adverise with khmeread 1

មិន​ងាយ​ធ្វើ​បានទេ​! អ្នកគ្រូ​ម្នាក់នេះ​ដាក់​កិច្ចការ​ពិសេស​មួយ​ឱ្យ​សិស្ស​ធ្វើ ហើយ​សន្លឹក​កិច្ចការ​នោះ​ត្រូវ​សិស្ស​រក្សាទុក​ជាប់​ខ្លួន​ជានិច្ច​មិន​បោះបង់ចោល​ឡើយ​

    ​អត្ថបទ​បំផុសគំនិត​មួយ​នេះ​ដំបូង​ត្រូវបាន​ចុះផ្សាយ​នៅក្នុង​ទស្សនាវដ្ដី Reader’s Digest កាលពី​ប៉ុន្មាន​ឆ្នាំមុន​។ អត្ថបទ​នេះ​និយាយ​អំពី​រឿងរ៉ាវ​របស់​អ្នកគ្រូ​ដ៏​ពិសេស​ម្នាក់​ដែល​អាចធ្វើឱ្យ​កូនសិស្ស​របស់គាត់​ជឿជាក់​លើ​ខ្លួនឯង​ជាមួយ​កិច្ចការ​ដ៏​ប្រិតប្រៀង​មួយ​។​

​    ​ដូច្នេះ ខាងក្រោម​នេះ​ជា​មេរៀន​ជីវិត​ដែល​បំផុសទឹកចិត្ត​ដ៏​មិនគួរ​ឱ្យ​ជឿ ដែល​នឹង​ធ្វើឱ្យ​មនុស្ស​គ្រប់គ្នា​អាន​រួច​ចងចាំ​អស់​មួយជីវិត​។​

​    ​នៅ​ថ្ងៃមួយ អ្នកគ្រូ​គណិតវិទ្យា​ម្នាក់​មកពី​រដ្ឋ Minnesota សហរដ្ឋអាមេរិក​បាន​រៀបចំ​កិច្ចការ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​កូនសិស្ស​របស់គាត់​។ គាត់​បាន​ប្រាប់​ក្មេងៗ​ឱ្យ​សរសេរ​ឈ្មោះ​មិត្តភក្តិ​ដទៃទៀត​នៅក្នុង​ថ្នាក់រៀន​នៅលើ​សន្លឹក​ក្រដាស​មួយ​។ បន្ទាប់មក គាត់​បាន​ប្រាប់​ពួកគេ​ឱ្យ​គិត​អំពី​រឿង​ដ៏​ថ្លៃថ្លា​បំផុត​ដែល​ពួកគេ​អាច​និយាយ​អំពី​មិត្តភក្តិ​នីមួយៗ ហើយ​សរសេរ​វា​នៅលើ​ក្រដាស​។ នៅ​ចុង​ម៉ោង សិស្ស​នីមួយៗ​បានប្រគល់​ក្រដាស​របស់​ពួកគេ​ទៅឱ្យ​អ្នកគ្រូ​។​

​    ​នៅ​ថ្ងៃមួយ​ចំ​ថ្ងៃ​សុក្រ អ្នកគ្រូ​បាន​ចំណាយពេល​ដើម្បី​រៀបចំ​លទ្ធផល​កិច្ចការ​ទាំងនោះ​។ គាត់​បាន​សរសេរ​ឈ្មោះ​សិស្ស​នីមួយៗ​នៅលើ​ក្រដាស​ដាច់ដោយឡែក​មួយ​ទៀត និង​បាន​សរសេរ​ចូល​នូវ​រាល់​គំនិត​ដែល​ពួកគេ​បាន​យល់ឃើញ​ចំពោះ​គ្នា​នៅលើ​នោះ​។ នៅ​ថ្ងៃ​ចន្ទ​បន្ទាប់ គាត់​បាន​ហុច​សន្លឹក​កិច្ចការ​ដល់​សិស្ស​ទាំងអស់នោះ​។​

​    ​សិស្ស​ទាំងអស់​ពិតជា​ពេញចិត្ត​នឹង​កិច្ចការ​របស់ខ្លួន​ដែល​បានធ្វើឱ្យ​បន្ទប់​ទាំងមូល​ឮ​តែ​សំឡេង​ខ្សឹបខ្សៀវ និង​ការ​បញ្ចេញយោបល់​ដូចជា "​តើ​នេះ​ពិតជា​សម្រាប់​ខ្ញុំ​មែន​ទេ​?" ខណៈ​អ្នក​ខ្លះទៀត​និយាយថា "​ខ្ញុំ​ពិតជា​មិនដឹងថា អ្នក​រាល់គ្នា​ចូលចិត្ត​ខ្ញុំ​ខ្លាំង​បែបនេះ​សោះ​"​។ សិស្ស​ទាំងអស់​មិនបាន​ពិភាក្សា​ពី​លទ្ធផល​នោះ​ឮៗ​អំឡុង​ម៉ោង​រៀន​នោះទេ ប៉ុន្តែ​អ្នកគ្រូ​ដឹងថា គាត់​បានសម្រេច​គោលដៅ​របស់គាត់​។ សិស្ស​របស់គាត់​ពិតជា​ក្លាយជា​មនុស្ស​មានការ​ជឿ​ជាក់​លើ​ខ្លួនឯង បន្ទាប់ពី​ធ្វើ​កិច្ចការ​ដ៏​ពិសេស​នេះ​។​

​    ​ប៉ុន្មាន​ឆ្នាំ​ក្រោយមក សិស្ស​ម្នាក់​ឈ្មោះ Mark Eklund ត្រូវបាន​សម្លាប់​ក្នុងប្រទេស​វៀតណាម​។ ពិធី​បុណ្យសព​បាន​ប្រារព្វ​នៅ​រដ្ឋ Minnesota ហើយ​មិត្តភក្តិ​របស់ Mark ទាំងអស់ និង​អ្នកគ្រូ​គណិតវិទ្យា​បាន​ចូលរួម​ពិធីបុណ្យ​។ បន្ទាប់ពី​ពិធីបុណ្យ ឪពុក​របស់​បុរស​ម្នាក់​នេះ​បាន​ដើរមក​ជិត​អ្នកគ្រូ ហើយ​បាន​និយាយថា "​ខ្ញុំ​ចង់បង្ហាញ​អ្នកគ្រូ​នូវ​របស់​មួយ​"​។ គាត់​បាន​លូក​ហោប៉ៅ​របស់គាត់ ហើយ​ទាញ​ក្រដាស​ដ៏​ចាស់​មួយ​។ ក្រដាស​នោះបាន​បត់​ជាច្រើន​តង់​។ គាត់​បានប្រគល់​ក្រដាស​នោះ​ទៅឱ្យ​អ្នកគ្រូ​ហើយ​បាន​និយាយថា "​ពួកគេ​បាន​រកឃើញ​របស់​នេះ​នៅក្នុង​ចំណោម​របស់រប​រ​របស់​កូនប្រុស​ខ្ញុំ​។ តើ​អ្នកគ្រូ​ដឹងថា​វា​ជា​អ្វី​ទេ​?"​។ ក្រដាស​នោះ​គឺជា​បញ្ជីរឿង​ល្អៗ​ដែល​មិត្តភក្តិ​របស់ Mark បាន​សរសេរ​អំពី​គាត់​។​

​    ​ម្តាយ​របស់​បុរស​ម្នាក់​នេះ​បាន​និយាយថា "​អរគុណ​អ្នកគ្រូ​ដែល​បានធ្វើ​រឿង​បែបនេះ​។ កូនប្រុស​របស់​ពួកយើង​បាន​យកចិត្តទុកដាក់​ចំពោះ​ក្រដាស​នេះ​ខ្លាំងណាស់​"​។​

​    ​បន្ទាប់មក រឿង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​។ អតីត​មិត្ត​រួម​ថ្នាក់​របស់ Mark បាន​ទាញ​ក្រដាស​កិច្ចការ​របស់​ពួកគេ​។ ពួកគេ​ភាគច្រើន​បាន​ទុក​ក្រដាស​នោះ​នៅក្នុង​កាបូប ខណៈ​អ្នក​ខ្លះទៀត​បាន​ទុក​ក្នុង​អាល់​ប៊ុ​ម​រូបថត​។ បុរស​ម្នាក់​បាន​និយាយថា "​ខ្ញុំ​គិតថា យើងទាំងអស់គ្នា​បាន​រក្សា​ក្រដាស​ទាំងនេះ​។ តើ​យើង​អាច​បោះចោល​របស់​បែបនេះ​ម្តេច​បាន​ទៅ​?"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់