adverise with khmeread A

ជឿ​ឬ​មិន​ជឿ​? ក្មេងស្រី​អាយុ ៧ ឆ្នាំ​ដែល​ត្រូវ​កង់​ត្រាក់ទ័រ​ខ្ទាត​ចំ​មុខ​សន្លប់​៣​ឆ្នាំ និយាយថា​បាន​ឡើងដល់​ឋានសួគ៌ ហើយ​ឃើញ​ពន្លឺ​នៃ​ការ​បួងសួង​របស់​ឪពុកម្តាយ​ហោះ​ទៅរក​នាង​ដល់​ឋានសួគ៌​

    ​ក្មេងស្រី​តូច​ម្នាក់​ដែល​មុខ​របស់​នាង​ត្រូវបាន​ដាច់រយះ​ក្រោយ​កង់​ត្រាក់ទ័រ​ខ្ទាត​ចំ បាន​ប្រាប់​ម្តាយ​របស់​នាង​ពី​របៀប​ដែល​នាង​បាន​ហោះ​ទៅ​ឋានសួគ៌​បន្ទាប់ពី​សន្លប់​ឥត​ដឹងខ្លួន​។​

​    ​កុមារី Amber Rose Kordiak មាន​អាយុ​ត្រឹមតែ ៧ ឆ្នាំ​ប៉ុណ្ណោះ​នៅពេល​កង់​ត្រាក់ទ័រ​ទម្ងន់ ២៧២ គីឡូក្រាម​បាន​ខ្ទាត​ចំ​មុខ​របស់​នាង​កាលពី​ខែកក្កដា ឆ្នាំ ២០១៣ ដោយបាន​កម្ទេច​ឆ្អឹង​មុខ​របស់​នាង​។​

​    ​ឪពុក​របស់​នាង​គឺ​លោក Jesse បាន​ប្រឹងប្រែង​លើក​កង់​នោះ​ចេញពី​មុខ​របស់​នាង ប៉ុន្តែ​កុមារី​ដែល​ឥឡូវ​មាន​អាយុ ១០ ឆ្នាំ​រូបនេះ បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ដែល​ឪពុកម្តាយ​របស់​នាង​បាន​គិតថា នាង​បាន​ស្លាប់​ទៅហើយ​។​

​    ​មុខ​របស់ Amber បាន​រហែក ហើយ​ឪពុក​របស់​នាង​បាន​ខំ​ប្រវេប្រវា​ជួយ​នាង ខណៈ​ពួកគេ​ធ្វើដំណើរ​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​ក្នុង​ទីក្រុង Minneapolis សហរដ្ឋអាមេរិក​។ នាង​ត្រូវបាន​នាំចូល​បន្ទប់វះកាត់​ជាបន្ទាន់ ហើយ​បាន​ធ្លាក់ខ្លួន​សន្លប់​ស្តូកស្តឹង ៣ ឆ្នាំ ហើយ​នៅពេល​នាង​ដឹងខ្លួន នាង​បាន​ប្រាប់​ម្តាយ​របស់​នាង​ថា នាង​បាន​ឡើងឋានសួគ៌​។​

​    ​អ្នកស្រី Jen Kordiak បាន​និយាយថា នៅពេល​កូនស្រី​គាត់​ដឹងខ្លួន នាង​បាន​ប្រាប់​គាត់​ថា នាង​បាន​ដើរ​តាម​ពន្លឺ​ដ៏​ភ្លឺ​រហូត​ឡើងដល់​ឋានសួគ៌​។​

​    ​Amber បាន​ពណ៌នា​ពី​របៀប​ដែល​នាង​បាន​មើល​ពី​ឧប្បត្តិហេតុ​របស់​នាង ហើយ​បានឃើញ​ឪពុក​នាង​ទាញ​កង់​ចេញ​ពីលើ​នាង​។ ហើយ​នាង​ថែមទាំង​បាន​លាតត្រដាង​ថា នាង​បាន​សម្រេចចិត្ត​មក​ផែនដី​វិញ ព្រោះ​នាង​មិន​ចង់ឱ្យ​គ្រួសារ​របស់​នាង​សោកសៅ​នោះទេ​។​

​    ​អ្នកស្រី Jen បាន​ប្រាប់​ប៉ុស្តិ៍​ទូរទស្សន៍ KSTP ថា "​កូនស្រី​បាន​និយាយថា ម៉ាក់​អើយ រាងកាយ​របស់ខ្ញុំ​បាន​អណ្តែត​ឡើង ហើយ​ខ្ញុំ​ឃើញ​ប៉ា​បី​ខ្ញុំ​។ គាត់​បាន​ទាញ​កង់ឡាន​ចេញពី​ខ្ញុំ​"​។​

​    ​អ្នកស្រី​បាន​បន្តថា "​កូនស្រី​ពិតជា​រីករាយ​នៅ​ឋានសួគ៌​។ នាង​បាន​និយាយថា នាង​អាច​ឃើញ​ពួកយើង និង​អាច​ដឹង​ច្បាស់​អំពី​ការ​ខូចចិត្ត និង​សោកស្តាយ​របស់​ពួកយើង ហើយ​បានជ្រើសរើស​មក​ពិភពលោក​នេះ​វិញ​"​។​

​    ​កុមារី Amber បាន​និយាយថា "​នៅពេល​ខ្ញុំ​បាន​ឡើងឋានសួគ៌ ខ្ញុំ​បានឃើញ​ពន្លឺ​នៃ​ការ​បួងសួង​រត់​មករក​ខ្ញុំ​ដល់​ឋានសួគ៌​"​។​

​    ​Amber បាន​ឆ្លងកាត់​ការវះកាត់​ជាច្រើន​ដើម្បី​ជួសជុល​គ្រោងឆ្អឹង​មុខ​របស់​នាង​នៅពេល​កង់​ត្រាក់ទ័រ​ខ្ទាត​ចំ​មុខ​នាង​។ ឆ្អឹង​ជាច្រើន​បាន​ខ្ទេច​ហើយ​ក្រុមគ្រូពេទ្យ​បាន​ព្យាយាម​យក​ឆ្អឹង​ពី​កន្លែង​ផ្សេង​នៃ​រាងកាយ​របស់​នាង​មក​ប៉ះប៉ូវ​"​។​

​    ​ឆ្អឹង​រង្វង់​ភ្នែក​របស់​នាង​ត្រូវតែ​ផ្លាស់ប្តូរ​ប្រសិនបើ​នាង​ចង់ឃើញ​ម្តងទៀត ហើយ​ច្រមុះ​របស់​នាង​ត្រូវ​វះកាត់​ម្តងទៀត​ដើម្បី​អាច​ដកដង្ហើម​បាន​ម្តងទៀត​ដោយ​គ្មាន​ការវះកាត់​បើក​បំពង់ខ្យល់​។​

​    ​ថ្គាម​របស់ Amber ធ្មេញ និង​សរសៃប្រសាទ​ក៏​ត្រូវតែ​ជួសជុល​ម្តងទៀត ហើយ​នាង​ក៏​របួស​ខួរក្បាល​ផងដែរ​។ ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ នៅពេល​នាង​ឈប់​លូតលាស់ ថ្គាម​របស់​នាង​នឹងត្រូវ​រៀបចំ​ម្តងទៀត​៕

​ប្រភព៖បរទេស

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់