adverise with khmeread Untitled 1

ឃាត់ខ្លួន​ជនជាតិ​យួន​សកម្ម​ខាង​លួច​ទ្រព្យសម្បត្តិ​ភ្ញៀវ​បរទេស​នៅសៀមរាប

    សៀមរាប ​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​ស្វាយដង្គុំ បាន ចុះ​ធ្វើការ​ស្រាវជ្រាវ ដោយ​ប្រើប្រាស់​វិធាន​ជំនាញ​ពិនិត្យ​ជនសង្ស័យ​លួច​របស់របរ​ភ្ញៀវ​បរទេស ដែលជា​មុខសញ្ញា​ចាស់ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន បាន​ជនសង្ស័យ​ជនជាតិ​យួន​ម្នាក់ ខណៈ​រូបគេ​កំពុង​ចូលទៅក្នុង​ហាង​វេរ​លុយ នៅ​ម្តុំ​ផ្សា​រញ៉ែ​ក្នុងភូមិ​តាភុល សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​២​យប់​ឈានចូល​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៦ កន្លងទៅ ហើយ​ប​ញ្ជូ​ទៅ​តុលាការ​នៅថ្ងៃនេះ។​

    លោក​វរសេនីយ៍ត្រី នល់ រ៉ុង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ បានឱ្យដឹងថា បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ដែលជា​ភ្ញៀវ​ទេសចរណ៍​បរទេស​រួច​មក កម្លាំង​ប៉ូលិស​ជំនាញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ស្វាយដង្គុំ ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ សកម្ម​ខាង​លួច ដែលជា​មុខសញ្ញា​ចាស់ ធ្លាប់ធ្វើ​សកម្មភាព​លួច​របស់របរ ភ្ញៀវ​ជាច្រើនលើក ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្វាយដង្គុំ រហូត​តាមដាន​ឃើញ​នៅ​ចំណុច​ម្តុំ​ផ្សា​រញ៉ែ ខណៈ​ជនសង្ស័យ​កំពុង វេរ លុយ រួច​ធ្វើការ​ឃាត់ខ្លួន​បញ្ជូនមក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​ធ្វើការ​សាកសួរ​។​

    លោក​នាយរង​បាន​បន្តថា ជនសង្ស័យ​មានឈ្មោះ ង្វៀង ធី តែ​វ ភេទ​ប្រុស អាយុ២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភ្នំពេញ ចូលមក​ស្នាក់​នៅក្នុង​ក្រុង​សៀមរាប មិន​ពិតប្រាកដ​។​

    ជនសង្ស័យ​នៅ​ចំពោះមុខ​សមត្ថកិច្ច​រូបគេ បាន​សារភាពថា កាលពី​ថ្ងៃទី​១០ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២​យប់​រូបគេ​បានធ្វើ​សកម្មភាព​ឡើង របង​សណ្ឋាគារ STRYSOR ANGKOR VILLA ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ហើយ​បាន​រុញ​ទ្វារ​បន្ទប់​ជនរងគ្រោះ​ឃើញ​ពួកគេ​ដេកលក់​ក្នុង​បន្ទប់​តែ ០២ ​នាក់ ក៏​លូក​យក​ទូរស័ព្ទដៃ​ម៉ាក អាយ ហ្វូ​ន ចំនួន​២​គ្រឿង​, កូន​កាបូបដាក់​លុយ​ចំនួន​២ និង​កាបូបស្ពាយ​ចំនួន​១ ដែល​ទុក​នៅ​ខាងជើង​គ្រែ​។ ​ហើយ​នៅក្នុង​កាបូប​ដាក់​លុយ​នោះ​មាន ប្រាក់ ម៉ាឡេស៊ី មួយចំនួន​, ប្រាក់​ដុល្លា​ចំនួន​២០០​ដុ​លា្ល​, និង​កាត​ធនាគារ ATM មួយចំនួន និង​មាន​លិខិតឆ្លងដែន ចំនួន ២​សន្លឹក​ផងដែរ​។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។ ចំណែក វត្ថុតាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ សមត្ថកិច្ច​បានប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។​

    លោក​វរសេនីយ៍ឯក ភឹង ចិន្តា រ៉េត ស្នងការរង ជា​ប្រធានការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ និង​លោក​វរសេនីយ៍ទោ ដួង សុខា ប្រធានការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្ត បាន​សំណូមពរ ទៅដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ​ទាំងអស់​ឱ្យ​បាន​ជ្រាបថា បើ​បានឃើញ​ចោរលួច ឬ​ឆក់ ភ្លាមៗ​នោះ សូមមេត្តា​ផ្តល់ដំណឹង មក​ខាង​សមត្ថកិច្ច​ឱ្យបាន​ឆាប់ កុំឱ្យ​ជនល្មើស​រួចខ្លួន​ឱ្យសោះ ហើយ​កុំឱ្យ​ខ្លាច​ពួកគេ​អី ព្រោះ​មាន​សមត្ថកិច្ច​ជា​អ្នក​ជួយ​ស្រាប់ ជាក់ស្តែង ដូច​ករណី​ខាងលើនេះ​ស្រាប់​៕

adverise with khmeread

មតិយោបល់