៉ាង​ដូច្នេះ​ថា "​ពិតណាស់ សម្រាប់​ពួកយើង ទាំងនេះ​គឺ​គ្រាន់តែ​ជា​សំបកខ្យង​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ក្មេងប្រុស​ម្នាក់​នោះ​វិញ វា​គឺជា​សំបកខ្យង​ដ៏​មានតម្លៃ​បំផុត​។ នៅពេល​ក្មេងប្រុស​ម្នាក់នេះ​ធំ​ដឹងក្តី រូបគេ​នឹង​ចងចាំ​ថា ខ្លួន​បាន​ទិញ​តុក្កតា​ជាមួយ​សំបកខ្យង ប៉ុន្តែ​មិនមែន​លុយ​នោះទេ​។ នៅពេលនោះ​រូបគេ​នឹង​ចងចាំ​ខ្ញុំ ហើយ​ដឹងថា ពិភពលោក​នេះ​គឺ​ពោរពេញ​ទៅដោយ​មនុស្ស​ល្អ​។ នៅពេល​រូបគេ​ធំ​ឡើង រូបគេ​នឹង​ទទួលបាន​ការជំរុញ​ទឹកចិត្ត​ឱ្យធ្វើ​តែ​អំពើ​ល្អ និង​ជាម​នុស្ស​ល្អ​ក្នុងសង្គម​។​

​    ​*** អំពើ​ល្អ​របស់​អ្នកនឹង​សាយភាយ​ជុំវិញ​ពិភពលោក​។ ប្រសិនបើ​អ្នកប្រព្រឹត្ត​ល្អ អំពើ​ល្អ​នឹង​សាយភាយ​គ្រប់កន្លែង​។ ប្រសិនបើ​អ្នកធ្វើ​អំពើអាក្រក់ ភាពអវិជ្ជមាន​នឹង​រីក​រាលដាល​ទៅគ្រប់​កន្លែង​ដូចគ្នា​។ ដូច្នេះ តើ​លោក​អ្នកមាន​គម្រោង​ផ្តល់​អ្វីខ្លះ​ដល់​អ្នក​ដែល​ក្រខ្សត់​ជាង​ខ្លួន​ថ្ងៃនេះ​?៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់