Ronil shah java exam

ក្មេងប្រុស​អាយុ ១០ ឆ្នាំ​ប្រឡង​មុខវិជ្ជា​សរសេរ​កូដ Java (​សម្រាប់តែ​វិស្វករ​កុំព្យូទ័រ​) បាន​ពិន្ទុ ១០០ ពេញ​ដោយ​ប្រើពេល​ត្រឹម ១៨ នាទី​

    ​គេ​ថា​សមត្ថភាព​កើតចេញពី​ការ​ខំប្រឹង ហើយ​គេ​ពង្រឹងសមត្ថភាព​ដើម្បី​ធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ជាមួយនឹង​សមិទ្ធផល​នានា ដែល​គ្មាន​នរណា​គិតដល់ ឬ​អាច​បំបែក​ឯតទគ្គ​កម្មបាន​។ នេះ​គឺជា​សាច់រឿង​របស់​ក្មេងប្រុស​ឈ្មោះ Ronil Shah សិស្សសាលា​អាយុ ១០ ឆ្នាំ​មកពី​ទីក្រុង Ahmedabad របស់​ឥណ្ឌា ដែលមាន​សមត្ថភាព​តាំងពីក្មេង​តាម​ការប្រលង Java Exam (​របស់​កុំព្យូទ័រ​) បាន​ពិន្ទុ​ពេញ ១០០%​។

​    ​Ronil Shah បានធ្វើឱ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយនឹង​ការប្រឡង​បាន​ពិន្ទុ ១០០% ពេញ ប៉ុន្តែ​អ្វីដែល​រឹតតែ​ភ្ញាក់ផ្អើល​ទៀត​នោះ គឺថា​រូបគេ​បានបញ្ចប់​កិច្ច​ការដែល​ស៊ីពេល​១៥០ នាទី​ក្នុង​រយៈពេល​តែ ១៨ នាទី​ប៉ុណ្ណោះ​។ ហើយ​អ្វីដែល​កាន់តែ​ពិសេស​លើសពីនេះ​ទៀត​នោះ លំ​ហាត់​ដែល​ក្មេងប្រុស​នេះ​ធ្វើ​គឺជា​ប្រភេទ​លំ​ហាត់​សម្រាប់តែ​និស្សិត​វិស្វកម្ម ឬ​សាស្ត្រាចារ្យ  ដែល​ត្រៀមខ្លួន​ធ្វើការ​ខាង​ផ្នែក​អភិវឌ្ឍន៍​សូវ​ហ្វែ​ប៉ុណ្ណោះ​។ ហើយ​មិនមែន​អ្នក​ដែល​បញ្ចប់​ការសិក្សា​ថ្នាក់ខ្ពស់​ទាំងនោះ​សុទ្ធតែ​អាចធ្វើ​បាន​ពិន្ទុ ១០០% ពេញ​នោះទេ​។

​    ​ការប្រឡង Java Exam ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី ១២ ខែកញ្ញា​ឆ្នាំមុន​។ ក្នុង​ពិភព IT ការប្រឡង​មួយ​នេះ​មាន​ភាពល្បីល្បាញ​ខ្លាំងណាស់ ហើយ​ការប្រឡង​នេះដែរ​ត្រូវបាន​គេ​ហៅ​ឈ្មោះ​ពេញ​ថា Java Standard Edition 6 Programmer Certified Professional​។ ការប្រឡង​នេះ​គឺជា​ការប្រឡង​លំដាប់​អន្តរជាតិ ហើយ​វា​ត្រូវបាន​រៀបចំឡើង​ដោយ​សាកលវិទ្យាល័យ Oracle University របស់​អាមេរិក​។

​    ​Ronil Shah មិន​ធ្លាប់បាន​ប្រឡង​មុខវិជ្ជា​នេះ​ម្តងណា​ឡើយ ហើយ​រូបគេ​អាចធ្វើ​វា​បាន​ពិន្ទុ​ពេញ​ក្នុង​ការប្រឡង​តែមួយ​លើក​នេះ​តែប៉ុណ្ណោះ​។ ការប្រឡង​នេះ​តម្រូវឱ្យមាន​ការយល់ដឹង​ស៊ីជម្រៅ​អំពី​ភាសា Programming, Java និង តម្រូវឱ្យមាន​វិ​ញ្ញា​ប័ណ្ណ​ប័ត្រ​ច្រើន​ទាក់ទង​នឹង Java​។ Ronil គឺជា​សិស្ស​ថ្នាក់​ទី ៥ មកពី​សាលា Euro School ក្នុង​ទីក្រុង Ahmedabad ហើយ​ឥឡូវ​រូបគេ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ថា "​ជើងឯក Java"​។

​    ​Ronil បាន​និយាយថា "​ខ្ញុំ​មានចិត្ត​ស្រឡាញ់​កុំព្យូទ័រ​ខ្លាំង​ឡើងៗ​រហូតដល់​ឈានទៅ​រៀន Animation (​រូបភាព​ចលនា​) និង Coding Programming បន្ទាប់ពី​រៀន​ចប់​ថ្នាក់​ទី ១​។ ខ្ញុំ​បាន​ចំណាយពេល​វិ​សម្ស​កាល​អនុវត្ត​ការប្រឡង JAVA standard edition 6 program​។ ខ្ញុំ​បាន​ទៅ​វិទ្យា​សា្ថ​ន​កុំព្យូទ័រ​របស់ខ្ញុំ​ដើម្បី​អនុវត្ត​នៅ​ម៉ោង ១១:៣០ ព្រឹក និង​មក​ផ្ទះ​វិញ​ម៉ោង ៦ ល្ងាច​។ នេះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ប្រឡង​តាម​អន​ឡាន​បាន​ពិន្ទុ​ពេញ ដោយ​ប្រើពេល ១៨​នាទី​"​។

​    ​ហើយ​បំណងប្រាថ្នា​របស់ Ronil គឺ​ចង់ទៅ​រៀន​ផ្នែក​រ៉ូ​បូត​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ​៕  

(​ហាម​ចម្លង​យក​អត្ថបទ​ពី​វេ​ប​សាយ​ខ្មែរ​រីដ​ដោយ​គ្មាន​ការអនុញ្ញាត​)

ប្រភព៖ ហ្វូ​សបៃ​

មតិយោបល់