adverise with khmeread Untitled 1

លិច​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​មើល​អំពិលអំពែក​នៅ​ខេត្តកំពត​ស្លាប់​៤​នាក់ ក្នុងនោះមាន ៣ នាក់ជាសាច់ញាតិផ្ទាល់របស់នាយការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពត

    កំពត ៖ សព​ជនរងគ្រោះ​៤​នាក់ ដែល​បាន​ស្លាប់​ដោយហេតុ​ការណ៍​ទូក​ទេសចរណ៍ ដឹក​ភ្ញៀវ​មើល​អំពិលអំពែក តាម​មាត់សមុទ្រ នា​ក្រុង​កំពតបាន​គឿង​ជាមួយ​ខ្សាច់ បណ្តាលឱ្យ​ផ្អៀង រហូត​ធ្វើឱ្យ​ភ្ញៀវ​លោត​ចូល​ទឹក​នោះ បាន​រកឃើញ​សព​ទាំង ​៤ ​នាក់​អស់ហើយ គិត​ត្រឹម​វេលា​ម៉ោង​២​រសៀលថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ​។​

    លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ប៉ូលិស​ខេត្តកំពត​បានឱ្យដឹងថា សព​ជនរងគ្រោះ​ទាំង​ ៤​ នាក់ មាន​៣​នាក់ ជា​ម្តាយក្មេក ប្រពន្ធ និងកូនប្រុស​របស់ នាយការិយាល័យ​សុខាភិបាល នៃ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តកំពត លោក សាន យ៉េត ហើយ​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ទៀត ជា​អ្នករស់នៅ​សង្កាត់ស្រះចក ខណ្ឌដូនពេញ​។​ ​ចំណែក​ម្ចាស់​ទូក​ទេសចរណ៍​មួយ​នេះ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ដើម្បី​ចាត់ការ​តាមច្បាប់​។​

    គួររំលឹកថា ហេតុការណ៍​នេះ បានកើត​ឡើង នៅ​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៦ ស្ថិតនៅតាម​មាត់សមុទ្រ ជិត​ស្ពាន​ថ្មី ក្រុង​កំពត ខេត្តកំពត  ក្រោយ​ទូក​ទេសចរណ៍​ដ៏​ធំ​មួយ​ផ្ទុក​មនុស្ស​​​ជាង​៧០​នាក់ បាន​គឿង​ជាមួយ​ខ្សាច់ ហើយ​ផ្អៀង​ធ្វើ​ឱ្យ​មានការ​ជ្រួលច្របល់​អ្នក​នៅលើ​ទូក រហូត​លោត​ចូលកតែ​ម្តង​។​

    ប៉ូលិស​បញ្ជាក់ថា មូល​ហេតុដែល​នាំឱ្យមាន​ករណីនេះ​កើតឡើង ដោយសារតែ​ទូក​ទេសចរណ៍​មួយ​នេះ ក្រោយ​ត្រឡប់​មកពី​មើល អំពិលអំពែកតាម​មាត់​សមុទ្រ​នោះ បាន​គឿង​ខ្សាច់ (​ក្រោយ​ទឹកនាច​) ស្រាប់តែ​បណ្តាលឱ្យ​ទូក​ផ្អៀង ហើយ​មាន​អ្នកខ្លះ​ធ្លាក់ចូល​ទឹក ពេលនោះ​ក៏​ម្នាក់ៗឆោឡោ​យ៉ាងខ្លាំង ដោយ​គិតថា​ទូក​លិច ទើប​ម្នាក់ៗ​នាំគ្នា​លោត​ចេញពី​ទូក រហូត​មាន​ស្លាប់​យ៉ាង​ដូច្នេះ។​

    កម្លាំង​សមត្ថកិច្ច បាន​ចុះជួយ​ធ្វើ​អន្តរាគមន៍​តាំងពី​យប់​រហូតដល់រ​សៀ​ល​នេះ ទើប​ស្រង់​សព ​និង​ទូក​មកលើ​គោក ដើម្បី​បន្តធ្វើ​កោសល្យវិច្ឆ័យបន្ថែម រក​មូលហេតុ នៃ​គ្រោះថ្នាក់​មួយ​នេះ​៕

adverise with khmeread

មតិយោបល់