បុរសជនជាតិអង់គ្លេស ម៉ាធូ ឡូវ៉ាន (Matthew Lovane) និងមិត្តស្រីជនជាតិអាមេរិក មីឆែល ក្លេមិន (Michelle Clemens) ដែលមានអាយុ៣១ឆ្នាំដូចគ្នាស្ថិតក្នុងដំណើរកម្សាន្តនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ខណៈពួកគេត្រូវបានឡោមព័ទ្ធនិងចាប់ពង្រត់ដោយកុលសម្ព័ន្ធភ្នំកាលពីថ្ងៃចន្ទ។
ជនជាតិដើមម្ចាស់ស្រុកពីរនាក់ដៃកាន់កាំបិតបានវាយនិងសម្រាតខោអាវរបស់អ្នកទេសចរទាំងពីរដែលកំពុងស្ថិតក្នុងសភាពភ័យខ្លាច មុនពេលចងមុខនិងនាំពួកគេចូលទៅក្នុងព្រៃជ្រៅ។
អ្នកទាំងពីរបាននិយាយថា បុរសកុលសម្ព័ន្ធភ្នំ ដែលម្នាក់ក្នុងចំណោមនោះពាក់របាំងមុខធ្វើពីស្បែកសត្វនិងវល្វិ៍បង្ហាញលក្ខណៈជាមនុស្សបុរាណមែនទែន ហើយនិយាយកំបុតៗ។ ប៉ុន្តែអ្នកទាំងពីរនិយាយថា ពួកគេចេះភាសាអង់គ្លេសល្មមនឹងនិយាយគំរាមថា “យើងនឹងសម្លាប់អ្នកឯងចោល”។
ម៉ាធូ និយាយថា “យើងអាចនឹងនិយាយលេងសើចអំពីក្រុមមនុស្សស៊ីសាច់មនុស្សដ៏ល្បីល្បាញនៅប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ ប៉ុន្តែនេះមិនមែនជារឿងលេងសើចទេនៅពេលក្រុមមនុស្សទាំងនេះចេញមកពីក្នុងព្រៃធ្វើការឡោមព័ទ្ធ”។
ម៉ាធូ បន្តថា “ពួកគេមើលទៅគួរឲ្យខ្លាចក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ពួកគេ និងមានលាភពណ៌លើខ្លួនផងដែរ ហើយបានចេញមកឡោមព័ទ្ធយើងទាំងពីរ។ ពួកគេបានហែកអាវយឺតនិងចងមុខរបស់ខ្ញុំ ហើយខ្ញុំនឹកក្នុងចិត្តភ្លាមថា ខ្ញុំនឹងក្លាយជាចំណីរបស់ពួកគេហើយ”។
លោកនិយាយថា “ពួកគេសាហាវណាស់ ហើយយើងមិនអាចធ្វើអ្វីកើតទេ។ ខ្ញុំគិតថា យើងនឹងបាត់ខ្លួននៅក្នុងព្រៃនេះ ហើយលែងបានឃើញពិភពលោកនេះទៀតហើយ”។ ករណីមនុស្សស៊ីសាច់មនុស្សនៅក្នុងប្រទេសជាកោះ ប៉ាពូនូវែលហ្គីណេនៅមហាសមុទ្រប៉ាស៊ីហ្វិកនេះ ត្រូវបានគេរាយការណ៍ថ្មីបំផុតកាលពីឆ្នាំ២០១២។ ជនជាតិដើមម្ចាស់ស្រុកខ្លះ ត្រូវគេជឿថា នៅអនុវត្តប្រពៃណីស៊ីខួរសាច់ញាតិរបស់ពួកគេនៅក្នុងពិធីបុណ្យសព។
គូស្នេហ៍មួយគូនេះបានជួលជនជាតិដើមម្នាក់ដើម្បីជួយលីអ៊ីវ៉ាន់របស់ខ្លួនសម្រាប់ដំណើរកម្សាន្តនេះ ប៉ុន្តែបុរសម្នាក់នោះបានចាកចេញទៅមួយថ្ងៃមុនថ្ងៃបញ្ចប់នៃដំណើរកម្សាន្តនេះ។ ពួកគេជឿថា បុរសម្នាក់នេះបានក្បត់នឹងពួកគេ។
អ្នកទាំងពីរបានព្យាយាមរត់គេច ប៉ុន្តែបរាជ័យ បន្ទាប់ពីជាប់ជាមួយវល្លិ៍ ហើយបន្តិចក្រោយមកត្រូវបានចាប់ខ្លួនឡើងវិញ។ ខណៈត្រូវគេចង់មុខនិងឃុំខ្លួននៅក្នុងព្រៃដែលសម្បូរសត្វពស់នោះ អ្នកទាំងពីរបានក្លាយជាកម្មវត្ថុនៃល្បែង ទារុណកម្មផងដែរ។
នៅទីបំផុតអ្នកទាំងពីរបានគេចខ្លួនពីអ្នកចាប់បង្ខាំង ខណៈពួកគេកំពុងធ្វើដំណើរតាមជួរភ្នំត្រឡប់មករកផ្លូវវិញ។ ទោះបីជាយ៉ាង ការគេចខ្លួនរបស់ពួកគេមិនបានធ្វើឡើងតាមផ្លូវត្រង់ទេ ខណៈពួកគេជួបប្រទះឆ្កែព្រៃនិងប្រឈមមុខនឹងរុក្ខជាតិមានពិសផ្សេងៗទៀត។
ប៉ុន្តែសំណាងល្អ អ្នកទាំងពីរបានប្រទះឃើញបុរសម្នាក់កំពុងសង់កូនខ្ទមនៅក្បែរចុងផ្លូវ ហើយបានស្រែកឲ្យជួយ។ ក្រុមអ្នកភូមិបានរត់ទៅជួយដោយយកភួយទៅជាមួយផង ហើយបន្ទាប់មកត្រូវបានដឹកតាមឧទ្ធម្ភាគចក្រមកទីក្រុង Port Moresby ជាកន្លែងដែលអ្នកទាំងពីរកំពុងទទួលការព្យាបាល៕
