ភ្នំពេញ ៖ ជនសង្ស័យ២នាក់ទៀតត្រូវបានប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យនិងខណ្ឌមានជ័យបានឃាត់ខ្លួនកាលពីថ្ងៃទី១៥មករាឆ្នាំ២០១៦ វេលាម៉ោង៣និង៣០នាទី រសៀលពាក់ព័ន្ធដាក់ថ្នាំងងុយដេកចូលក្នុងទឹកក្រឡុកឲ្យសន្តិសុខរោងចក្រផឹកសន្លប់ហើយលួចខោអាវក្នុងរោងចក្រ បន្ទាប់ពីចាប់បានភ្លាមៗបានម្នាក់។
ប៉ូលិសប៉ុស្តិ៍ស្ទឹងមានជ័យបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់គឺ១-ឈ្មោះ ហេង ប៊ុនស ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ មិនប្រាកដ ទីលំនៅផ្ទះជួល ផ្លូវលំ សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ និង២-ឈ្មោះ រិន ចំរ៉ុង ហៅតឿ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ និង ទីលំនៅ មិនពិតប្រាកដ ។
ប៉ូលិសបន្តថា ជនសង្ស័យទាំង២នាក់នេះ បានធ្វើសកម្មភាពដាក់ថ្នាំងងុយដេកក្នុងទឹកក្រឡុកឲ្យសន្តិសុខយាមរោងចក្រផឹកគាស់ឃ្លាំងយកខោអាវរបស់ជនរងគ្រោះឈ្មោះ ចាង តុងម៉ិញ ភេទ ប្រុស អាយុ ៥២ ឆ្នាំ មុខរបរ ប្រធានក្រុមហ៊ុន ស្នាក់នៅក្នុងរោងចក្រអ៊ីខ្លាត កាលពីថ្ងៃទី៣មករាឆ្នាំ២០១៦ វេលាម៉ោង៣ទៀបភ្លឺ នៅចំណុច ក្នុងរោងចក្រអ៊ីខ្លាត ផ្លូវឌួងងៀប ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ប៉ូលិសបន្តថា មុនពេលឈានដល់ចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ គឺបន្ទាប់ពីបានឃាត់ខ្លួនបក្ខពួកជនសង្ស័យម្នាក់ឈ្មោះ ម៉េន ម៉ៅ ហៅវ៉ិត កាលពីថ្ងៃទី០៣មករាឆ្នាំ២០១៦ កន្លងទៅ។ ក្នុងនោះប៉ូលិសបានចាប់យកវត្ថុតាងទូរស័ព្ទដៃចាស់២គ្រឿង និង កូនសោរចំនួន៦ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
