ភ្នំពេញ ៖ នារីម្នាក់បានធ្វើសកម្មភាពលួចពូកតែមិនសម្រេចត្រូវប៉ូលិសឃាត់ខ្លួននៅថ្ងៃ១៥ វិច្ឆិកា ឆ្នាំ២០១៦ ម៉ោង១១ និង៣០នាទី យប់នៅសិប្បកម្មធ្វើពូក យីហោ "ម៉ីស៊ីម" ទីតាំងគ្មានលេខ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ ព្រែកឯង ខណ្ឌច្បារអំពៅ។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ កាង យូហេង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅភូមិមិត្តភាព សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឃាត់ខ្លួនឈ្មោះ គឹម ឡៃសៀក ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ប៉ូលិសបន្តថា កាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៦ ម៉ោង១១ និង៣០នាទីយប់ជនសង្ស័យ០៣នាក់ ឈ្មោះ រុន ភេទប្រុស, ឈ្មោះ ផាត ភេទប្រុស និងឈ្មោះ គឹម ឡៃសៀក ភេទស្រី ជិះម៉ូតូ០១គ្រឿងម៉ាក C100 កូរ៉េពណ៌ក្រហម មិនចាំស្លាកលេខ មកឈប់នៅមុខ សិប្បកម្មខាងលើ។
ពេលនោះជនសង្ស័យឈ្មោះ រុន និងឈ្មោះផាត បានផ្លោះរបងចូលទៅខាងក្នុង ដើម្បីលួចពូក។ ពេលកំពុងធ្វើសកម្មភាព ក៏ត្រូវសន្តិសុខឃើញ ទាក់ទងប្រាប់ជនរងគ្រោះ និងរាយការណ៍ មកសមត្ថកិច្ច ចុះទៅដល់ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ គឹម ឡៃសៀក ជាអ្នកមើលផ្លូវ។ ចំណែកឈ្មោះ រុន និងឈ្មោះ ផាត បានជិះម៉ូតូគេចខ្លួនបាត់។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមនីតិវិធី៕
