adverise with khmeread Untitled 1

សេដ្ឋកិច្ច​ខេត្តសៀមរាប ចុះ​បិទ​ទីតាំង​រោងចក្រ​លាយ​ស៊ីម៉ង់ត៍​ជនជាតិ​កូរ៉េ ជា​បណ្ដោះអាសន្ន

    សៀមរាប ៖ ទីតាំង​សិប្បកម្ម លាយ​ស៊ីម៉ង់ របស់​ក្រុមហ៊ុន អ៊ុន សាន ត្រេ​ឌី​ង ជនជាតិ​កូរ៉េ ដែលមាន​ច្បាប់​អនុញ្ញាតិ ប៉ុន្តែ​ហួស​សុពលភាព មាន​ទីតាំង​មួយកន្លែង​ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ផ្អាក​បណ្តោះអាសន្ន កាលពី​វេលា​ម៉ោង១០ ​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​។​

    ប្រតិបត្តិការ​នេះ​រួមមាន កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត សហការ​ជាមួយ​កម្លាំង​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្តសៀមរាប ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ជា​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា ស្នងការរង ជា​ប្រធានការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប និង​មានការ​សម្របសម្រួល ដោយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះ​បិទ ទីតាំង​រោងចក្រ លាយ​ស៊ីម៉ង់ របស់​ក្រុមហ៊ុន អ៊ុន សាន ត្រេ​ឌី​ង​ខាងលើនេះ ជា​បណ្តោះ​អ​សន្ន ព្រោះ​ទីតាំង​នេះ បាន​ហួស​សុពលភាព​តាំងពី​ខែឧសភា​ ឆ្នាំ​២០១៦ កន្លងទៅ ដើម្បីឱ្យ​ម្ចាស់​ទីតាំង ចូលខ្លួន​ផាកពិន័យ​និង​ធ្វើ​ច្បាប់​អាជីវកម្ម​ឡើងវិញ​។​

    លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត បាន​ប្រាប់​ឱ្យដឹងថា បន្ទាប់ពី​ទទួលបាន​មាន​ព័ត៌មាន​ច្បាស់ការ​ពី​កម្លាំង​សម្ងាត់​ថា មាន​ទីតាំង​ក្រុមហ៊ុន​រោងចក្រ លាយ​ស៊ីម៉ង់ យីហោ អ៊ុន សាន ត្រេ​ឌី​ង មួយកន្លែង ស្ថិតនៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប មានច្បាប់។ ​ប៉ុន្តែ​ហួស​សុពលភាព តាំងពី​ខែឧសភា ឆ្នាំ​២០១៦ មកម្ល៉េះ ទើប​លោក​បាន​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ និង​មានការ​អនុញ្ញាត​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប ទើប​លោក​បាន​បញ្ជា​ឱ្យកម្លាំង ចុះ​សហការ​ជាមួយ​កម្លាំង​មន្ទីរជំនាញ ចុះទៅ​បិទ ទីតាំង​ខាងលើនេះ ជា​បណ្តោះអាសន្ន​។​

    លោកនាយ​ការិយាល័យ​បានបញ្ជាក់​ទៀតថា អ្នកតំណាង​ឱ្យ​ក្រុមហ៊ុន​ខាងលើ​មានឈ្មោះ លឹម ថា វី ភេទ​ស្រី ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល មាន​ទីលំនៅ​ផ្ទះ​លេខ​១៥១ ក្រុម​៣១ សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ និង​លោក JO NAM KUG ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ជនជាតិ​កូរ៉េ ស្នាក់​នៅក្នុង ក្រុមហ៊ុន កាន់​ប៉ាស្ព័រ លេខ M 00645833 ជា​តំណាងឱ្យ​ម្ចាស់​ក្រុមហ៊ុន​ជនជាតិ​កូរ៉េ និង​ម្នាក់ទៀត ជា​អ្នកគ្រប់គ្រង​ខាង​ខ្មែរ មានឈ្មោះ នួន សុភាព ភេទ ប្រុស អាយុ ៣៧​ឆ្នាំ​ស្រុកកំណើត​នៅ​ភូមិ​ព្រៃទទឹង ឃុំ​វាល ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ក្រុង​-​ខេត្តសៀមរាប​។​

    លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា ចំពោះ​ការចុះ​បិទ ទីតាំង​ខាងលើនេះ គឺ​ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​ជំនាញ​ខាង​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត ដែល​បានចេញ​លិខិតអញ្ជើញ​ឱ្យ​ម្ចាស់​ទីតាំង​ខាងលើ​ចូលខ្លួន​មក​ដោះស្រាយ ចំនួន ២ ​លើក​មកហើយ (​លើក​ទី​១ នៅ​ថ្ងៃទី​១២ ខែ កក្កដា ឆ្នាំ​២០១៦ និង លើក​ទី​២ នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៦)។​

    ប៉ុន្តែ​ម្ចាស់​ទីតាំង មិន​ព្រម​ចូលខ្លួន​មក​ដោះស្រាយ តាម​ការអញ្ជើញ​របស់​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម​ខេត្ត តាម​មាត្រា​៤៣ នៃ​ច្បាប់​ស្តីពី​ការ (​គ្រប់គ្រង​រោងចក្រ និង​សិប្បកម្ម​) ទើប​ឈានដល់​ធ្វើ​ការបិទ ទីតាំង​ខាងលើនេះ​ជា​បណ្តោះអាសន្ន ដើម្បីឱ្យ​ម្ចាស់​ទីតាំង​ចូលខ្លួន​មក​ធ្វើការ​ផាកពិន័យ និង​ធ្វើ​ច្បាប់ទម្លាប់ ឱ្យបាន​ត្រឹមត្រូវ​ឡើងវិញ ទើប​អនុញ្ញាតឱ្យ​បើក​ដំណើរ​ឡើងវិញ​៕

adverise with khmeread

មតិយោបល់