ពិធីមង្គលការដែលចំណាយលុយយ៉ាងខ្ជះខ្ជាយរបស់កូនស្រីអ្នកនយោបាយឥណ្ឌាម្នាក់ បានបង្កឱ្យមនុស្សជាច្រើននៅក្នុងប្រទេសមានកំហឹងចំពេលប្រទេសកំពុងមានវិបត្តិលំហូរសាច់ប្រាក់ បន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានប្រកាសថា ខ្លួននឹងឈប់ប្រើក្រដាស់ប្រាក់ ៥០០ និង ១០០០ រូពី។
កាសែត BBC បានរាយការណ៍ថា មង្គលការរយៈពេលប្រាំថ្ងៃរបស់កូនក្រមុំ Brahmani ដែលជាកូនស្រីរបស់អ្នកជំនួញ និងអតីតរដ្ឋមន្ត្រីរដ្ឋ Karnataka គឺលោក G. Janardhana Reddy ត្រូវបានប៉ាន់ស្មានមានតម្លៃប្រហែល ៧៤ លានដុល្លារ ជាមួយសំបុត្រអញ្ជើញសុទ្ធតែស្រោបមាស និងតារាបូលីវូដមួយចំនួនត្រូវបានរំពឹងទុកថា នឹងចូលរួមសម្តែងក្នុងពិធីនេះផងដែរ។
ក្រុមអ្នករិះគន់បានរិះគន់យ៉ាងចាស់ដៃចំពោះការបង្ហាញភាពមានបានដ៏គួរឱ្យរអើមនៅពេលប្រជាជនឥណ្ឌារាប់លាននាក់បានឈរតម្រង់ជួរនៅតាមធនាគារ និងម៉ាស៊ីន ATM ដើម្បីប្តូរលុយដែលរដ្ឋាភិបាលប្រកាសខាងលើ ឬក៏ដកលុយទាំងអស់សង្ឃឹម។ ការហាមឃាត់ក្រដាស់ប្រាក់ ៥០០ និង ១០០០ រូពីនេះគឺធ្វើឡើងក្នុងបំណងបង្ក្រាបលើអ្នកមានដែលមិនប្រកាសទ្រព្យសម្បត្តិ និងដើម្បីទប់ស្កាត់អំពើពុករលួយ។
មនុស្សជាច្រើនបានដាក់មន្ទិលសង្ស័យពីរបៀបដែលលោក Reddy ដែលជាអតីតសមាជិកគណបក្ស Bharatiya Janata Party របស់លោកនាយករដ្ឋមន្ត្រី Narendra Modi ដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០១១ និងបានចំណាយពេលបួនឆ្នាំនៅក្នុងគុកដោយសារប្រព្រឹត្តិអំពីពុករលួយ មុននឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំកាលពីឆ្នាំមុន អាចមានលុយចំណាយសន្ធឹកសន្ធាប់សម្រាប់ពិធីមង្គលនេះយ៉ាងដូចម្តេច។
ប៉ុន្តែលោក Reddy បាននិយាយថា លោកបានលក់ផ្ទះច្រើនកន្លែងនៅសិង្ហបុរី និងនៅទីក្រុង Bengaluru ដើម្បីរៃអង្គាសលុយសម្រាប់មង្គលការនេះ ហើយរាល់ការចំណាយត្រូវបានគ្រោងទុកកាលពីប្រាំមួយខែមុននៅពេលគម្រោងបានចាប់ផ្តើម។
BBC បានបានរាយការណ៍ទៀតថា ប៉ុន្តែការលើកឡើងនេះមិនបានបញ្ឈប់កំហឹងរបស់ប្រជាជនឥណ្ឌាដោយនាំគ្នារិះគន់នៅលើបណ្តាញសង្គមឡើយ ខណៈដែលគូប្រជែងនយោបាយរបស់លោក Reddy បានចោទជាសំណួរថាតើគោលនយោបាយជំរុញការលុបបំបាត់លុយពុករលួយរបស់នាយករដ្ឋមន្ត្រី Modi បានរួមបញ្ចូលមន្ត្រីកំពូលមានអំណាចឬក៏អត់។
ការរៀបចំសម្រាប់ពិធីមង្គលការនេះ ដែលកំពុងប្រព្រឹត្តិឡើងនៅដំណាក់ Bangalore Palace បានចាប់ផ្តើមយ៉ាងល្អិតល្អន់អស់ជាច្រើនខែ ជាមួយអ្នកដឹកនាំរឿងបូលីវូដចំនួនប្រាំបីនាក់ចូលរួមក្នុងពិធីនេះដើម្បីបង្កើតឈុតឆាកដែលស្រដៀងនឹងប្រាសាទបុរាណហិណ្ឌូ កន្លែងដែលពិធីនានាប្រព្រឹត្តឡើង។
រទេះគោដ៏ប្រណិតនឹងត្រូវបានប្រើប្រាស់ដើម្បីដឹកភ្ញៀវពីច្រកចូលដំណាក់ទៅកាន់កន្លែងប្រារព្ធពិធីរៀបការ។ ភ្ញៀវទាំងអស់នឹងទទួលទានអាហារនៅភូមិមួយដែលត្រូវបានបង្កើតឡើងយ៉ាងពិសេសនៅភូមិគ្រឹះសម្រាប់ពិធីមង្គលការនេះ។
ឈុតកូនក្រមុំគឺមានតម្លៃប្រមាណ ២,៥ លានដុល្លារ និងចិញ្ចៀនពេជ្រមានតម្លៃ ១២,៥ លានដុល្លារ។
ពិធីរៀបការនេះបានចាប់ផ្តើមនៅថ្ងៃទី ១៥ វិច្ឆិការហូតដល់ថ្ងៃទី ១៩ វិច្ឆិកា៕
