adverise with khmeread 1

​ក្រុមហ៊ុន Rakuten ដែល​ឧបត្ថម្ភ Barcelona ២០០ លាន​ផោន រកស៊ី​កាប់សាច់​ត្រី​បា​ឡែ​ន និង​ជួញដូរ​ភ្លុក​ដំរី រង​ការរិះគន់​

​    ​ក្រុម​អភិរក្សនិយម​ឈានមុខ​មួយ​បាន​ប្រាប់​ក្រុម Barcelona ឱ្យប្រើ​ប្រាស់​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ថ្មី​តម្លៃ ២០០ លាន​ផោន​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន Rakuten ដើម្បី​ជួយ​លុបបំបាត់​ការធ្វើ​ពាណិជ្ជកម្ម​ភ្លុក​ដំរី​។​

​    ​ក្រុម​ជើងឯក​អេ​ស្ប៉ា​ញ​មួយ​នេះ​បានប្រកាស​កិច្ចព្រមព្រៀង​ជា​ដៃគូ​រយៈពេល​បួន​ឆ្នាំ​ជាមួយ​ក្រុម​លក់​អីវ៉ាន់​អន​ឡាញ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​តូ​ក្យូ ដែល​កាលពី​ឆ្នាំ ២០១៤ ក្រុមហ៊ុន Rakuten ត្រូវបាន​លាតត្រដាង​ថា ជា​កន្លែង​លក់ដូរ​ភ្លុក​ដំរី និង​សាច់​ត្រី​បា​ឡែ​ន​ធំជាងគេ​របស់​ពិភពលោក​។​

​    ​យ៉ាងណាក្តី Rakuten បាន​និយាយថា ពួកគេ​លែង​អនុញ្ញាត​ឱ្យមាន​ការលក់​ផលិតផល​បា​ឡែ​ន​នៅលើ​ទីផ្សារ​របស់​ពួកគេ​ទៀតហើយ ប៉ុន្តែ​យោងតាម​វេ​ប​សាយ Mirror.co.uk ឱ្យ​ដង​ថា ពួកគេ​បាន​រកឃើញ​សាច់​បាន​ឡែ​ន​នៅលើ​វេ​ប​សាយ​នេះ​ជា​ភាសា​ជប៉ុន​។​

​    ​ហើយ​ការជួញដូរ​ភ្លុក​ដំរី ដែល​បណ្តាលឱ្យ​ដំរី​ជាង ៣ ម៉ឺន​ក្បាល​ងាប់​ជា​រៀងរាល់ឆ្នាំ ក៏មាន​នៅលើ​វេ​ប​សាយ Rakuten ផងដែរ​។​

​    ​វេ​ប​សាយ​នេះ​មាន​ដាក់លក់​ផលិតផល​ភ្លុក​ដំរី​រាប់ពាន់ ហើយ​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន (EIA) ក្រុម​ដែល​បាន​លាត​ស្បែ​កមុខ​ពិត​របស់​ក្រុមហ៊ុន Rakuten កាលពី​ពីរ​ឆ្នាំមុន បាន​ប្រាប់​ក្រុម​អ្នកមាន​បុណ្យ​ឱ្យប្រើ​ប្រាស់​តួនាទី​អំណាច​របស់​ពួកគេ​ដើម្បី​បញ្ឈប់​ការជួញដូរ​។​

​    ​និយាយ​ជាមួយ Mirror អ្នកស្រី Clare Perry មកពី​អង្គភាព EIA បាន​និយាយថា "​បន្ទាប់ពី​យុទ្ធនាការ​របស់​ពួកយើង Rakuten បានសម្រេច​ចិត្ត​ក្នុង​ឆ្នាំ ២០១៤ ដើម្បី​បញ្ឈប់​រាល់​ការលក់​សាច់​ត្រី​បា​ឡែ​ន​"​។​

​    ​"​ទោះយ៉ាងណា Rakuten បាន​បដិសេធ​ឈប់​លក់​ភ្លុក​ដំរី ហើយ​នៅតែ​ផ្សព្វផ្សាយ​ផលិតផល​ភ្លុក​ដំរី​រាប់ពាន់​។ ទោះបី​មានការ​សម្លាប់​ដំរី​យក​ភ្លុក​ដោយ​ខុសច្បាប់ ហើយ​ទីផ្សារ​ធំៗ​ជាច្រើន​រួមទាំង​ចិន បាន​ចាត់វិធានការ​បិទ​ជំនួញ​ភ្លុក​ដី​រី ក៏​ផ្សារ​អន​ឡាញ​នេះ​មិន​អើពើ​ដែរ​"​។​

​    ​"Barcelona ស្ថិតក្នុង​តួនាទី​ដើម្បី​ជួយ​បញ្ឈប់​ការកាប់​សម្លាប់សត្វ​ដំរី​ដោយ​បញ្ចុះបញ្ចូល​ម្ចាស់​ឧបត្ថម្ភ​របស់ខ្លួន Rakuten ឱ្យ​បញ្ឈប់​ការអនុញ្ញាត​ផលិតផល​ភ្លុក​ដំរី​ឱ្យ​លក់​នៅលើ​ទីផ្សារ​អន​ឡាញ​របស់ខ្លួន​"​។​

​    ​នៅពេល​ត្រូវបាន​ទាក់ទង​ដោយ Mirror វេ​ប​សាយ Rakuten បាន​បញ្ចេញ​សេចក្តីថ្លែងការណ៍​មួយ​ថា "Rakuten គោរព​តាមច្បាប់​ក្នុង​តំបន់ និង​អន្តរជាតិ​ទាក់ទង​នឹង​ជីវិត​សត្វព្រៃ ដោយ​រួមទាំង​អនុសញ្ញា​អន្តរជាតិ​ដូចជា អនុ​ញ្ញ​សញ្ញា​ស្តីពី​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​សត្វព្រៃ​និង​រុក្ខជាតិ​ងាយ​ផុត​ពូជ (CITES) និង​បទ​ប្បញ្ញត្តិ​ទូលំទូលាយ​ដូចជា ច្បាប់​អភិរក្ស​សត្វព្រៃ​និង​រុក្ខជាតិ​ងាយ​ផុត​ពូជ​របស់​ជប៉ុន​ជាដើម​។ យើង​នឹង​បន្ត​វាយតម្លៃ និង​ពង្រឹង​គោលការណ៍​របស់​ពួកយើង និង​វិធាន​ការអនុលោម​តាមច្បាប់ ដោយ​យកចិត្តទុកដាក់​លើ​ទស្សនៈ​វិ​ស្ស័​យ​របស់​ដៃគូ​ពាក់ព័ន្ធ​"​។​

​    ​ក្រុម Barcelona ត្រូវបាន​ទាក់ទង​ដើម្បី​ដុំ​បញ្ចេញ​មតិយោបល់ ប៉ុន្តែ​គ្មាន​ការឆ្លើយតប​នោះទេ​៕

​ប្រភព៖ បរទេស
adverise with khmeread

មតិយោបល់