adverise with khmeread 2

កម្មករកូដកម្មនៅរោងចក្រវីបូបេស្តប្រដាក់សិនបានបញ្ចប់

    ភ្នំពេញ ៖ កម្មករ​ធ្វើ​កូដកម្ម​នៅ​រោងចក្រ​កាត់ដេរ​វី​បូ​បេ​ស្ត​ប្រដា​ក់សិន ប្រមាណ​ជាង​១៤០០​នាក់​បានប្រកាស​ឈប់​ធ្វើ​កូដកម្ម​បន្ទាប់ពី​មានការ​ជួបប្រជុំ​ចរចា​គ្នា​កាលពី​វេលា​ម៉ោង​១១ ថ្ងៃត្រង់​ថ្ងៃទី​១៥​មករា​នេះ ក្រោយពេល​លោកពូ ដាវី មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​មុខ​ធ្វើការ​សម្របសម្រួល​ជាមួយ​លោក​ថៅកែ​ជនជាតិ​ទួ​គី តំណាង​កម្មករ​និង​សហជីព​។​

     កូដកម្ម​នេះ​បាន​ផ្ទុះឡើង​មុខ​រោងចក្រ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ តំបន់​សេដ្ឋកិច្ច​ពិសេស​កំបូល​ស្ថិត​ក្នុងភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​តាម​ទារ​លក្ខខណ្ឌ​២​ចំណុច ដែល​កូដ​កម្មនេះ​បាន​ផ្ទុះឡើង​តាំងពី​ថ្ងៃទី​១១​មករា​មកម្ល៉េះ​។​

    លោក​ឃិន ណាំ​ហោ ប្រធាន​សហព័ន្ធ​សហជីព​សម្លេង​កម្មករ​កម្ពុជា បាន​ឲ្យ​ដឹងថា កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៥ ខាង​ភាគី​ថៅកែ​រោងចក្រ​បាន​បង្ខំ​កម្មករ​ឲ្យ​លាឈប់​ពី​ការងារ​ដើម្បី​គេចវេស​ពី​កាតព្វកិច្ច​សង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ដល់ក​ម្មករ ។​

    បន្ទាប់ពី​កម្មករ​ធ្វើការ​នៅ​ជាន់​ទី​២​ជាង​៣០០​នាក់​ដាក់​ពាក្យសុំ​ឈប់ លោក​ថៅកែ​សន្យាថា​បើកប្រាក់​ឲ្យ​នៅ​ថ្ងៃទី​៩​មករា​ឆ្នាំ​២០១៦​។ ប៉ុន្តែ​ដល់​ថ្ងៃ​បើក​លុយ​ស្រាប់តែ​ថៅកែ​អត់​មាន​លុយ​បើក​ឲ្យ ទើប​កម្មករ​នាំគ្នា​ផ្ទុះ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃទី​១១​មករា​នេះ​ដើម្បី​ទាមទារ​លក្ខខណ្ឌ​២​ចំណុច​។​

    លោក​ឃិន ណាំ​ហោ​បន្តថា នា​ព្រឹក​ថ្ងៃទី​១១​មករា​នេះ តំណាង​កម្មករ​បាន​ពឹងពាក់​សហជីព​របស់លោក​ឲ្យ​ធ្វើជា​តំណាង​ដើម្បី​តវ៉ា​ជាមួយ​លោក​ថៅកែ​ជនជាតិ​
​ទួ​គី ។ ចំណុច​ទី​១-​សុំ​ឲ្យ​ក្រុមហ៊ុន​បញ្ជាក់​ច្បាស់​ថា​តើ​ក្រុមហ៊ុន​ដំណើរការ​បន្ត​ឬ​បិទទ្វារ​? បើ​បិទទ្វារ​ក្រុមហ៊ុន​ត្រូវ​ទូទាត់​ប្រាក់​តាមច្បាប់​ការងារ​ជូន​កម្មករ​និង​ចំណុច​ទី​២-​ក្រុមហ៊ុន​ត្រូវ​សង​ប្រាក់​រំលឹក ប្រាក់​អត្ថប្រយោជន៍​ដែល​ក្រុមហ៊ុន​មិនបាន​ផ្តល់ជូន​កម្មករ​កន្លងមក ឲ្យ​កម្មករ​វិញ​។​

    បន្ទាប់មក​តំណាង​ក្រសួង​ការងារ​លោក​បូរ៉ា បាន​ប្រជុំ​ជាមួយ​តំណាង​កម្មករ​និង​សហជីព ។​ប៉ុន្តែ​ត្រូវបាន​លោក​បូរ៉ា​និយាយថា មកពី​មាន​សហជីព​លោក​ទើប​លោក​ថៅកែ​មិន​បានមក​ចូលរួម​ដោះស្រាយ​។​ពេលនោះ​លោក​និង​តំណាង​សហជីព​សុខចិត្ត​ដើរចេញ ដើម្បី​ឲ្យ​លោក​ថៅកែ​មក​ប្រជុំ​ដោះស្រាយ ប៉ុន្តែ​ត្រូវបាន​កម្មករ​ទាំងអស់​ស្នើសុំ​ឲ្យ​សហជីព​របស់លោក​ជា​តំណាង​ហើយ​នៅពេលដែល​លោក​ដើរចេញ​កម្មករ​ទាំងអស់​ក៏​ដើរចេញ​ដែរ ។​ដូចនេះ​ដំណោះស្រាយ​នៅជាប់​គាំង ។​

    បន្ទាប់ពី​គ្មាន​ដំណោះស្រាយ​កម្មករ កម្មការិនី​បាន​បិទផ្លូវ​ចេញចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៤​មករា​ហើយ​គេ​ឃើញ​លោក​ថៅកែ​ជនជាតិ​ទួ​គី​ចេញ​មកជួប​កម្មករ ប៉ុន្តែ​នៅតែ​ពុំមាន​ដំណោះស្រាយ​ដដែល ។​

     កូដកម្ម​បាន​បន្ត​ច្រើន​ថ្ងៃ​ឈានដល់​បិទ​ច្រកចូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ទៀតផង រហូតដល់​ម៉ោង​១១​ថ្ងៃទី​១៥​មករា​នេះ លោកពូ​ដាវី មេបញ្ជាការរង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បានចេញ​មុខ​ធ្វើការ​សម្របសម្រួល​ជាមួយ​លោក​ថៅកែ​ជនជាតិ​ទួ​គី តំណាង​កម្មករ​និង​សហជីព​។​

    ជា​លទ្ធផល​គឺ​លោក​ថៅកែ​បាន​បង្ហាញថា លោក​ពិត​ជាមាន​គម្រោង​ផ្ទេរ​ឲ្យ​ថៅកែ​ថ្មី​មែន ។​បន្ទាប់ពី​ចរចា​លោក​ថៅកែ​យល់ព្រម​តាម​សំណើ​២​ចំណុច​របស់​កម្មករ ដោយ  ព្រម​បើកប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជូន​កម្មករ ហើយ​ផ្ទេរ​កម្មករ​ទាំងអស់​ឲ្យ​ទៅ​លោក​ថៅកែ​ថ្មី​មិន​ឲ្យ​បាត់បង់​ការងារ​ឡើយ​។​ដំំ​ឹ​ង​នេះ​បានធ្វើ​ឲ្យ​កម្មករ​សប្បាយរីករាយ​យ៉ាងខ្លាំង ។​

   ទោះបីយ៉ាងណា​នៅ​ថ្ងៃទី​១៦​មករា ក្រុមការងារ​នឹង​បន្ត​ប្រជុំ​ចរចា​លម្អិត​បន្ថែមទៀត រហូតដល់​បើក​លុយ​ជូន​កម្មករ​ទាំងអស់ ៕​

adverise with khmeread

មតិយោបល់