adverise with khmeread 1

​ត្រាំ​និង​ពូ​ទីន​និយាយ​ទូរស័ព្ទ​ជាមួយគ្នា​បានតែ​ប៉ុន្មាន​ម៉ោង កងទ័ព​រុស្ស៊ី​ក៏​ចាប់ផ្តើម​វាយ​លុក​ពេញទំហឹង​លើ​ក្រុង​អា​ឡេ​ប៉ូ​

​    ​យន្តហោះ​ចម្បាំង​រុស្ស៊ី​បានចាប់ផ្តើម​ការទម្លាក់​គ្រាប់បែក​ទ្រង់ទ្រាយ​ធំ​នៅលើ​ទីក្រុង​អា​ឡេ​ប៉ូ​របស់​ប្រទេស​ស៊ី​រី​ជា​លើកដំបូង​ក្រោយ​ផ្អាក​អស់​ប៉ុន្មាន​សប្តាហ៍​។​

​    ​យ៉ាងហោចណាស់​មនុស្ស​បីនាក់​ត្រូវបាន​សម្លាប់​បន្ទាប់ពី​គ្រាប់បែក​ត្រូវបាន​ទម្លាក់​ទៅលើ​ក្រុម​ឧទ្ទាម​ដែល​កាន់កាប់​សង្កាត់​ភាគ​ខាងកើត​នៃ​ទីក្រុង​នេះ បន្ទាប់ពី​ការផ្អាក​វាយប្រហារ​ទីក្រុង​នេះ​អស់​រយៈពេល​បី​សប្តាហ៍​។​

​    ​ការវាយប្រហារ​ដ៏​ខ្លាំងក្លា​នេះ​គឺធ្វើឡើង​ដោយ​កងកម្លាំង​រុស្ស៊ី​កាលពី​ថ្ងៃទី ១៥ ខែវិច្ឆិកា​នេះ​ដោយ​ប្រើប្រាស់​នាវា​ដឹក​យន្តហោះ​ដ៏​ទំនើប​ផុត​លេខ​។​

​    ​វីដេអូ​ពី​យន្តហោះ Drone ត្រូវបាន​បញ្ចេញ​ដោយ​ក្រសួងការពារជាតិ​រុស្ស៊ី​កាលពី​ព្រឹក​ថ្ងៃ​ម្សិលមិញ​ដោយ​ចាប់បាន​ពី​ទិដ្ឋភាព​គ្រាប់បែក​ទីមួយ​បាន​វាយប្រហារ​ចំ​គោលដៅ​។​

​    ​គេ​ឃើញ​មាន​ផ្សែងខ្មៅ និង​អណ្តាតភ្លើង​ខណៈ​គ្រាប់​មី​ស៊ី​ល​បាន​ផ្ទុះឡើង​នៅក្នុង​ឃ្លី​ប​វីដេអូ​ដ៏​គួរឱ្យ​រន្ធត់​មួយ​នេះ​។​

​    ​ទូរទស្សន៍​រដ្ឋ​របស់​ស៊ី​រី​បាន​និយាយថា ទ័ពអាកាស​របស់ខ្លួន​បាន​ចូលរួម​ក្នុងការ​វាយប្រហារ​នេះ​ដើម្បី​កម្ទេច​មូលដ្ឋាន​របស់​ពួក​ភេរ​វករ​នៅក្នុង​ទីក្រុង​នេះ ខណៈ​រុស្ស៊ី​បាន​និយាយថា ខ្លួន​បាន​វាយប្រហារ​ទៅលើ​ពួក ISIS និង​ទីតាំង​របស់​ពួក​រណសិរ្ស Jabhat Fateh (​ពី​មុនគេ​ស្គាល់​ថា​រណសិរ្ស Nusra Front) នៅ​កន្លែង​ផ្សេងទៀត​ក្នុងប្រទេស​ស៊ី​រី​។​

​    ​យន្តហោះ​ចម្បាំង​រុស្ស៊ី​ត្រូវ​បានឃើញ​ហោះ​ចេញពី​នាវា​ដឹក​យន្តហោះ Admiral Kuznetsov ដែល​បានធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​សមុទ្រ​អង់គ្លេស​ដើម្បី​ឆ្ពោះ​មក​ឆ្នេរសមុទ្រ​របស់​ស៊ី​រី​។​

​    ​ការវាយប្រហារ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​លោកពូ​ទីន និង​លោក​ត្រាំ​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ កន្លែង​ដែល​មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​ទៅលើ​ការងារ​អាទិភាព​ដើម្បី​កម្ទេច​ពួក​បិសាច​ទាំងនេះ​។​

​    ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា​នេះ​ថា លោក​ត្រាំ​បាន​និយាយថា ពួកគេ​គួរតែ​រួមគ្នា​ដើម្បី​កម្ទេច​ក្រុម​ភេរវ​ករ​អន្តរជាតិ និង​ពួក​ជ្រុលនិយម​។​

​    ​មនុស្ស​ប្រមាណ ២៧៥.០០០ នាក់​កំពុង​ជាប់​ក្នុង​ក្រុង​អា​ឡេ​ប៉ូ​។​

​    ​ទីក្រុង​អា​ឡេ​ប៉ូ​បាន​ក្លាយជា​ចំណុចកណ្តាល​នៃ​សង្គ្រាម​ដ៏​ឃោរឃៅ​ក្នុងប្រទេស​ស៊ី​រី​អស់​រយៈពេល ៥ ឆ្នាំកន្លះ​មកនេះ​។​

​    ​គ្មាន​ជំនួយ​ណា​អាច​ចូលទៅក្នុង​ទីក្រុង​ភាគ​ខាងកើត​នោះទេ​ចាប់តាំងពី​ត្រូវបាន​ឡោមព័ទ្ធ​ដោយ​កងទ័ព​រដ្ឋាភិបាល​កាលពី​ពាក់កណ្តាល​ខែកក្កដា​។​

​    ​កាលពី​សប្តាហ៍​មុន អង្គការសហប្រជាជាតិ​បាន​ព្រមាន​ថា ខ្លួន​នឹង​ចែកចាយ​ស្បៀង​ដែល​នៅសល់​ទៅក្នុង​សង្កាត់​របស់​ពួក​ឧទ្ទាម​៕

ប្រភព៖ បរទេស
adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់