adverise with khmeread 1

ទម្លាប់​ទាំង ៧ នេះហើយ ដែល​បំផ្លាញ​ទំនុកចិត្ត​ក្នុង​ទំនាក់ទំនង ដោយ​ឥត​ដឹងខ្លួន​

    ​១. គ្មាន​ឆន្ទៈ​ធ្វើ​សម្បទាន​ឱ្យ​គ្នា​
​    ​ទំនាក់ទំនង​ដែល​ល្អ​ប្រកបដោយ​ការជឿជាក់​គ្នា​គឺ​ទំនាក់ទំនង​ដែល​ចេះ​ផ្តល់ឱ្យ​គ្នា​ទៅវិញទៅមក មិន​អាត្មានិយម​។ ប្រសិនបើ​អ្នក​ចង់​ឈ្នះ​ចង់​ល្អ​តែ​ខ្លួនឯង ហើយ​ឱ្យគេ​ចាញ់​គេ​ខាតបង់​តែម្នាក់ឯង​រហូត នោះ​មិនយូរ​មិនឆាប់ ទំនាក់ទំនង​នោះ​នឹង​រលាយ​។ ការ​សុខចិត្ត​លះបង់​ខ្លះ មិន​គិតតែ​ពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ពេក ទើប​រក្សា​ការទុកចិត្ត​ក្នុង​ទំនាក់ទំនង​។​

​    ​២. គ្មាន​ពេល​សម្រាប់​គ្នា​
​    ​ប្រសិនបើ​អ្នក​សន្យា​ជួបគ្នា ស្រាប់តែ​ដល់​ថ្ងៃ​ជួប អ្នក​ស្រាប់តែ​ផ្អាក​ជួបគ្នា​វិញ​នៅ​នាទីចុងក្រោយ នោះ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ខ្លាំង​បំផុត​ដល់​ទំនុកចិត្ត​ក្នុង​ទំនាក់ទំនង​។ 

​    ​៣. មិនអាច​ទទួលស្គាល់ថា​ខ្លួនឯង​ជា​អ្នក​ខុស​
​    ​អ្នក​មិនដែល​និយាយ​ពាក្យ​ថា "​ខ្ញុំ​សុំទោស​" ឬ "​អ្នក​ត្រូវ​ហើយ​"​។ ការដែល​មិនចេះ​ទទួលស្គាល់​ខ្លួនឯង​ខុស​នេះហើយ​ដែល​ធ្វើឱ្យ​ភាគី​ម្ខាង​ទៀត​ថ្នាំងថ្នាក់​ចិត្ត ស្រងាក​ចិត្តនឹង​អ្នកជា​ខ្លាំង​នោះ​។ 

​    ​៤. ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​គ្មាន​ហេតុផល​រួច​ដើរចេញ​បាត់​
​    ​អ្នក​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ​ហើយ​ដើរចេញ​បាត់ ពេលណា​ដែល​ឈ្លោះ​ជាមួយ​ដៃគូ ដោយ​គ្មាន​ទុកពេល​ឱ្យ​ដៃគូ​បកស្រាយ​ពន្យល់​ហេតុផល​ឱ្យ​អ្នក​ជាមុនសិន​។ តើ​អាច​ទេ​ដែល​គេ​តាម​អង្វរ​អ្នក​គ្រប់ពេល ដើម្បីឱ្យ​អ្នក​ស្តាប់​ហេតុផល​របស់គេ​។ ចម្លើយ​គឺ មនុស្ស​មិនមែន​ទេវតា​។ គ្មាន​នរណា​អាច​ទ្រាំ​ដើរ​អង្វរ​គេ​រហូត​បានទេ​។ 

​    ​៥. និយាយ​ខ្សឹបខ្សៀវ​រឿងរ៉ាវ​របស់​ដៃគូ​ឱ្យ​អ្នកដទៃ​បានដឹង​
​    ​ការនិយាយ​ខ្សឹបខ្សៀវ​អំពី​គ្នា​ឱ្យ​អ្នកដទៃ​បានដឹង គឺជា​ការបំផ្លាញ​ទំនុកចិត្ត​ធ្ងន់ធ្ងរ​បំផុត​ក្នុង​ទំនាក់ទំនង​។ ជំនួស​ឱ្យ​ការនិយាយ​មិនល្អ​ពីគ្នា​ឱ្យគេ​ដឹង អ្នក​គួរ​និយាយ​អំពី​ប្រធានបទ​មាន​អត្ថន័យ និង​ឆ្លាត​វៃ​អំពី​គ្នា​ឱ្យគេ​បានដឹង​ល្អ​ជាង​។​

​    ​៦. ធ្វើ​អ្វីមួយ​លាក់លៀម​
​    ​ឧទាហរណ៍​. ប្រសិនបើ​អ្នក​ចង់​ផ្ញើ​សារ​តាម​ទូរស័ព្ទ​ឱ្យ​នរណាម្នាក់ អ្នក​មិនចាំបាច់​ដើរ​ចេញពី​បន្ទប់​ទៅរក​កន្លែង​ស្ងាត់​ដើម្បី​ផ្ញើ​ទេ គួរ​អង្គុយ​ក្បែរ​ដៃគូ​ចុច​ផ្ញើ​ល្អជា​ជាង​។ ការដែល​បង្ហាញ​សកម្មភាព​លាក់លៀម​គ្រប់ពេល មិន​ខុស​អី​ពី​ការ​បង្ហិនបង្ហោច​ការជឿ​ទុកចិត្ត​ពី​ដៃគូ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​នោះទេ​។​

​    ​៧. ​និយាយ​ផ្សេង​ធ្វើ​ផ្សឹ​ង​
​    ​អ្នក​បាន​សន្យាថា​ចេញពី​ល្ងាច​នេះ​ទៅ នឹង​ទៅ​ក្លឹប​ហាត់ប្រាណ ស្រាប់តែ​អ្នក​ចូលទៅ​បណ្តាញ​សង្គម​បង្ហោះ​រូបភាព​អង្គុយ​នៅ​ហាង​កាហ្វេ​ធ្វើ​ព្រងើយ​។ ពេលនោះ​ដៃគូ​របស់​អ្នកនឹង​ចោទ​ជា​សំណួរ​ថា​តើ​គាត់​ជា​មនុស្ស​ស្មោះត្រង់​ឬក៏​អត់​?៕ 

adverise with khmeread
ប្រភព៖ Lifehack

អ្នកនឹងចូលចិត្ត

មតិយោបល់