Unnamed

ប៉េអឹម​នាំ​ឃាតករ​មក​ធ្វើ​ត្រាប់​តាម​សកម្មភាព​ដើម​ពេល​សម្លាប់​នារី​រងគ្រោះ​ប្លន់​យក​ទ្រព្យ សម្បត្តិ​យកលុយ​ទៅ​ជក់​ថ្នាំ ​និង​លេងល្បែង ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួនបាន​ឃាតករ​កាលពី​ល្ងាច​ថ្ងៃ​១៧ ​វិច្ឆិកា​ម្សិល​មិញ ទើប​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ម៉ោង​១១​ ​ថ្ងៃត្រង់ ថ្ងៃទី​១៨ ​ខែវិច្ឆិកា​នេះ​បាន នាំ​ឃាតករ មក​ធ្វើ​ត្រាប់​តាម​សកម្មភាព​ដើម​អំឡុង​ពេលដែល​ឃាតករ​សម្លាប់​នារី​រងគ្រោះ​នៅក្នុង​ផ្ទះល្វែង  រហូត​យកទៅ បោះចោល​នៅក្នុង​គំនរ​សំរាម។ 

    សមត្ថកិច្ច​បាន​នាំទៅ​ធ្វើ​ត្រាប់​តាម​នេះ គឺ​សមត្ថកិច្ច​បាន​យក​ម៉ា​ឡា​កាំ​ង​តំណាងឱ្យ​នារី​រងគ្រោះ​ដើម្បីឱ្យ​ឃាតករ​រៀបរាប់​ និង​បង្ហាញ​សកម្មភាព​ដ៏​ឃោរឃៅ​របស់​វា​តាម​ចម្លើយសារភាព។ 

    យោងតាម​ការបញ្ជាក់រ​បស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បង្ហាញថា កាលពី​ថ្ងៃទី​១៦ ​វិច្ឆិកា ​២០១៦ មាន​ករណី​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​នារី​ម្នាក់​ត្រូវបាន​គេ​សម្លាប់​យកទៅ​ផ្លុ​ង​ចោល​ក្នុង​គំនរ​សំរាម​តាម​បណ្ដោយ​ផ្លូវ​១០០៣ ស្ថិតនៅ​ភូមិ​ទំនប់​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    ជនរងគ្រោះ ឈ្មោះ កែវ កញ្ញា ភេទ​ស្រី អាយុ​១៩​ឆ្នាំ ​មុខរបរ​បុគ្គលិក​ក្លិប​៥៥ ស្នាក់នៅ​ភូមិ​តា​នូ សង្កាត់​ចាក់អង្រែរ​ក្រោម ខណ្ឌ​មាន​ជ័យ​។​

    លុះ​នៅ​ថ្ងៃទី​១៧ ​វិច្ឆិកា​ ២០១៦ អាវុធហត្ថ​រាជធានី​ភ្នំពេញ​បានធ្វើការ​ស្រាវជ្រាវ​តាមដាន​ជា​បន្ត​បន្ទាប់ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ រហូតដល់​ស្រុក​កោះធំ​ ខេត្តកណ្តាល ទើប​ចាប់​ឃាតករ​បាន ដោយមាន​ការសហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្តកណ្តាល ​និង​កម្លាំង​ប៉ូលិស​រាជធានី​ភ្នំពេញ។​

    តាម​ចម្លើយសារភាព​របស់​ឃាតករ​ឈ្មោះ យ៉េន សុ​បញ្ញា អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​បានឱ្យដឹងថា ខ្លួន​និង​នារី​រងគ្រោះ​ជា​អ្នក​ស្គាល់គ្នា​យូរហើយ នៅ​រសៀល​ថ្ងៃទី​១៥ ​វិច្ឆិកា​ ២០១៦ ឃាតករ​បាន​ខ្ចី​សោ​ផ្ទះ​មិត្តភក្តិ​ម្នាក់​ដែល​ចាំផ្ទះ​ឱ្យ​បងប្អូន​ក្នុង​បូរី​ប៉េង​ហួត ស្ថិតនៅ​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី ដោយ​ប្រាប់ថា​នាំ​ស្រី​មក​ដេក​។​

    បន្ទាប់មក​ឃាតករ​បាន​តេ​រក​ជនរងគ្រោះ ឱ្យ​រកលុយ​លោះ​ទូរស័ព្ទ អាយ​ហ្វូ​ន​ខ្លួន​យកទៅ​ប្រើ ដោយ​ខ្លួន​បានដាក់​បញ្ចាំ​ ៣០​ ដុល្លារ​តែ​មិនមាន​លុយ​លោះ​យក​វិញ​។​

    នៅវេលា​ម៉ោង​ប្រហែល​ ៤ ​ល្ងាច ថ្ងៃ​ដដែល​ជនរងគ្រោះ​ចេញពី​កន្លែងធ្វើការ ក៏បាន​ទៅ​ជួប​ឃាតករ​នៅ​ម្តុំ​ផ្សារ​ឃ្លាំង​រំសេវ ហើយ​ឃាតករ​បាន​ប្រាប់ថា អ្នកទទួល​បញ្ចាំ​ឱ្យ​ទៅយក​ទូរស័ព្ទ​នៅផ្ទះ​ឯ​បុរី​ប៉េង​ហួត​ផ្លូវ​ឧកញ៉ា​ម៉ុង​ឬ​ទ្ធី។​

    ជនរងគ្រោះ​ក៏បាន​ជូន​ឃាតករ​ទៅ​ទីនោះ ពេលទៅដល់​ពួកគេ​បាន​ចូល​ក្នុងផ្ទះ ហើយ​ឃាតករ​ក៏បាន​យក​ខ្សែភ្លើង​ចង្ក្រានអគ្គិសនី​រឹត​ករ​ជនរងគ្រោះ​សម្លាប់​ និង​យក​ខ្សែពួរ​ចងដៃ​ចងជើង​បត់​ទៅក្រោយ រួច​យក​ភួយ​មក​រុំ​និង​ចងខ្សែរ​ពី​ក្រៅ​មួយ​ជាន់​ទៀត។​

    បន្ទាប់មក​ច្រកចូល​ក្នុង​ថង់​ធំ រួច​លើ​ដាក់​លើ​តួ​ម៉ូតូ​ខាងមុខ​របស់​ជនរងគ្រោះ ដឹក​យកទៅ​ទម្លាក់ចោល​នៅ​គំនរ​សំរាម​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ម៉ោង​ប្រហែល​ជិត​៦​ល្ងាច បន្ទាប់មក​យក​ម៉ូតូ​ជនរងគ្រោះ​ទៅ​បញ្ចាំ ដើរលេង​ជក់​ថ្នាំ​ជាមួយ​មិត្តភក្តិ​ពេញ​មួយ​យប់​មួយថ្ងៃ ទើប​ទៅ​សម្រាក់​នៅផ្ទះ​ជីដូន​ឋិត​នៅ​ផ្លូវ​វេ​ង​ស្រេង​មួយ​យប់។​

    លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៧ ​វិច្ឆិកា​ ២០១៦ ​ឃាតករ​នៅ​មិន​សុខ ខ្លាច​សមត្ថកិច្ច​ចាប់បាន​ក៏​គេចខ្លួន​ទៅផ្ទះ​ជីដូន​ខាង​ឪពុក​ចុង​ម្នាក់ទៀត នៅ​ស្រុក​កោះធំ ខេត្តកណ្តាល តែ​ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​តាម​ទៅ​ចាប់បាន​នៅ​ទីនោះ​តែម្តង​ដោយ​សហការ​ជាមួយ​អាវុធហត្ថ​ខេត្តកណ្តាល​។​

    ឃាតករ​បាន​ឆ្លើយ​ដោយ​ក្លាហាន​បន្ថែមថា ដោយសារ​កន្លងមក​ខ្លួន​ជំពាក់​លុយ​គេ​ ២០០ ​ដុល្លារ​ផង និង​ដោយសារ​ប្រើប្រាស់​គ្រឿងញៀន​ជាប់​ជាប្រចាំ​ផង ទើប​ធ្វើឱ្យ​ខ្លួន​គិត​អី​មិន​ចេញ ក៏​ដាច់ចិត្ត​សម្លាប់​ជនរងគ្រោះ​ដើម្បី​ប្លន់​យក​ទ្រព្យសម្បត្តិ​យ៉ាង​ដូច្នេះ​តែម្តងទៅ​។​

    តាម​ប្រភពពី​ភ្នាក់ងារ​ព័ត៌មាន​យើង​បានឱ្យដឹង​បន្ថែមថា ឃាតករ​បាន​ប្លន់​យក​ទ្រព្យ សម្បត្តិ​របស់​នារី​រង​គ្រោះ​មានដូចជា ម៉ូតូ​១​គ្រឿង​ម៉ាក​ស្កុប​ពី​ឆ្នាំ​២០១៣ ខ្សែជើង​១​គូ ចិញ្ចៀន​១ គូ និង​ទូរស័ព្ទ​អាយ​ហ្វូ​ន​១​គ្រឿង ដោយ​យកទៅ​បញ្ចាំ​នៅ​ហាង​បញ្ចាំ​មួយកន្លែង​ម្តុំ​ឃ្លាំង​រំសេវ ក្នុង​ចំនួន​ទឹកប្រាក់ ម៉ូតូ​បាន​៣៥០​ដុល្លារ ខ្សែជើង​១​គូ​ចិ​ញ្ជៀ​ន​១​គូ បាន​ប្រាក់​៨០​ដុល្លារ និង​អាយ​ហ្វូ​ន​បាន​ប្រាក់​៧០​ដុល្លារ ដោយ​ឃាតករ​យកទៅ​ជក់​គ្រឿងញៀន និង​លេងល្បែង ណេ​ត​២៤​ម៉ោង៕

 

មតិយោបល់