adverise with khmeread Unnamed %282%29

ខូច​ម៉េះ​!!! ​ប្តី​ចិត្តខ្លាំង​ផឹកស្រា​ស្រវឹង ប្រពន្ធ​ស្តី​បន្តិច​បន្តូច​ខឹង​ដុត​ផ្ទះ​ចោល​ឆេះ​ឈុ​ល​

    សៀមរាប ៖ បុរស​ម្នាក់​ផឹកស្រា​ស្រវឹង ខឹង​ប្រពន្ធ​ស្តីបន្ទោស​បន្តិចបន្តួច កើតរឿង​ក្តៅក្រហាយ ដុត​ផ្ទះ​ខ្លួនឯង​ចោល​បណ្ដាល​ឱ្យ​ខូចខាត​ផ្ទះ​ប្រហែល​៥០​ភាគរយ​ដោយសារតែ​ត្រូវបាន​ប្រជាពលរដ្ឋ​ក្បែរ​ខាង ជួយ​ពន្លត់​បាន​ទាន់ពេលវេលា​។​

    ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៥​ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ភូមិ​តា​ភ្ញា ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

    លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ប៉ូលិស​ស្រុក​ជីក្រែង បានឱ្យដឹងថា បុរស​ជា​ប្តី​កំហូច​ដែល​ផឹកស្រា​ស្រវឹង​ហើយ​ដុត​ផ្ទះ​ខ្លួន​ឯង​ចោល​នោះ​មានឈ្មោះ រឿន រ៉ា ភេទ​ប្រុស អាយុ២៩​ឆ្នាំ របស់​នៅក្នុង​ភូមិ​ឃុំ​កើតហេតុ។​

    បន្ទាប់ពី​ប្តី​ដុ​ច​ផ្ទះ​ខ្លួនឯង​ចោល​រួចមក ប្រពន្ធ​ឈ្មោះ ស៊ូ សោ អាយុ ២៨​ឆ្នាំ បានមក​ដាក់ពាក្យ​បណ្ដឹង​ឱ្យ​ប៉ូលិស​ស្រុក​ជីក្រែង ធ្វើការ​ឃាត់ខ្លួន​ប្តី​របស់គាត់​យកទៅ​ផ្តន្ទាទោស​តាមច្បាប់​។​ ពីព្រោះ ប្តី​របស់គាត់​តែងតែ​ប្រើ​អំពើ​ហិង្សា​នៅពេលដែល​គាត់​ស្រវឹង​ម្តងៗ​។​

    ភ្លាមៗ​នោះ​កម្លាំង​ប៉ូលិស​ស្រុក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ យកមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ស្រុក និង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​១៦​ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដើម្បី​ធ្វើការ​សាកសួរ និង​មាន​វិធានការ​បន្តទៀត​។​

    លោក​អធិការ​បន្តថា ផ្ទះ​ដែល​រង​ការ​ខូច​ខាត់​នោះ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ក្រាល​ក្តារ​មាន​ទំហំ ៥​គុណ​៧​ម៉ែត្រ និង​ខូចខាត​របស់របរ​មួយចំនួនទៀត​៕​

adverise with khmeread

មតិយោបល់