adverise with khmeread Untitled 1

ខឹង​ម្តាយ​មិនបាន​ដាំបាយ​ឱ្យ​ស៊ី​ចាប់​បោក​ម្តាយ​ផ្ទប់​នឹង​គ្រែ​...​ជាប់​ខ្នោះ

    កណ្តាល ៖ បុរស​ម្នាក់​ខឹង​ម្តាយ​មិនបាន​ដាំបាយ​ឱ្យ​ស៊ី​ចាប់​បោក​ម្តាយ​ផ្ទប់​នឹង​គ្រែ​របួស ​និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ កាលពី​ថ្ងៃទី១៥​​ វិច្ឆិកា​ ២០១៦ វេលា​ម៉ោង១២ ​និង​៣០នាទី នៅ​ចំណុច ភូមិ​ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​ បានគេច​ខ្លួន​រហូតដល់​ព្រឹក​ថ្ងៃទី១៦ ​វិច្ឆិកា​ ទើប​ចាប់ខ្លួនបាន។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ មៀល សុខន ភេទស្រី អាយុ ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ ភូមិ​ព្រែក​គ្រួស ឃុំ​ព្រែកអំបិល ស្រុក​ស្អាង ខេត្តកណ្តាល (​ត្រូវជា​ម្តាយ​ជនសង្ស័យ​) ។​

    ចំណែក​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ រិ​ទ្ធ ឡៃ​ហ៊ាង ហៅ អូន​ទូច ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅភូមិ​ព្រែក​គ្រួស ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល។ វត្ថុតាង​ចាប់យក ទូរទស្សន៍​០១​គ្រឿង និង កៅអី​ជ័រ ០៣ បាក់បែក​ប្រើការ​មិនបាន​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១៥ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង​១២​ និង​៣០​នាទី ឈ្មោះ មៀល សុខន ត្រូវជា​ម្តាយបង្កើត ឈ្មោះ រិ​ទ្ធ ឡៃ​ហ៊ាង ហៅ អូនទូច មកពី​រក​ស្មៅ​គោ​ដល់ផ្ទះ។ ​ស្រាប់តែ កូនប្រុស ឈ្មោះ រិ​ទ្ធ ឡៃ​ហ៊ាង បាន​សួរ​ម្តាយ​ខ្លួន​ថា "​នៅផ្ទះ​មិន​ដាំបាយ​ស៊ី"​។ ​បាន​ម្តាយ​សួរថា "​ប្រពន្ធ​ហ្ហែងនៅផ្ទះ​ក៏​មិន​ដាំបាយ​ស៊ីផង​ទៅ​"​។​

    ពេលនោះ​ឈ្មោះ ឡៃ​ហ៊ាង ឆ្លើយថា​ "ប្រពន្ធ​ខ្ញុំ​ទៅរក​ត្រី​ជាមួយ​ខ្ញុំ​"។ ភ្លាមនោះ អ្នក​ទាំងពីរ​បាន​ឈ្លោះ​ប្រ​កែក​គ្នា​ទៅវិញទៅមក ស្រាប់តែ ឈ្មោះឡៃ​ហ៊ាង ខឹង​បាន​ចាប់​ម្តាយ​ខ្លួន បោក​ផ្ទប់​នឹង​គ្រែ បណ្តាល​ឱ្យ​ពក​ក្បាល​ខាងឆ្វេង​មួយកន្លែង រួច​បាន​បោក​ឆ្នាំងបាយ ទាត់​ក្រឡ​អំបិល បោក​កៅអី​ជ័រ​បាក់អស់​០៣ និង​បោក​ទូរទស្សន៍​បែក​០១​គ្រឿង ទៅ​ដី បណ្តាល​ឱ្យ​ខូចខាត​ហើយ​ឈ្មោះ រិ​ទ្ធ ឡៃ​ហ៊ាង គេចខ្លួនបាត់​តែម្តង។​

    លុះដល់​ថ្ងៃទី១៦​ ​វិច្ឆិកា ​២០១៦ វេលា​ម៉ោង០៧ ​និង​៣០នាទី ទើប​សមត្ថកិច្ច​ប៉ុស្តិ៍​ព្រែក​អំបិល​ឃាត់ខ្លួន រួច​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ស្អាងដើម្បី​ធ្វើការ​សាកសួរ និង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់