គ្រូបង្វឹកក្រុមបិសាចក្រហម Man Utd លោក Louis van Gaal បានព្រមានកូនក្រុមរបស់គាត់មិនឲ្យធ្វើត្រាប់តាមកីឡាករ Steven Gerrard កាលពីរដូវកាលមុននៅទឹកដី Anfield ឡើយ ដោយពេលនោះអតីតប្រធានក្រុមហង្សក្រហមរូបនេះត្រូវបានបណ្តេញចេញបន្ទាប់ពីលេងបានត្រឹមតែ ៣៨ វិនាទីដើមតង់ទីពីរក្រោយការផ្លាស់ចូល។
បើទោះជាក្រុមបិសាចកំពុងស្ថិតនៅលំដាប់ទីប្រាំមួយនិងក្រុមហង្សក្រហមស្ថិតនៅលំដាប់ទីប្រាំបួនក៏ដោយ ក៏គ្រូបង្វឹកសញ្ជាតិហូឡង់រូបនេះជឿថា ការប្រកួតនេះនៅតែជាការប៉ះគ្នាដ៏ធំដដែល។
លោក Gaal បាននិយាយថា "កាលពីឆ្នាំមុនកីឡាករ Gerrard បានផ្លាស់ចូលហើយគាត់ត្រូវបានបណ្តេញចេញដែលទើបតែលេងបាន ៣៨ វិនាទី រឿងនេះមិនកើតឡើងច្រើនទេក្នុងបាល់ទាត់។ ដូច្នេះយើងត្រូវតែខំប្រឹងលេងឱ្យខ្លាំង ប៉ុន្តែក៏ត្រូវគ្រប់គ្រងស្ថានការណ៍ឱ្យបានដែរក្នុងការប្រកួតបែបនេះ។ វាច្បាស់ជាពិបាកគ្រប់គ្រងបន្តិច ព្រោះសន្ទុះចិត្តក្នុងការប្រកួតបែបនេះគឺពិតជាខ្ពស់ណាស់"។
ក្នុងការប្រកួតថ្ងៃអាទិត្យនេះ ខ្សែបម្រើ Bastian Schweinsteiger ប្រហែលជាវិលត្រឡប់មិនទាន់ការប្រកួតនោះទេដោយសារបញ្ហារបួសជើងកាលពីប្រកួតជាមួយក្រុម Sheffield United។ លោកក៏បានផ្តល់ព័ត៌មានជើងដែរថា "ខ្ញុំគិតថា យើងមានបញ្ហារបួសដូចពីមុនដែរ និងប្រហែលជា Schweinsteiger នឹងត្រឡប់មកវិញប៉ុន្តែខ្ញុំមិនប្រាកដទេ។ វាពិបាកណាស់ដើម្បីពន្លឿនឲ្យមានកាយសម្បទារឹងមាំវិញ។ ខ្ញុំគិតថា គាត់ត្រូវការពេលវេលាបន្ថែមទៀត។ ខ្ញុំគិតថា Carrick ក៏របួសដែរ"៕
