adverise with khmeread Unnamed %282%29

ទីប្រឹក្សា​ប្រធានរដ្ឋសភា​ទៅ​លើកទឹកចិត្ត​​កីឡាករ​អុំទូក​ខេត្តបន្ទាយមានជ័យ​

    ភ្នំពេញ ៖ លោក មួន វាសនា ទីប្រឹក្សា​ប្រធានរដ្ឋសភា​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​សំណេះសំណាល និង​លើកទឹកចិត្ត​ដល់​កីឡាករ​ទូក​ឈ្មោះ សុវណ្ណ​រាជ សី​បារមី​បន្ទាយ​មហានគរ មកពី​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃទី១៥ ដែលជា​ថ្ងៃទី​៣​នៃ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ឆ្នាំ​២០១៦​។​

    លោក មួន វាសនា មានប្រសាសន៍ថា ក្នុងនាម​លោក​ដែលមាន​ស្រុកកំណើត​នៅ​ស្រុក​មង្គលបុរី និង​មិត្ត​ភ័ក្ត្រ​ជាច្រើនរូប​ទៀត​បានមក​ជួបជុំគ្នា ដើម្បី​មក​សំណេះសំណាល​ជាមួយ​កីឡាករ​អុំទូក​មកពី​ខេត្ត​បន្ទាយ មានជ័យ​លើកទឹកចិត្ត ក៏ដូចជា​ចង់ដឹង​សុខទុក្ខ​របស់​ពួកគាត់​ថា​ដំណើរការ​នៃ​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​យ៉ាង ណា​ដែរ​។ 

    លោក​បន្តថា  នៅថ្ងៃនេះ​អតីត​សិស្ស​មង្គលបុរី ហើយក៏​ជា​អ្នក​ធ្លា​ប់រស់​និង​មាន​ស្រុកកំណើត​ជាមួយនឹង​កីឡាករ​អុំទូក នេះ​បាននាំគ្នា​រួមចំណែក​ថវិកា និង​គ្រឿង​ហូបចុក​មួយចំនួន​ជូន​ដល់​កីឡាករ និង​លើកទឹកចិត្ត​ជូន​ដល់​ពួកគាត់​។​

    លោក​បន្តថា “​ខ្ញុំ​តំណាង​ឲ្យ​កីឡាករ​ទាំងអស់​មកពី​ខេត្តបន្ទាយមានជ័យ​សូម​ថ្លែងអំណរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បានរៀបចំ​ពិធីបុណ្យ​អុំទូក​ឡើងវិញ នៅ​ឆ្នាំ​២០១៦​នេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មកពី​ទូទាំងប្រទេស​បាន​ចូល រួម​លេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ដោយ​ពិធី​បុណ្យអុំទូក​នេះ​មាន​តាំងពី​បុ​រម​បុរាណ​មក ដែល​ដូនតា​បុព្វបុរស ខ្មែរ​បន្សល់ទុក​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយនេះ​។ ការប្រកួត​កីឡា​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​សាមគ្គីភាព មិត្តភាព នៅក្នុង​ស្រទាប់​ប្រជាជាតិ​ខ្មែរ​ទាំងមូល និង​ការថែរក្សា​ប្រទេសជាតិ និង​ការអភិវឌ្ឍ​ឱ្យ​ជឿនលឿន​ទៅ​មុខជា​បន្ត ទៀត​”​។​

    ចំណែកឯ លោក ឡាំ ឡុង អ្នកគ្រប់គ្រង​ទូក​សុវណ្ណ​រាជ សី​បារមី​បន្ទាយ​មហានគរ ខេត្តបន្ទាយមានជ័យ បាន​មានប្រសាសន៍​ដែរ​ថា ដោយមាន​ការសហការ​គ្នា​ល្អ និង​ការខិតខំ​យ៉ាងខ្លាំង​ពី​កីឡាករ​ចំណុះ​ទូក​របស់ លោក​ទាំងអស់គ្នា ធ្វើ​ឲ្យ​ទូក​សុវណ្ណ​រាជ សី​បារមី​បន្ទាយ​មហានគរ​ឈ្នះ​២​ថ្ងៃ​ជាប់ៗ​គ្នា ទាំង​៤​ជើង​តែម្តង នៅ​ថ្ងៃ​ផ្តាច់ព្រ័ត្រ លោក​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ដណ្តើម​ជ័យលាភី និង​គោរព​តាម​ការណែនាំ​របស់ គណៈកម្មការ​បច្ចេកទេស ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​បុណ្យជាតិ​ដ៏​ធំ​មួយ​នេះ​ទទួលបាន​ជោគជ័យ​បន្ថែម ទៀត​។​

    លោក​បន្ថែមថា សម្រាប់​ការហូបចុក​ស្នាក់នៅ និង​ការប្រកួត​មិនមាន​អ្វី​ជា​បញ្ហា​ឡើយ ពោលគឺ​ដំណើរ ការ​ដោយ​រលូន​ជាពិសេស​គឺមាន​ការគាំទ្រ និង​លើកទឹកចិត្ត​យ៉ាងខ្លាំង​ពី​សំណាក់​លោក​មួន វាសនា និង​អ្នក ស្រុក​មង្គលបុរី​ជាច្រើន​នាក់ រួមទាំង​សប្បុរសជន​នានា​ផ្សេងៗ​ទៀតផង​ដែរ​។​

    សូម​រំឭកថា ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៦​នេះ មាន​ទូកង បុរស​នារី​ចូលរួម​សរុប​ចំនួន​២៥៦ ដែលមាន​កីឡាករ កីឡាការិនី​ចំណុះ​ទូក​សរុប​ជាង​១៦០០០​នាក់​មកពី​រាជ ធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​៕

adverise with khmeread

មតិយោបល់