Untitled 1

នាយរង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តមណ្ឌលគិរី​ម្នាក់​ឆក់​ខ្សែភ្លើង​ទាក់​សត្វ​ស្លាប់​ក្នុង​ចម្ការ​

    ម​ណ្ឌា​ល​គិរី ៖ នាយរង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តមណ្ឌលគិរី​ម្នាក់​ក្រោយពី​គាត់​ទំនេរ​ពី​ការងាររាជការ ឆ្លៀត​ដើរទៅ​មើលថែទាំ​ដំណាំ  ហើយ​នឹកស្មាន​មិន​ដល់​បាន​រងគ្រោះ​ឆក់​ខ្សែភ្លើង​ពួក​ទាក់​សត្វ​បណ្តាលឱ្យ​ស្លាប់​បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​៥២​នាទី​រសៀល​ថ្ងៃទី​១៧ វិច្ឆិកា ២០១៦ ស្ថិតក្នុង​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយ​ទទួលបាន​ដំណឹង​ភ្លាម កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​រួម​នឹង​មន្ត្រី​បច្ចេកទេស​សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ពេ​ជ្រា​ដា បាន​ចុះ​ទៅដល់​កន្លែង​ពិនិត្យ​កើតហេតុ​និង​ពិនិត្យ​សាកសព ។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា  ជនរងគ្រោះ​ឈ្មោះ​សន ភឿន ភេទ​ប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ លំនៅ​ភូមិ​មេ​ប៉ៃ ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា មុខរបរ​នាយរង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តមណ្ឌលគិរី។​

    សមត្ថកិច្ច​បន្តថា នៅ​កន្លែងកើតហេតុ​ប៉ូលិស​បាន​រកឃើញ​ខ្សែលួស​សម្រាប់​ភ្ជាប់​ចរន្ត​ភ្លើង​ពី​អាគុយ​សម្រាប់​ដាក់​ឆក់​សត្វ​ប្រវែង​២០០ ម៉ែត្រ។ ​តែ​មិនមាន​សាកសព​នៅ​កន្លែង​ខ្សែលួស​ឆក់​នោះទេ​។ សាកសព​ត្រូវបាន​អ្នក​ប្រើ​ខ្សែ​ឆក់​លើក​យកទៅ​លាក់ទុក​ក្នុងព្រៃ​ស្មៅ​ចំងាយ​៨០ ម៉ែត្រ​ពី​កន្លែងកើតហេតុ។​

    សមត្ថកិច្ច​បន្តថា  ក្នងពេល​ពិនិត្យ​សាកសព​ប៉ូលិស​បាន​រកឃើញថា ជើង​របស់​ជនរងគ្រោះ​ទាំងសងខាង​មាន​ស្នាម​លួស​ឆក់​មុត​ជំរៅ​ដល់​ឆ្អឹង​ស្មងជើង​ប្រវែង​៤ ស​.​ម​។​ ក្រៅពីនោះ​មិនមាន​ស្លាកស្នាម​អ្វី​ឡើយ​។​

    ប៉ូលិស​ជំនាញ​សន្និដ្ឋានថា ពិតជា​ស្លាប់​ដោយ​ចរន្ត​ភ្លើង​អាគុយ​ឆក់​មែន ហើយ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ដែល​ប្រើ​ចរន្តអគ្គិសនី​ឆក់​សត្វ បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់