1

​ក្រុម​អ្នកវិទ្យាសាស្ត្រ​រកឃើញ​ពីរ៉ាមីត​ទី​ពីរ​របស់​ជនជាតិ​ម៉ា​យ៉ាន​លាក់ខ្លួន​នៅ​ម៉ិ​ក​ស៊ិ​ក​

    ​យោងតាម​ប្រភពព័ត៌មាន CNN បានឱ្យដឹងថា ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ពីរ៉ាមីត​ទី​ពីរ​ដែល​កំពុង​លាក់ខ្លួន​យ៉ាងជ្រៅ​នៅក្នុង​ប្រាសាទ​ពីរ៉ាមីត Kukulkan នៅក្នុង​ទីក្រុង​បុរាណ​របស់​ជនជាតិ​ម៉ា​យ៉ាន (Mayan) គឺ​ទីក្រុង Chichen Itza ក្នុងប្រទេស​ម៉ិ​ក​ស៊ិ​ក​។​

​    ​ក្រុម​អ្នកស្រាវជ្រាវ​បានប្រកាស​ពី​ការរកឃើញ​ពីរ៉ាមីត​កម្ពស់ ១០ ម៉ែត្រ​នៅក្នុង​សំណង់​ពីរ​ផ្សេងគ្នា​កាលពី​ថ្ងៃ​ពុធ ទី ១៦ ខែវិច្ឆិកា​នេះ​។​

​    ​ការជីក​កកាយ​កាលពីដើម​ទសវត្សរ៍ ១៩៣០ បាន​លាតត្រដាង​ពី​សំណង់​មួយ​នៅ​ខាងក្នុង​ពីរ៉ាមីត​ដែល​ផ្ទុក​ទៅដោយ​បល្ល័ង្ក​ខ្លារខិន​ពណ៌​ក្រហម​ដែល​ដាំ​ជាមួយ​ត្បូង​បៃតង​។​

​    ​ទីក្រុង Chichen Itza ត្រូវបាន​បង្កើតឡើង​នៅ​សតវត្សរ៍​ទី ៦ ដែល​គេ​សន្ម​ត់​ថា​ជា​ជាតិ​ម៉ា​យ៉ាន​នៅ​ឧបទ្វីប Yucatán ជា​អ្នក​បង្កើតឡើង​។ មាន​ភស្តុតាង​ពី​ការឈ្លានពាន​នៅ​សតវត្សរ៍​ទី ១០ ដោយ​ពួក​បរទេស ហេតុនេះហើយ​ទើប​អ្នកស្រុក​ម៉ា​យ៉ាន​និយាយ​ភាសា​មួយបែប ដែល​ទំនង​រង​ឥទ្ធិពល​ពី​វប្បធម៌ Toltec របស់​ម៉ិ​ក​ស៊ិ​ក​កណ្តាល​។​

​    ​ក្រុម​ឈ្លានពាន​នោះ​ហើយ​ជា​អ្នក​នាំអាទិ៍​សាងសង់​ប្រាសាទ El Castillo ឬ Kukulkan ដែលមាន​កម្ពស់ ២៤ ម៉ែត្រ​។ ប្រាសាទ​នេះ​ត្រូវបាន​សាងសង់​នៅលើ​រណ្តៅ​ទឹក​មួយ ដែល​បង្កើតឡើង​ដោយ​អន្លង់​មួយ​នៅក្នុង​ទម្រង់​ជា​ថ្មកំបោរ​។​

​    ​ដោយ​ប្រើ​បច្ចេកទេស Noninvasive Imaging ក្រុម​អ្នកស្រាវជ្រាវ​អាច​មើលទៅ​ក្នុង​ប្រាសាទ ហើយ​ស្វែងរក​សំណង់​ទី​ពីរ​នៅ​ខាងក្នុង​សំណង់​ដ៏​ធំ​នេះ​។​

​    ​លោក Rene Chavez Segura អ្នកវិទ្យាសាស្ត្រ​ម្នា​ក់នៅ​សាកលវិទ្យាល័យ National Autonomous University of Mexico បាន​និយាយថា "​សំណង់​ដែល​យើង​រកឃើញ​នេះ ដែលជា​សំណង់​ថ្មី មិន​ស្ថិតនៅ​ចំ​កណ្តាល​នៃ​ប្រាសាទ​ពីរ៉ាមីត Kukulkan ទាំងស្រុង​នោះទេ​។ វា​ស្ថិតនៅ​ចំ​អន្លង់​ទឹក​"​។​

​    ​លោក​បាន​បន្តថា "​នេះ​អាច​បញ្ជាក់បាន​ថា ជនជាតិ​ម៉ា​យ៉ាន នៅពេល​ពួកគេ​កសាង​សំណង់​នេះ​ពួកគេ​បានដឹង​រួចទៅហើយ​ពី​វត្តមាន​របស់​អន្លង់​ទឹក​នេះ​"៕

ប្រភព៖ បរទេស

អ្នកនឹងចូលចិត្ត

មតិយោបល់