adverise with khmeread Image3

ពលរដ្ឋ​ជិត​ ៨ ​ពាន់​នាក់​ទទួល​សេវា​ការពិនិត្យ និង​ព្យាបាល​ជំងឺ​នៅតាម​ស្តង់​សុខាភិបាល​

    ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ក្នុង​រយៈពេល​៤​ ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៥ ​វិច្ឆិកា​ ២០១៦​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំនេះ មហាជន​ដែល​បាន​ចូលរួម ហើយ​មាន​អាកា​រៈ ឈឺក្បាល វិលមុខ និង​រងរបួស​ផ្សេងៗ ដែល​បាន​ចូល​ពិនិត្យ និង​ទទួល​សេវា​ព្យា​មាន​ចំនួន​៧៦៥៩​នាក់  ក្នុងនោះ​សម្រាប់​ថ្ងៃទី​១២ ​វិច្ឆិកា​ មាន​ចំនួន​៦៤២​នាក់ ថ្ងៃទី​១៣ ​វិច្ឆិកា ​មាន​ចំនួន​១៣២១​នាក់ ថ្ងៃទី​១៤ ​វិច្ឆិកា​ មាន​ចំនួន​៣៤៨៧​នាក់ និង​ថ្ងៃទី​១៥​ វិច្ឆិកា ​មាន​ចំនួន​២២០៩​នាក់ ដែល​ភាគច្រើន​គ្រាន់តែ​ជា​ជំងឺ​ផ្តាសាយ គ្រុនក្តៅ ចុកពោះ​អស់កម្លាំង ឈឺក្បាល វិលមុខ និង​ខ្យល់គរ​ជាដើម​ប៉ុណ្ណោះ ដោយ​មិនមាន​ការបង្ក​របួសស្នាម​ឬ​គ្រោះថ្នាក់​អ្វីដែល​គួរ​ឱ្យកត់សម្គាល់​នោះទេ។​

    លោក​វេជ្ជបណ្ឌិត បាន​បន្តថា ដោយមាន​ការណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ មន្ទីរ​សុខាភិបាល​បានធ្វើ​ការពង្រាយ​គោលដៅ​ទីតាំង​សេវា​សុខាភិបាល ​(​ស្តង់​សុខាភិបាល​) ​ដែលមាន​ក្រុមគ្រូពេទ្យ​រង់ចាំ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​មាន​ចំនួន​១២​ទីតាំង គឺ​ស្តង់​របស់​មន្ទីរ​សុខាភិបាល​ចំនួន​ ៨ និង​ស្តង់​របស់​ក្រសួងសុខាភិបាល​ចំនួន​៤ មាន​រថយន្ត​សង្គ្រោះបន្ទាន់​ចំនួន​ ១៥​ គ្រឿង និង​បុគ្គលិក​សុខាភិបាល​ចូលរួម​សង្គ្រោះ​មាន​ជិត​៩០០​នាក់ ក្នុងនោះ​ក្រុមគ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់​ជំងឺអេដស៍​ជាដើម។​

    លោក វេជ្ជបណ្ឌិត ងី មាន​ហេង បន្តថា ចំពោះ​ស្តង់​សុខាភិបាល​ចំនួន​១២​ទីតាំង​នោះ ត្រូវបាន​ដាក់ពង្រាយ​នៅ​ត្រើយ​ខាងកើត​៣​ទីតាំង គឺ​នៅ​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ OCIC ដែលជា​តំបន់​កីឡាករ​អុំទូក​ស្នាក់នៅ ក្នុង​បរិវេណ​សាលាបឋមសិក្សា​ជ្រោយចង្វារ និង​នៅ​អនុវិទ្យាល័យ​ជ្រោយចង្វារ​តែម្តង។​

    ចំណែក​នៅ​ត្រើយ​ខាងលិច​ទន្លេសាប​មាន​ចំនួន​៩​ទីតាំង គឺ​ស្តង់​នៅ​ជុំវិញ​វេទិការ​បុណ្យអុំទូក​មាន​៤ វាល​ព្រះមេរុ នៅ​ជិត​កំពុងផែ ព្រះ​គម្លង់ ស្តូប​មិត្តភាព​កម្ពុជា​វៀតណាម និង​តំបន់​កោះ​ពេជ្រ​១​ទីតាំង។​

    លោក​បាន​បញ្ជាក់ថា សម្រាប់​ថ្ងៃទី​១​នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក​ឆ្នាំនេះ មិនមាន​អ្វីដែល​បង្ក​ឱ្យ​របួសស្នាម​ឬ​បញ្ហា​គ្រោះថ្នាក់​ណាមួយ​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះទេ គឺ​និយាយ​ជារួម​ពិតជា​មាន​ស្ថានភាព​ល្អប្រសើរ​ជាង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​លើ​ក​មុនៗ។​

    គួររំលឹកថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពី​ឆ្នាំ​២០១៤​កន្លងមក ក្នុង​រយៈពេល​៤​ថ្ងៃ​ដូចគ្នា មហាជន​ដែល​បាន​ចូលរួម ហើយ​មាន​អាកា​រៈ ឈឺក្បាល វិលមុខ និង​រងរបួស​ផ្សេងៗ ដែល​បាន​ចូលទៅ​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​នៅតាម​ស្តង់​សុខាភិបាល​មាន​ប្រមាណ​៤​ពាន់​នាក់ ក្នុង​មួយថ្ងៃ​មាន​ជាង​១​ពាន់​នាក់ តែ​សម្រាប់​ឆ្នាំនេះ​ប្រជាពលរដ្ឋ​មានការ​កើនឡើង​ជិត​ទ្វេដង​គឺ​ជិត​៨​ពាន់​នាក់៕ (​លោក​ច​ន ណា​រិ​ទ្ធ​)​

adverise with khmeread

មតិយោបល់