adverise with khmeread Unnamed %286%29

ចាប់​ចោរឆក់​ទូរស័ព្ទ​ម្នាក់​...​មាន​ទាំង​ឧបករណ៍​កាច់​សោក​ម៉ូតូ​

    ភ្នំពេញ ៖ ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ដើម​គរ បាន​ឃាត់ខ្លួន​ជនសង្ស័យ​​ម្នាក់​ពីបទ​ឆក់​ទូរស័ព្ទដៃ​នៅ​ចំណុច​មុខផ្ទះ​លេខ​៣៥ ផ្លូវ​២៣១ ក្រុមទី​៣០ ភូមិ ៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៧។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ឆែត រតនៈ ហៅ​ម៉ាប់​តូច ភេទ​ប្រុស អាយុ​១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​មិន​ពិតប្រាកដ មាន​ទីកន្លែង​កំណើត ភូមិ​ត្រពាំង​ឈូក ឃុំខ្សែ​ត ស្រុក​កំពង់​រោទ៍ ខេត្តស្វាយរៀង។​

    ចំណែក​ជនរងគ្រោះ ក្មេងស្រី​អាយុ​ប្រហែល១២​ឆ្នាំ​ជនជាតិខ្មែរ (មិន​ស្គាល់​អត្តសញ្ញាណ) ក្រោយ​កើតហេតុ​ឪពុក​បាន​ដឹក​ម៉ូតូ​កង់​បី​ជិះ​ចេញទៅ​បាត់។​

    វត្ថុតាង​ចាប់យក​រួមមាន -​កាបូបស្ពាយ​ម៉ាក ​Bally មួយ​ក្នុងនោះ​មាន, ដែក​សំប៉ែត​កែឆ្នៃ​សំរាប់​កាច់ក​ម៉ូតូ​ចំនួន​០១, កូនសោរ​ខ្សៀរ​លេខ​ ៨ ​ចំនួន​០១ និង​កូនសោរ​ម៉ូតូ​ចំនួន​០១ (ចាប់យក​ពី​ជនសង្ស័យ​ឈ្មោះ ឆែត រតនៈ ហៅ​ម៉ាប់​តូច)។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ ក្មេងស្រី មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល១២​ឆ្នាំ បាន​អង្គុយលេង​ទូរស័ព្ទដៃ​ម៉ាក iPhone 5 ពណ៌​ស នៅលើ​ម៉ូតូ​កង់​បី​ដោយ​ឪពុក​បាន​ចូលទៅក្នុង​ផ្សារ​នាគ​មាស​ទិញ​ផ្លែឈើ។​

    ភ្លាមនោះ​ស្រាប់តែ​ជនសង្ស័យ​ឈ្មោះ ឆែត រតនៈ ហៅ​ម៉ាប់​តូច បាន​ដើរមក​ក្បែរ​ជនរងគ្រោះ រួច​បានធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ដៃ​ជនរងគ្រោះ ហើយ​រត់គេចខ្លួន។​

    ពេលនោះ ឪពុក​របស់​ក្មេងស្រី​ជនរងគ្រោះ បានឃើញ​ក៏​ស្រែកថា​ចោរៗ ពេលនោះ​សន្តិសុខ​ផ្សារ​នាគ​មាស ក៏បាន​ស្ទាក់​ឃាត់​ជនសង្ស័យ​បាន​រួច​សន្តិសុខ​បាន​ដកយក​ទូរស័ព្ទដៃ​ពី​ដៃ​ជនសង្ស័យ​វិញ។ ​បន្ទាប់មក​ឪពុក​ក្មេងស្រី ជនរងគ្រោះ ក៏បាន​មក​យក​ទូរស័ព្ទ​ម៉ាក ​iPhone 5 ពណ៌​ស ដៃ​ពី​សន្តិសុខ ហើយ​ដឹក​កូន​ជិះ​ម៉ូតូ​កង់​បី​ចេញទៅ​បាត់។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាមផ្លូវ​ច្បាប់៕

adverise with khmeread

មតិយោបល់