adverise with khmeread 1

កម្ពុជា​នឹងមាន​ទីលាន​ស្គី​ទឹកកក​ស្តង់ដារ​អន្តរជាតិ​នៅ​ឆ្នាំ​២០១៨ ត្រៀម​ស៊ី​ហ្គេម ២០២៣

    ភ្នំពេញ ៖ សហព័ន្ធ​កីឡា​ស្គី​ទឹកកក​កម្ពុជា គ្រោង​នឹង​សាងសង់​ទីលាន​ស្ដង់ដា​អន្តរជាតិ​មួយ​ផ្ទាល់ខ្លួន ដើម្បី​ទទួល បាន​សិទ្ធិ​ចូល​ជា​សមាជិក​របស់​សហព័ន្ធ​កីឡា​ស្គី​ទឹកកក​ពិភពលោក ហើយក៏​ជាការ​ត្រៀមខ្លួន​ឱ្យបាន​សមស្រប មុន​កម្ពុជា​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ខាងមុខ​ផងដែរ​។​

    កញ្ញា ឡុង សិ​ធា​វី អគ្គលេខាធិការ សហព័ន្ធ​កីឡា​ស្គី​ទឹក​ក​កម្ពុជា​បានឱ្យដឹងថា ការសាងសង់ ទីលាន​ថ្មី​នេះ​សហព័ន្ធ​ស្គី​ទឹកកក​កម្ពុជា​ត្រូវ​ចំណាយ​រយៈពេល​៣​ឆ្នាំ​ដែរ ក្នុង​ការងារ​បំពេញ​ភាពខ្វះខាត​មួយចំនួន ដែល​នៅ​សេសសល់ ដើម្បី​សម្រប​ទៅតាម​លក្ខខណ្ឌ​របស់​ស​ហ​ព័ន្ធ​កីឡា​ស្គី​ទឹកកក​ពិភពលោក ដោយ​ត្រូវ​បញ្ចប់​ឱ្យបាន​រួចរាល់​ត្រឹម​ឆ្នាំ​២០១៨​។​

    អគ្គលេខាធិការ​រូបនេះ​បញ្ជាក់ថា បច្ចុប្បន្ននេះ​ទីលាន​ស្គី​ទឹកកក​កម្ពុ​ជាមាន​តែមួយ​ប៉ុណ្ណោះ គឺ​ស្ថិតនៅ ជាន់​ទី​៤​ផ្សារ​ទំនើប​អ៊ី​អន ដែល​ទីលាន​នោះ​ពុំទាន់​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ឱ្យ​សហព័ន្ធ​កីឡា​ស្គី​ទឹកកក ពិភពលោក​ទទួលយក​បាន​នៅឡើយ​ទេ​។ 

    កញ្ញា​បាន​បន្ថែមថា កម្ពុជា​បានរៀបចំ​ការចុះ​ជា​សមាជិក​ស្គី​ទឹកកក​ពិភពលោក កាលពី​ឆ្នាំមុន​មកម្ល៉េះ  ប៉ុន្តែ​ដោយសារ​យើង​នៅ​ខ្វះខាត​ចំណុច​មួយចំនួន ដែល​ត្រូវបំពេញ​ទៅតាម លក្ខខណ្ឌ​របស់​ពិភពលោក ដូច្នេះហើយ​យើង​ត្រូវមាន​ទីលាន​ស្តង់ដារ​មួយ ដែលមាន​បណ្តោយ​៦០​ម៉ែត្រ ទទឹង​៣០​ម៉ែត្រ​។ 

    អគ្គលេខាធិការ​រូបនេះ​អះអាងថា យ៉ាងហោចណាស់​នៅ​ឆ្នាំ​២០១៨ កម្ពុជា​នឹង​សាងសង់ ទីលាន​ស្គី​ទឹកកក តាម​ស្តង់ដារ​អន្តរជាតិ​មួយ​បន្ថែមទៀត​។​

    សូមបញ្ជាក់ថា កីឡា​ស្គី​ទឹកកក​កម្ពុជា​ទើបនឹង​មាន​ក្នុង​រយៈពេល​២​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​កីឡាករ​មួយចំនួន ធ្លាប់បាន​ដណ្តើម​មេដាយមាស ប្រាក់ និង​សំរិទ្ធ​ពី​ព្រឹត្តិការណ៍​អន្តរជាតិ ថ្នាក់​តំបន់​អាស៊ាន បានជា​បន្តបន្ទាប់ កាលពីពេល​កន្លងទៅ​៕(​រូបភាព​ឯកសារ​)

adverise with khmeread

មតិយោបល់