15044651 1177807465639460 1025859512 o

កញ្ញា​អា​វី​ហ្សា របួសធ្ងន់ ដោយសារ​អតីត​សង្សារ ជា​ប្អូនថ្លៃ​លោក​ឧកញ៉ា​ទ្រី​ភាព វាយ​ក្នុង​ក្លឹប

    ព្រះសីហនុ ៖ តារា​សម្តែង កញ្ញា ពេជ្រ អា​វី​ហ្សា បាន​រងរបួស​ផ្ទៃមុខ​ដោយ​ដាច់រយះ​ និង​មាន​ស្លាកស្នាម​ជាំ​លើ​ដងខ្លួន​យ៉ាងធ្ងន់ធ្ងរ ដោយ​ការប្រើ​អំពើហិង្សា​ពី​សំណាក់​អតីត​សង្សារ​របស់​នាង កាលពី​យប់​ថ្ងៃទី​១៣ ​ខែវិច្ឆិកា ​នៅ​ក្លឹប​កម្សាន្ត​ស្កា​យ​នៅ​ខេត្ត​ព្រះសីហនុ​។​

    បើតាម ​កញ្ញា អា​វី​ហ្សា បានឱ្យដឹងថា ស្នាមរបួស​នេះ​បានកើត​ឡើង​ដោយ​លោក ​គៀង ហេង ដែលជា​អតីត​សង្សារ បានមក​ស្ទាក់​វាយ​នាង​បណ្តាលឱ្យ​របួស ហើយ​នាង​ក៏​សម្រេចចិត្ត​ទម្លាយ​រឿងនេះ មកឱ្យ​ប្រិយមិត្ត​បានដឹង ដោយសារ​លោក​ គៀង ហេង​ បាន​វាយ​ធ្វើបាប​នាង​ជា​ច្រើនដង​មកហើយ និង​បាន​គំរាមកំហែង​ទៀត​ព្រោះ លោក ហេង ​​មាន​កាំភ្លើង​។​

    កញ្ញា អា​វី​ហ្សា បាន​បន្តថា លោក​ គៀង ហេង គឺជា​ប្អូនថ្លៃ​របស់លោក​ឧកញ៉ា ​ទ្រី​ភាព ​ដែលជា​ឈ្មួញ​ឈើ​ដ៏​ល្បី​នៅ​ស្រុក​ខ្មែរ​។​

    អា​វី​ហ្សា បាន​អះអាងថា កាលពី​នៅ​ទាក់ទង​គ្នា លោក​ គៀង ហេង ក៏​ធ្លាប់​វាយ​ធ្វើបាប​នាង​ផងដែរ ដល់​ថ្នាក់​មាន​របួស ប៉ុន្តែ​នាង​ចេះតែ​ទ្រាំ​ដើម្បី​កុំឱ្យ​ខ្មាស​គេ។​ តែ​ពេលនេះ​នាង​ទ្រាំលែងបាន​ហើយ ព្រោះ​ឈប់​ទាក់ទង​គ្នា​ហើយ នៅតែ​លោក​ គៀង ហេង មក​លប​ស្ទាក់​វាយ​ដដែល និង​នៅពេល​ជួប​នាង​ម្តងៗ​នៅ​ទីកន្លែង​ណាក៏ដោយ ក៏​លោក​ គៀង ហេង តាម​រករឿង​ធ្វើឱ្យ​នាង​ខ្មាស​គេ ដោយសារតែ​អាង​បងថ្លៃ​មាន​ងារ​ជា​ឧកញ៉ា​។​

    នៅពេលនេះ ​អា​វី​ហ្សា បានប្រកាស​លែង​ខ្លាច​ស្លាប់​ហើយ ដើម្បី​បក​អ​ក្រា​ត​រឿងនេះ​។​

    ជុំវិញ​ករណីនេះ ខ្មែរ​រីដ​មិនអាច​សុំ​ការបញ្ជាក់​ពី​ភាគី​អតីត​សង្សារ​របស់​កញ្ញា​ អា​វី​ហ្សា ​បានទេ ដោយសារ​ពុំមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង៕​

មតិយោបល់