adverise with khmeread Unnamed %281%29

ប៉ូលិស​ហៅ​មក​អប់រំ​បែរជា​សំពង​ប៉ូលិស​ឱ្យ​របួស​....​ឡើង​កម្រិត​ទោស​មួយ​ថ្នាក់​

    កណ្តាល ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​វាយ​មន្ត្រីប៉ូលិស​ឱ្យ​របួស​ និង​ប្រើប្រាស់​អាវុធខុសច្បាប់ ​(​ដាវ​) នា​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ ​និង​៣០​នាទី នៅ​ចំណុច​ភូមិ​ជ្រុង​រមាស ឃុំ​កំពង់​កុង ស្រុក​កោះធំ  ខេត្តកណ្តាល។​

    ប៉ូលិស​និ​យាយ​ថា ជនរងគ្រោះ​ឈ្មោះ​ ង​ន រ៉ានី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​ហង់ ឃុំ​កំពង់​កុង ស្រុក​កោះធំខេត្តកណ្ដាល មុខរបរ​មន្ត្រីប៉ូលិស​រង​បួស​ចំ​កំភួនដៃ​ខាងឆ្វេង និង​បបូរមាត់។​

    ចំណែកឯ​ជនបង្ក​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ អ៊ុច រិ​ទ្ធ ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ទួល​ដូន​គាំ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ​។​

    វត្ថុតាង​ចាប់​ដកហូតយក ដាវ​ចំនួន​០១​ដើម ដង​ធ្វើ​ពី​ដែក​មាន​ប្រវែង ៩០​ស​.​ម​,​ដំបង​ឈើ​ជ្រុង ០២​កំណាត់ កំណាត់​ទី​១​ទំហំ ៥​ស​.​ម​×៥​ស​.​ម  ប្រវែង ១០២​ស​.​ម កំណាត់​ទី​២ ទំហំ ៥​ស​.​ម​×៥​ស​.​ម  ប្រវែង ៤៨​ស​.​ម ។​

    ប៉ូលិស​បន្តថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​នៅ​យប់​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ជនសង្ស័យ​ឈ្មោះ អ៊ុច រិ​ទ្ធ បាន​កាន់​ដាវ​០១ ដើម ដើរ​អូសពេញ​ផ្លូវជាតិ​លេខ ១១០ ក្នុង​សភាព​ស្រវឹង ស្រា​យ៉ាងខ្លាំង។​

    ឃើញ​ដូច្នេះ លោក​មេភូមិ​ទួល​ដូន​គាំ​ឈ្មោះ​ ឈាង ឆេង បានឃើញ​ក៏​ចាប់​ដកហូតយក​ដាវ​ពី​ជនសង្ស័យ និង​រាយការណ៍​ជូន​សមត្ថកិច្ច​ប៉ុស្ដិ៍កំពង់​កុង​។​

    ក្រោយ​មក​ជនសង្ស័យ​បាន​ទៅ​ស្រែក​ឡូឡា និង​គំរាម​ទារ​យក​ដាវ​ពី​ឈ្មោះ ឈាង ឆេង វិញ តែ​មេភូមិ​រូបនេះ​ពុំ​ព្រមឱ្យ​ហើយ​យក​ដាវនោះ​ទៅ​ប្រគល់ជូន​ប៉ូលិស​ប៉ុស្ដិ៍​កំពង់​កុង​តែម្ដង។ ចំណែ​ក​​ជនសង្ស័យ​ក៏​វិល​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​តែម្ដង​។​

    លុះ​ព្រឹក​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលា​ម៉ោង១០ និង ៣០​នាទី​ព្រឹក ប៉ូលិស​ប៉ុស្ដិ៍​កំពង់​កុង​បាន​កោះហៅ​ជនសង្ស័យ អ៊ុច រិ​ទ្ធ មក​ធ្វើការសាកសួរ និង​អប់រំ​ណែនាំ​នៅ​ប៉ុស្ដិ៍​រដ្ឋបាល។​

    ពេល​កំពុងតែ​សាកសួរ ស្រាប់តែ​ជនសង្ស័យ​បាន​រត់គេច​ពុំ​ព្រម​ទទួល ការអប់រំ​ណែនាំ​ពី​ប៉ូលិស​ទេ។ ​ពេលនោះ​លោកនាយ​រង  ប៉ុស្ដិ៍(​ជនរងគ្រោះ​) បាន​រត់​ដេញតាម​ពីក្រោយ ស្រាប់តែ​ជនសង្ស័យ​បាន​ទាញយក​ដំបង​ឈើ​ជ្រុង​វាយ​មកលើ​ជនរងគ្រោះ​ត្រូវចំ​កំភួនដៃ​ស្ដាំ​យ៉ាង​ពេញទំហឹងបណ្ដាលឱ្យ​បាក់​ដំបង​ឈើ​នោះ​ផ្លាត​ចំ​បបូរមាត់​ជនរងគ្រោះ​ហូរ​ចេញឈាម។ ​តែ​ជនរងគ្រោះ និង​កម្លាំង​ប៉ុស្ដិ៍ផ្សេងទៀត ព្យាយាម​ចាប់​នាំខ្លួន​ជនសង្ស័យទាល់តែ​បានមក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​តែម្ដង​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់