adverise with khmeread Unnamed %281%29

បុរស​ម្នាក់​ក្រោយពី​បោក​លុយ​គេ ជាង​ ១ ​ម៉ឺន​ដុល្លារ​រត់គេចខ្លួន ១ ​ឆ្នាំ មកវិញ​ជាប់​ខ្នោះ

    ភ្នំពេញ ៖ បុរស​ម្នាក់​អះអាងថា​ខ្លួន​ជា​មេធាវី និង​ជា​អង្គរក្ស​បាន​ប្រើល្បិច​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់​រួច​ក៏​គេចខ្លួនបាត់ ១​ ឆ្នាំ ពេល​ត្រឡប់មកវិញ ត្រូវ​ជនរងគ្រោះ​ប្រទះឃើញ​ចាប់​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ កាលពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍នគរបាល​ទួល​សង្កែ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្រុម​១៤ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កេវ រាជធានី​ភ្នំពេញ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៊ុន យ៉ុង ភេទ​ប្រុស អាយុ​​៤០​ឆ្នាំ មុខរបរ និង​ទីលំនៅ មិន​ពិតប្រាកដ ដោយ​ជិះ​រថយន្ត មួយគ្រឿង ម៉ាក កូរ៉ូ​ឡា ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2F-5293​។​

    ចំណែកឯ​ជនរងគ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​ឆបោក​ប្រាក់​អស់​ជិត ១​ ម៉ឺន​ដុល្លា​អាមេរិក​ដោយ​រត់ការ​ថ្លៃ​បង់ពន្ធ​រថយន្ត​ឱ្យ​នោះ​មានឈ្មោះ រត់ សុផាត ភេទ​ប្រុស អាយុ៤២​ឆ្នាំ មុខរបរ ទិញ​លក់​រថយន្ត (​គោក​ជេ​រថយន្ត​) ដែលមាន​ទីលំនៅ​ក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ និង​ជនរងគ្រោះ ២ ​នាក់​ផ្សេងទៀត ដែល​មិនបាន​ស្គាល់​នោះ ត្រូវ​ជនសង្ស័យ​ឆបោក​ទឹកប្រាក់​សរុប​ចំនួន ៥.៨៥០​ដុល្លា​អាមេរិក​។​

    បើតាម​ប្រភពព័ត៌មាន​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​បានឃើញ​ជនសង្ស័យ រួចមក​ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ហើយក៏​ប្រគល់ឱ្យ​សមត្ថកិច្ច​ដោយ​ចោទថា ខ្លួនគេ​បាន​ឆបោក​យកប្រាក់​អស់​ជិត ១ ​ម៉ឺ​ន​ដុល្លារ​អាមេរិក រួច​ក៏​គេចខ្លួនបាត់​ជាង ១​ ឆ្នាំ ដោយបាន​ប្រាប់ថា រត់ការ​ថ្លៃ​បង់ពន្ធ​រថយន្ត​។​

    លុះ​មកដល់​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៦ ជនរងគ្រោះ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ជិះ​រថយន្ត មួយគ្រឿង​មក​ម្តុំ​ប៉ុស្តិ៍​ទួល​សង្កែ ហើយក៏​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​តែម្តង​។​

    ក្រោយពី​ធ្វើការ​សួរនាំ​រួចមក ទើប​ដឹងថា​ករណីនេះ ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​នៅ​ខណ្ឌ​ជ្រោយចង្វារ ហើយ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ ក៏បាន​បញ្ជូន​ជនសង្ស័យ​ទៅឱ្យ​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ ចាត់ការ​បន្ត​៕

    

adverise with khmeread

មតិយោបល់