adverise with khmeread Image11

ព្រះមហាក្សត្រ​ខ្មែរ យាង​ទត​ការប្រកួត​ប្រណាំងទូក ថ្ងៃ​ដំបូង​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ​

    ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ ន​រោ​ត្ដម​សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅវេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ដែលជា​ថ្ងៃ​ដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ដែល​ព្រះអង្គ​បាន​យាង​ទត​ការ​ប្រណាំងទូក នៅ​វេទិកា​មុខ​ព្រះបរមរាជវាំង​។​

    នៅក្នុង​ឱកាស​នេះ​ក៏មាន​វត្តមាន​អញ្ជើញ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​រដ្ឋសភា​,​ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​, ថ្នាក់ដឹកនាំ​ព្រឹទ្ធសភា​រួមទាំង​មន្ត្រី​រាជរដ្ឋាភិបាល​និង​ភ្ញៀវ​អន្តរជាតិ​ជាច្រើនរូប​ទៀត និងប្រជាពលរដ្ឋរាប់ម៉ឺននាក់​។​

    ព្រះរាជ ពិធីបុណ្យ​អុំទូក អកអំបុក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ ប្រារព្ធ​ឡើង​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី១៣ ​ដល់​១៥ ខែវិច្ឆិកា​ ឆ្នាំ​២០១៦។​

    ឆ្នាំ​២០១៦​នេះ​មាន ប្រភេទ​ទូក​អុំ ទូក​ចែវ និង​ទូក​ខ្នាត​អន្តរជាតិ សរុប ២៦០​ទូក ស្មើនឹង​១៣០​គូ​, ​ប្រភេទ​ទូក​អុំ​បុរស (​ខ្នាត​អន្តរជាតិ​) ចំនួន ៣១​ទូក ផ្នែក​អុំទូក​នារី ខ្នាត​អន្តរជាតិ​ចំនួន​០១​គូ (​ឈរជើង​) ទូក​ចែវ​បុរស​មាន ១២​គូ និង​នារី ០១​គូ​ផ្នែក​ទូក​អុំ​បុរស៨៥​គូ។​

    តំណាង​ឱ្យ​ខេត្ត​-​ក្រុង​បាន​ចាប់​ប្រកួតប្រណាំង​គ្នា​នៅ​ទន្លេចតុមុខ (​មុខ​ព្រះបរមរាជវាំង​) ពីថ្ងៃ​ទី​១៣-១៥ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៦ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុង​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​អកអំបុក​សំពះ​ព្រះ​ខែ ដែល​រាជរដ្ឋាភិបាល​ទើបតែ​អនុញ្ញាត​ឱ្យ​ធ្វើ​ឡើងវិញ។​

    ការចាប់ផ្តើម​ប្រកួត​ឡើងវិញ បន្ទាប់ពី​បាន​ផ្អាក​ពិធីបុណ្យ​អុំទូក នៅ​ឆ្នាំ​២០១១ ឆ្នាំ​២០១២ ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៥ បានធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយចំនួនធំ ហាក់​ចាប់អារម្មណ៍​ខ្លាំង​លើ​ពិធីបុណ្យ​អុំទូក​នៅ​ឆ្នាំនេះ។​

    ប្រជាជន​កម្ពុជា​នៅតែ​ពេញចិត្ត​ក្នុងការ​ចូលរួម​ពិធីបុណ្យ​អុំទូក ដែលជា​ប្រពៃណី​របស់​ខ្មែរ​តាំងពី​បុរាណកាល​មក ទោះបីជា​បាន​ផ្អាក​កន្លងមក​ក៏ដោយ។​

    យោងតាម​របាយការណ៍​របស់​គណៈកម្មការ​ប​ច្ចេកទេស​ប្រណាំងទូក លោក ប៊ូ ជុំ​សេរី បាន​ឱ្យដឹងថា ការប្រណាំង​ទូក​ទាំង ៣ ថ្ងៃនេះ គឺ​ត្រូវ​ចាប់​ប្រណាំង​ពី​ម៉ោង១១​ព្រឹក​ទៅ​ដូចគ្នា ដែល​អាច​នឹង​ចប់​នៅ​ម៉ោងជាង៥​ល្ងាច។​

    ក្នុងការ​ប្រកួត​ថ្ងៃ​ដំបូង​នេះ​មាន​ទូកង​មួយគ្រឿង​បាន​លិច​ពេល​ប្រកួត ត្រូវបាន​សមត្ថកិច្ច​ជួយសង្គ្រោះ​ទាន់ពេលវេលា មិនមាន​កីឡាករ​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ៕​

adverise with khmeread

មតិយោបល់