adverise with khmeread Unnamed %284%29

សំរាម​ជិត​៦​ពាន់​តោន​ត្រូវបាន​ប្រមូល​យកទៅ​ចាក់ចោល​ក្រោយ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

    ភ្នំពេញ ៖ លោក មាន ចាន់​យ៉ា​ដា អ្នកនាំពាក្យ និង​ជា​នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យដឹងថា សម្រាប់​រយៈពេល ​៣​ ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បាន​បញ្ចប់​ប្រជាពលរដ្ឋ​បាន​បន្សល់ទុក​សំរាម​ប៉ាយ​តាម​សួនច្បារ និង​ទីសាធារណៈ​នានា ជាង​៥​ពាន់​៨០០​តោន ដែល​ត្រូវបាន​បោ​សម្អាត កើប និង​ដឹក​ប្រមូល​ចេញ​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សម្រាម​ក្នុង​ខណ្ឌដង្កោ ដែល​សម្រាប់​ថ្ងៃ​ធម្មតា ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ប្រមាណ​ជិត​២​លាន​នាក់ បាន​ផលិត​សំរាម​ជាង​១​ពាន់​តោន​ប៉ុណ្ណោះ។​

    តែ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មាន​ប្រជាពលរដ្ឋ​មកពី​បណ្តារ​ខេត្ត​នានា​ប្រមាណ​ជាង​៥០​ម៉ឺន​នាក់​ទៀត បាន​ផលិត​សំរាម​ក្នុង​១​ថ្ងៃ​មានការ​កើនឡើង​ទ្វេដង។​

    លោក​បន្តថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ក្នុងនោះ​ចំនួន​អ្នកចូលរួម​ប្រមាណ​៣​លាន​នាក់ គឺ​ក្នុង​ថ្ងៃទី​១​ពី​៦០​ទៅ​៧០​ម៉ឺន​នាក់ ថ្ងៃទី​២​ប្រមាណ​ពី​៩០​ទៅ​១​លាន​នាក់ និង​ថ្ងៃទី​៣​ប្រមាណ​១​លាន​៣​សែន​នាក់ ដោយមាន​ការរៀបចំ​សន្តិសុខ និង​សណ្តាប់ធ្នាប់​បានល្អ។​

    គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ ដោយមាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​និង​ផ្តល់​ការគាំទ្រ​ពី​អគ្គស្នងការ​ប៉ូលិស​ជាតិ និង​បញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​បាន​ប្រើ​កម្លាំង​ជាង​១​ម៉ឺន​នាក់ ដើម្បី​រក្សា​សន្តិសុខ​រហូតដល់​ព្រះរាជពិធី​បានបញ្ចប់ និង​ទទួលបាន​ជោគជ័យ គួរ​ជាទី​មោទនៈ លើកលែងតែ​ឧបទ្ទវហេតុ​ទាក់ទង​ទៅនឹង​ការប៉ះទង្គិច​ទូក​កាលពី​ថ្ងៃទី​១១ ​វិច្ឆិកា ​ដែល​បណ្តាល​ឱ្យ​បាត់​បង់ជីវិត​២​នាក់ ដែល​អាជ្ញាធរ​សូម​ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​ក្រុមគ្រួសារ​សព​ផងដែរ។​

    លោក មាន ចាន់​យ៉ា​ដា បានឱ្យដឹង​ទៀតថា ទាក់ទិន​ជាមួយ​បញ្ហា​បរិស្ថាន ក្នង​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំនេះ មាន​កិច្ចសហការ​ល្អ​រវាង​ក្រុមហ៊ុន សិន​ទ្រី និង​បុគ្គលិក​របស់​មន្ទីរ​សាធារណការ បាន​រួមគ្នា​ធ្វើការ​បោសសម្អាត ក្នុង​រយៈពេល​៣​ថ្ងៃនេះ គឺ​បរិមាណ​សំរាម​មាន​ជាង​៥​ពាន់​៨០០​តោន ថ្ងៃទី​១​ មាន​ចំនួន​២១០០​តោន ថ្ងៃទី​២​មាន​១៩០០​តោន និង​ថ្ងៃទី​៣​ចំនួន​១៨០០​តោន ចំពោះ​បរិមាណ​សំរាម​ជិត​៦​ពាន់​តោន​នេះ មិនមែន​ប្រមូល​នៅតាម​ផ្ទះ​ទេ គឺ​ប្រមូល​នៅ​កន្លែង​ប្រារព្ធ​ពិធី​នៃ​បុណ្យអុំទូក​តែម្តង។​

    លោក បាន​បញ្ជាក់ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ បានទទួល​ភាពជោគជ័យ និង​ប្រកបដោយ​ភាពសប្បាយ​រីករាយ ក្នុងនោះ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ចូលរួម មានការ​សាទរ ជាមួយ​ការរៀបចំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ទៅលើ​ការកែសម្រួល​សោ​ភណ្ឌ​ភាព មានដូចជា សួនច្បារ ច្រាំងទន្លេ ការតុបតែង​លម្អ​ភ្លើង​បំភ្លឺ សាធារណ បានរៀបចំ​ឱ្យមាន​កីឡាករ​ទូក​ស្នាក់នៅ​ដាច់ដោយឡែក នៅ​តំបន់​ទីក្រុង​រណប​ជ្រោយចង្វារ មាន​រោង ការផ្តល់​ប្រព័ន្ធ​ទឹកស្អាត ភ្លើង និង​មាន​សេវា​ថែរក្សា​សុខភាព ដែល​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ​ផងដែរ។​

    លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ​រាជធានី​ភ្នំពេញ បានឱ្យដឹងថា សម្រាប់​ថ្ងៃទី​២​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក ឆាប់ៗ​នេះ អង្គភាព​សួនច្បារ  មាន​កម្មករ​ចំនួន​២៩០​នាក់ ក្រោយ​ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក សង្កេតឃើញថា សំរាម​នៅតែ​ជា​បញ្ហា​ចោទ​ដែល​ប្រជាពលរដ្ឋ​មួយចំនួន​បោះចោល​គ្រប់​ទីកន្លែង តែ​ក្រុមកម្មករ​បានធ្វើការ​បោសសម្អាត និង ប្រមូល​សំរាម ចាប់ពី​ម៉ោង​១២​យប់ មកដល់​ម៉ោង​៧​ព្រឹក​នេះ បាន​រួចរាល់​ហើយ គឺ​នៅលើ​សួនច្បារ និង​ទីសាធារណៈ​នានា​បាន​ស្អាត​វិញ​ហើយ។​

    សូម​បញ្ចា​ក់ថា សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក ឆ្នាំនេះ អង្គភាព​សួនច្បារ និង​ក្រុម​ហ៊ី​ន​ស៊ីន​ទ្រី មាន​កម្លាំង​ជិត ​៦០០​ នាក់​ និង​រថយន្ត​៥៦​គ្រឿង ក្នុងនោះ កម្មករ​អង្គភាព​សួនច្បារ​ចំនួន​ ២៩០ ​នាក់​បានធ្វើការ​បោសសំអាត និង​ដាក់​វេណ​ប្រចាំការ ដេក​លើ​សួនច្បារ រង់ចាំ​ប្រជាពលរដ្ឋ​ហូបចុក និង​កម្សាន្ត​សប្បាយ​រួច ទើប​ងើបឡើង​បោសសម្អាត ពិតជា​គួរឱ្យ​អាណិតអាសូរ​ណាស់ និង​គួរ​ត្រូវបាន​លើកទឹកចិត្ត មិនគួរ​មានការ​មើលរំលង​ទេ ៕ (​លោក​ ច​ន ណា​រិ​ទ្ធ​)

adverise with khmeread

មតិយោបល់