adverise with khmeread Untitled 1

បង្ហាញ​ស្នេហ៍​ស្មោះ​...​លេង​យក​សាំង​ដុត​ឱ្យស្លាប់​ជាមួយគ្នា​!!! បែរជារបួសម្ចាស់ផ្ទះទៅវិញ

    ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ក្នុង​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ដុត​សម្លាប់​អ្នកដទៃ​ឱ្យ​ស្លាប់​ជាមួយ​ខ្លួន​តែ​មិនបាន​សម្រេច​បន្ទាប់ពី​តាម​ស្រឡាញ់​មិនបាន​កាលពី​ថ្ងៃទី​១៨​ វិច្ឆិកា​ ២០១៦​ វេលា​ម៉ោង​៧ ​និង​៥០​នាទី​យប់​នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ ​9999 ផ្ទះ​លេខ​៣៧៥​ ផ្លូវ​២០០៤ ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ អៀម រដ្ឋា​ ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ មុខរបរ​រត់​កង់​បី ស្រុកកំណើត​ភូមិ​ត្នោត​ស្វាយ ឃុំ​រោងដំរី ស្រុក​បាភ្នំ ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ។​

    មន្ត្រី​បន្តថា អៀម រដ្ឋា ​បាន​ស្រឡាញ់​នារី​ម្នាក់​ឈ្មោះ​ ជា ស្រីមុំ អាយុ​២៥​ឆ្នាំ មុខរបរ​បម្រើ​មាស្សា​នៅ​កន្លែងកើតហេតុ រយៈពេល​ជាង​ពីរ​ខែ​កន្លងមកហើយ។ ​ជនសង្ស័យ​តែង​បបួល​ឈ្មោះ​ ជា ស្រីមុំ ​ឱ្យ​ឈប់​ធ្វើ​នារី​មាស្សា​ហើយ​មក​រស់នៅ​ជាមួយ​ខ្លួន​។ ​ប៉ុន្តែ​ឈ្មោះ ​ជា ស្រីមុំ ​មិន​ព្រម​ទេ ដោយសារ​មិន​ស្គាល់​សាវតា​ជនសង្ស័យ​ច្បាស់​។​

    មន្ត្រី​បន្តទៀតថា នៅ​ថ្ងៃកើតហេតុ​ជនសង្ស័យ​បាន​មករក​ឈ្មោះ ​ជា ស្រីមុំ​ នៅ​កន្លែង​ម៉ាស្សា​ហើយ​មាន​កាន់​ថង់​មួយ​ដាក់​ដបប្រេង​សាំង​ប្រហែល ​៣ ​លីត្រ​ និង​កាន់​ដែកកេះ​មួយ​ក្នុង​ដៃ បំណង​មក​ដុត​ឈ្មោះ​ ជា ​ស្រីមុំ​ និង​ដុត​ខ្លួនឯង​ឱ្យស្លាប់​ទាំងពីរ​នាក់​តែម្តង​ដើម្បី​បង្ហាញ​ស្នេហ៍​ស្មោះ។​

    ពេល​ឃើញ​ដូច្នោះ​ឈ្មោះ​ ជា ស្រីមុំ​ បាន​រត់​ចូលក្នុង​ផ្ទះ ហើយ​ជនសង្ស័យ​បាន​ដេញតាម ​និង​ចាក់​សាំង​ដុត​ក្នុងផ្ទះ​តែម្តង ប៉ុន្តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ និង​អ្នក​នៅ​ជាមួយ​ពន្លត់​ទាន់ពេល ធ្វើ​​ឱ្យ​រលាកភ្លើង​របួស​២​នាក់​ (ជនសង្ស័យនិងនារីឈ្មោះ​ ជា ស្រីមុំ មិនរងរបួស តែរងបួសម្ចាស់ផ្ទះ និងអ្នក​នៅ​ជាមួយ)។​

    ក្រោយពេល​បង្កហេតុ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ល្បាត​របស់​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ ទៅ​ទាន់​ហេតុការណ៍​ក៏​ធ្វើការ​ឃាត់ខ្លួន​បាន​ភ្លាមៗ​តែម្តង​៕​

adverise with khmeread

មតិយោបល់