adverise with khmeread 1

កីឡាករ​អុំទូក​ដែល​បាត់​ខ្លួន​នៅមុខ​ព្រះបរមរាជវាំង​ប្រទះឃើញ​សព​នៅ​ខេត្តកណ្តាល​

    កណ្តាល ៖ កីឡាករ​អុំទូក​២​នាក់​ដែល​លិច​ទូក​នៅ​ទន្លេ​មុខ​ព្រះបរមរាជវាំង​កាលពី​ថ្ងៃទី​១១ វិច្ឆិកា​២០១៦ នោះ​ត្រូវបាន​គេ​ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក​នៅវេលា​ម៉ោង​៧ ​និង​៤៥​នាទី ព្រឹក​ថ្ងៃទី​១៣ ​វិច្ឆិកា ​ឆ្នាំ​២០១៦​ នៅ​ចំណុច កំពង់ទឹក​ទន្លេ​វត្ត​ចាស់ ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ខេត្ដ​កណ្ដាល​ និង​សព​ម្នាក់ទៀត​នៅ​ចំណុច​កំពុងដរ​កំពង់​ព្រីង ភូមិ​កំពង់​ព្រីង ឃុំ​ស​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ សុខ ចាន់​ចេស្ដា ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស​ទីលំនៅ ភូមិ​ព្រែក​ថ្មី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ អណ្តែត​នៅ​កំពង់ទឹក​ទន្លេ​វត្ត​ចាស់ ភូមិ​កោះ​រះ​ក្រោម​។​

    ចំណែក​ឈ្មោះ ​ឈឺ​ន ខុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​ភូមិ​ជាមួយគ្នា ឃើញ​អណ្តែត​នៅ​កំពុងដរ​កំពង់​ព្រីង ភូមិ​កំពង់​ព្រីង ឃុំ​ស​ត្បូ ស្រុក​ស្អាង ខេត្តកណ្តាល។​

    ប៉ូលិស​បន្តថា ដំបូង​អ្នកនេសាទ​ត្រី​បាន​ប្រទះឃើញ​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​កំពង់ទឹក​វត្ត​ចាស់ ភូមិ​កោះ​រះ​ក្រោម ឃុំ​កោះ​រះ ស្រុក​ល្វាឯម ក៏បាន​បាន​រាយការណ៍​មក​សមត្ថកិច្ច កម្លាំង​ជំនាញ សហ​ការណ៍​ជាមួយ កម្លាំង​ប៉ុស្តិ​កោះ​រះ អជ្ញាធរ ភូមិ ឃុំ និង​ពេទ្យ​ឃុំ បាន​ចុះទៅពិនិត្យ​សាកសព គឺជា​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​គ្រោះថ្នាក់​លិច​ទូក​នៅ​ចំណុច​ទឹកទន្លេ​មុខ​ព្រះបរមរាជវាំង​កាលពី​ថ្ងៃទី​១១ ​វិច្ឆិកា​ ២០១៦។​

    ក្រោយពេល​ពិនិត្យ​រួច​បានប្រគល់​សាកសព​ជូន ឪពុក​ប​ង្កើត​ឈ្មោះ ស៊ឹ​ម ភ័ស្ស ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

    ចំណែក​សព​ឈ្មោះ ​ឈឺ​ន ខុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បន្ទាប់ពី​ធ្វើ​កោសល្យ​ពិច្ឆ័យ​រួច​បាន​ប្រគល់ឱ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី។​

    គួរ​រំ​លឺ​កថា កប៉ាល់​ក្រុមហ៊ុន​ទេសចរណ៍​វៀតណាម ​(APT)​ បាន​បើក​បុក​ទូក ង​ឈ្មោះ ​"​រស្មី​ស្រី​ស្រស់​ដា​ញ់​ទិព្វ​សែន​ជ័យ​"​ ទាំង​កម្រោល​បណ្ដាលឱ្យ​លិច​កណ្ដាលទន្លេ​ទាំង​ព្រឹក បណ្ដាលឱ្យ​កីឡាករ​២​នាក់​ក្នុងចំណោម​គ្នា​៩​នាក់ បាន​ធ្លាក់ទឹក​លិច​បាត់​។​

    គ្រោះថ្នាក់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ទន្លេ​បួន​មុខ ស្ថិតនៅ​ខាងមុខ​ព្រះបរមរាជវាំង រាជធានី​ភ្នំពេញ។​

    លោក​ អ៊ូច សយ អាយុ​៥៦​ឆ្នាំ ជា​អ្នក​កាន់​កន្សៃទូក បានឱ្យដឹងថា ទូក​របស់គាត់​ដែល​ដឹកនាំ​នោះ មានឈ្មោះ​ ​"​រស្មី​ស្រី​ស្រស់​ដា​ញ់​ទិព្វ​សែន​ជ័យ​" នៅ​វត្ត​អម្ព​វ័​ន្ត​ព្រែក​ថ្មី ភូមិ​-​សង្កាត់​ព្រែ​ថ្មី ខណ្ឌ​ច្បារអំពៅ មាន​ចំណុះ​កីឡា​ចំនួន​៥៧​នាក់។​

    លោក​បាន​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី​១១ ​វិច្ឆិកា​នេះ​ទូក​របស់​ពួកគាត់​បានដាក់​ម៉ា​ស៊ី​ន​សណ្ដោង​ចេញពី​វត្ត​អម្ព​វ័​ន្ត​ឆ្ពោះ​មក​ជ្រាយ​ចង្វារ​ដោយ​ជិះ​គ្នា​៩​នាក់ ដើម្បី​ប្រលងប្រណាំង​ក៏​ប៉ះ​ជាមួយ​ទូក​ចតុមុខ​វត្ត​ជ្រាយ​ចង្វារ​។ ពេលដែល​ទូក​គាត់​អូស​មកដល់​ចំណុចកណ្ដាល​ទន្លេ​បួន​មុខ​ក៏​ជួប​ហេតុការណ៍​ត្រូវ​ទូក​ទេសចរណ៍​ក្រុមហ៊ុន​វៀតណាម​បុក​បណ្ដាលឱ្យ​លិច បាត់​កីឡាករ​អុំទូក​២​នាក់​រក​មិនទាន់​ឃើញ​នៅឡើយ។​

    តាម​ការឱ្យ​ដឹង​ពី​ឈ្មោះ​ យ៉ាង វ៉ាន់ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ដែល​ជាស​ណ្តោ​ត​ទូក​និង​ជា​អ្នកបញ្ជា​ម៉ា​ស៊ី​ន​បានឱ្យដឹងថា ពួកគាត់​នាំគ្នា​ជិះ​មាន​គ្នា​ទាំងអស់​៩​នាក់ ស្រាប់តែ​ជិះ​មកដល់​កន្លែងកើតហេតុ​គាត់​បាន​បត់​ទូក​មក​ខាងឆ្វេង​ដៃ គាប់​ជួន​កប៉ាល់​ទេសចរណ៍​ក្រុមហ៊ុន​វៀតណាម​មិនបាន​បន្ថយល្បឿន​ក៏​បុក​កន្សៃទូក​ខាងក្រោយ​លិច​នាំគ្នា​ហែល​ទឹក​ទាំងអស់គ្នា។​

    ចំណែក​កីឡាករ​អុំទូក ​២ ​នាក់ ទី​១​ឈ្មោះ​ ឈឺ​ន ខុំ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ និង​ទី​២​ឈ្មោះ​ សុខ ចាន់​ចេស្តា ប្រុស អាយុ​១៦​ឆ្នាំ បាន​លង់ទឹក​រក​មិនឃើញ​ឡើយ។ ​ចំណែកឯ​ពួកគាត់​៧​នាក់​ដែរ​ចេះ​ហែល​ទឹក ត្រូវបាន​អូប័រ​របស់​កម្លាំង​អន្តរាគមន៍​ជើង​ទឹក​ចេញមក​ជួយសង្គ្រោះ​ទាន់ពេលវេលា ទើប​រក​ផុតពី​គ្រោះថ្នាក់។​

    បន្ទាប់ពី​មាន​ហេតុការណ៍​កប៉ាល់​ទេសចរណ៍​បុក​ទូក ង​បណ្ដាល​ឱ្យ​លិច​ទឹក​បាត់​មនុស្ស​២​នាក់​ហើយ​នោះ កងកម្លាំង​ជើង​ទឹក​ដែល​អន្តរាគមន៍​នៅ​បរិវេណ​ខាងមុខ​ព្រះ​បរម​រាជ្យ​វាំង បាន​ចេញទៅ​ស្រង់​ទូក​ដែល​លិច​នោះ អូស​សណ្ដោង​ពី​ត្រើយ​ខាងកើត​ឆ្ពោះទៅ​ត្រោ​យ​ខាងលិច​ស្ថិត​ក្បែរ​របង​សាលចតុមុខ ដើម្បីឱ្យ​សមត្ថកិច្ច​ជំនាញ​សួរនាំ​ពី​រឿងហេតុ។​

    សមត្ថកិច្ច​បាន​បញ្ចាក់​ថា កប៉ាល់​ទេសចរណ៍​ក្រុមហ៊ុន​វៀតណាម​ដែល​បុក​ទូកង​លិច​នោះ ក៏ត្រូវ​សមត្ថកិច្ច​បាន​តម្រូវឱ្យ​ចុះចត ដាក់​ភ្ញៀវ​នៅ​កំពង់ផែ​បណ្ដែត​ខាងមុខ​ផ្សារ​រាត្រី ដើម្បី​សមត្ថកិច្ច​ជំនាញ​សាកសួរ​ហេតុការណ៍​រឿងហេតុ​នេះ​ផងដែរ៕

adverise with khmeread

មតិយោបល់