ក្របខ័ណ្ឌបាល់ទាត់អង់គ្លេស Premier Leauge បានយល់ព្រមធ្វើកិច្ចព្រមព្រៀងធំថ្មីមួយសម្រាប់សិទ្ធិទូរទស្សន៍របស់ខ្លួនក្នុងប្រទេសចិន ដែលអាចមានតម្លៃដល់ទៅ ៧០០ លានដុល្លារ។
កិច្ចសន្យារយៈពេល ៣ ឆ្នាំជាមួយទូរទស្សន៍ PPTV របស់ចិន គ្រោងនឹងក្លាយជាការលក់សិទ្ធិផ្សាយក្រៅប្រទេសធំបំផុតមិនធ្លាប់មានរបស់លីកអង់គ្លេស។
ប្រភពរបស់ទូរទស្សន៍ PPTV បានប្រាប់ទូរទស្សន៍ BBC ថាកិច្ចព្រមព្រៀងកំពុងស្ថិតនៅនឹងកន្លែងហើយ។
ប្រសិនបើតម្លៃដែលបានរាយការណ៍នេះត្រូវបានបញ្ជាក់ វានឹងមានតម្លៃខ្ពស់ជាងកិច្ចព្រមព្រៀងរបស់ទូរទស្សន៍ China TV បច្ចុប្បន្នជាមួយលីកអង់គ្លេស ដល់ទៅ ១០ ដង។
ប៉ុស្តិ៍ PPTV គឺកាន់កាប់ដោយក្រុមហ៊ុនលក់រាយចិន Suning ដែលបានវិនិយោគក្នុងបាល់ទាត់អឺរ៉ុបរួចហើយ បន្ទាប់ពីក្រុមហ៊ុននេះបានទិញភាគហ៊ុនគ្រប់គ្រងក្លិបបាល់ទាត់អ៊ីតាលី Inter Milan កាលពីខែមិថុនា។
ប្រធានាធិបតីស៊ីជីនពីងបានដឹកនាំការជំរុញទឹកចិត្តដល់ក្រុមហ៊ុននានាឱ្យវិនិយោគឱ្យបានច្រើនក្នុងបាល់ទាត់ ដើម្បីប្រែក្លាយប្រទេសចិនឱ្យទៅជាមហាអំណាចបាល់ទាត់។
លោកបានកំណត់គោលដៅឱ្យប្រទេសចិនក្លាយជាសេដ្ឋកិច្ចខាងវិស័យកីឡាធំបំផុតរបស់ពិភពលោកត្រឹមឆ្នាំ ២០២៥៕
ប្រភព៖ BBC
