អ្នកចាត់ការទូទៅលោក Jurgen Klopp និយាយថា អនាគតរបស់ Philippe Coutinho គឺអាស្រ័យលើហង្សក្រហម Liverpool ជាអ្នកសម្រេច ក្រោយមានការរំពឹងទុកជាច្រើនទៅលើការផ្សាភ្ជាប់ទៅលើខ្សែបម្រើប្រយុទ្ធដ៏សំខាន់រូបនេះជាមួយនឹងការចាកចេញពីក្លឹប។
តារាបាល់ទាត់អន្តរជាតិប្រេស៊ីលវ័យ ២៤ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុកថាជាតារាបាល់ទាត់ដ៏មានឥទ្ធិពលម្នាក់ក្នុងការជួយឱ្យហង្សក្រហមឈរនៅលើកំពូលតារាងនៃលីកកំពូលអង់គ្លេស Premier League ដោយគាត់អាចស្វែងរកគ្រាប់បាល់បានចំនួនប្រាំគ្រាប់ និងបង្កើតឱ្យមានការបញ្ជូនបាល់ដល់មិត្តរួមក្រុមស៊ុតបញ្ជូលទីប្រាំគ្រាប់ផ្សេងទៀតក្នុងលីក។
អ្វីដែលជាការរំពឹងទុកដ៏ខ្ពស់ និងគួរឱ្យព្រួយបារម្ភបំផុតសម្រាប់ប្រិយមិត្តហង្សក្រហម គឺជាការផ្សាភ្ជាប់ជាមួយនឹងការផ្ទេរចេញទៅកាន់ក្រុម Barcelona និង Real Madrid ។
Klopp បានបញ្ជាក់ថា "ក្នុងគំនិតរបស់ខ្ញុំ គាត់គឺពិតជាស័ក្តិសមបំផុតក្នុងការស្នាក់នៅទីនេះ។ យើងគ្រប់គ្នាសង្ឃឹម និងគិតពីអនាគតរបស់គាត់គឺនៅទីនេះ នៅ Liverpool ។ អ្វីដែលអ្នកគ្រប់គ្នាភ្លេចអំពី Phil គឺថាគាត់នៅតែមានវ័យក្មេងណាស់។ នៅវ័យ ២៤ឆ្នាំ គាត់មានផ្លូវដ៏វែងឆ្ងាយដើម្បីធ្វើដំណើរ ហើយនឹងមានកន្លែងជាច្រើនសម្រាប់កែលម្អ"៕
