Unnamed %284%29

ស្គាល់​អត្តសញ្ញាណ​យុវជន​ម្នាក់​ធ្លាក់​ពីលើផ្ទះ​ជុង​ដែក​របង​ស្លាប់​, ហើយសាច់ញាតិ​ចេញមក​បំភ្លឺ

    ភ្នំពេញ ​៖ យុវជន​ម្នាក់ ដែល​ត្រូវបាន​គេ​ដាក់​ការសង្ស័យថា បែក​ថ្នាំ​រត់ឡើង​ផ្ទះ​ប្រជាពលរដ្ឋ ចៃដន្យ​ធ្លា​ក់មក​ចំ​លើ​ចម្រឹង​ដែក​ស្លាប់​នោះ នៅពេលនេះ ត្រូវបាន​សាច់ញាតិ​ចេញមក​បំភ្លឺថា ជនរងគ្រោះ​មិនមែនជា​ចោរ ឬ​ជក់​ថ្នាំញៀន​នោះទេ​។​

    គួររំលឹកថា កាលពី​វេលា​ម៉ោង​៦ ​និង​២០​នាទី​ព្រឹក ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ យុវជន​ម្នាក់​សង្ស័យ​បែក​ថ្នាំ រត់​ឡើងផ្ទះ​ប្រជាពលរដ្ឋ ចៃដន្យ​ធ្លា​ក់មក​ចំ​លើ​ចម្រឹង​ដែក​ស្លាប់​ស្ថិតនៅក្នុង​ក្រុមទី​៥ ភូមិ​រោងចក្រ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

    នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ លោក ផល សុផាត អាយុ​៣៦​ឆ្នាំ មុខរបរ​ជាងមាស បានមក​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សុំ​យក​ធាតុ​របស់​ប្អូនប្រុស​គាត់​ថា គាត់​ត្រូវជា​បង​បង្កើត​របស់​សព ដែល​ស្លាប់​ដោយ​ធ្លាក់​ជង់​លើ​របង​ផ្ទះ​គេ កាលពី​យប់​ថ្ងៃទី​១៤ ខែវិច្ឆិកា​នោះ​។

    បុរស​ជាជាង​មាស​ខាងលើ បាន​ប្រាប់ថា ប្អូនប្រុស​គាត់​ដែល​ស្លាប់​នោះ​ឈ្មោះ ឆៃ​ សុភាព ហៅ ពៅ អាយុ​២២​ឆ្នាំ មុខរបរ​ជាងទង ស្នាក់នៅ​ជាមួយ​គាត់​នៅ​ម្តុំ​បឹងត្របែក ខណ្ឌចំការមន និង​មាន​ស្រុកកំណើត​នៅ នៅ​ភូមិ​កំ​ព្រៅ ឃុំ​ព្នៅ​ទី​១ ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង​។​

    បងប្រុស​របស់​សាកសព បាន​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​១៤ វិច្ឆិកា​ឈ្មោះ គង់ ពិសិដ្ឋ ជា​អ្នកភូមិ​ជាមួយគ្នា បានមក​បបួល​ប្អូនប្រុស​របស់គាត់ ទៅ​ដេក​ជាមួយ​នៅផ្ទះ​ជួល និង​ដើរលេង​បុណ្យអុំទូក​ផង ហើយក៏​នាំគ្នា​ចេញពីផ្ទះ​គាត់​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​។​

    ស្អែក​ឡើង​មិនឃើញ​ប្អូន​ត្រឡប់មកផ្ទះ​វិញ ក៏​ទូរស័ព្ទ ហៅ​តែ​មិន​លើក​ទូរស័ព្ទ​សោះ លុះ​ពេលព្រឹក​ថ្ងៃទី​១៦ ទើប​ឃើញ​កាសែត ទូរទស្សន៍​គេ​ផ្សាយ​ថា មាន​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ស្លាប់ ពេល​ពិនិត្យ​មើលទៅ​ដឹងថា សាកសព​នោះ ប្អូនប្រុស​បង្កើត​របស់​គាត់​។​

    លោក ផល សុផាត បានបញ្ជាក់​បន្ថែមថា សព​ជនរងគ្រោះ​មិនមែនជា​មនុស្ស​អាក្រក់​នោះទេ ហើយក៏​មិនមែន​ដល់​ថ្នាក់​ធ្វើ​ចោរ ឬ​ជក់​ថ្នាំញៀន​នោះដែរ និង​មិន​ដែលមាន​ពេលទំនេរ ទៅ​ដើរលេង​ផ្ដេសផ្ដាស​នោះទេ ពោលគឺ មួយថ្ងៃៗ​ជាប់​វល់​ការងារ​រកស៊ី​តែ​រហូត​។ អ្វីដែល​សង្ស័យ​សូម​សមត្ថកិច្ច​ស្រាវជ្រាវ តាមរក​ប្រភព​អ្នកយក​ទូរស័ព្ទ​របស់​សព​ជនរងគ្រោះ​ និង​តាម​សួរនាំ​ឈ្មោះ គង់ ពិសិដ្ឋ ជា​មិត្តភក្តិ​របស់​ជនរងគ្រោះ ទើប​អាចមាន​ពន្លឺ​ខ្លះៗ ក្នុងការ​តាម​ស្រាវជ្រាវ​ករណីនេះ វា​អាចជា​រឿង​ផ្សេង​៕

មតិយោបល់