adverise with khmeread 15102243 1182560435164163 442415820 o

ឱ្យប្រពន្ធទៅខ្ចីលុយម្ដាយក្មេក ប្រពន្ធមិនទៅគួបផ្សំរឿងញៀនស្រាផង ដាច់ចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធ

    សៀមរាប ៖ មាន​ប្រជាពលរដ្ឋ​ឈ្មោះ សយ រុំ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ក្នុងភូមិ​បឹងមាលា ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ប្រទះឃើញ​សាកសព​បុរស​ម្នាក់​ចង​ក​ធ្វើអត្តឃាត​ខ្លួនឯង​នៅ​ហ្នឹង​មែកឈើ ក្នុងព្រៃ​មួយកន្លែង​ចំងាយ​ពី​ភូមិ​បឹងមាលា ប្រហែល៣០០​ម៉ែត្រ ត្រង់ចំណុច​បុស្ស​ថោង នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ។​

    បន្ទាប់ពី​ទទួលបាន​សេចក្តីរាយការណ៍​ភ្លាម សមត្ថកិច្ច​ប៉ូលិស​ស្រុក​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ឃើញថា ពិតជា​មាន​មនុស្ស​ចងក​សម្លាប់ខ្លួន​មែន ដោយ​សព​មាន​សភាព​ហើម​ស្អុយ​ទៅហើយ។​

    លោក​វរសេនីយ៍ត្រី ស៊ុន អេង អធិការ​ប៉ូលិស​ស្រុក​ស្វាយ​លើ​បានឱ្យដឹង​នៅ​យប់​ថ្ងៃ​ដដែល​ថា ជនរងគ្រោះ​បាន​យក​វ័ល្ល​ចងក​សម្លាប់​ខ្លួនឯង​នៅ​ហ្នឹង​មែកឈើ​នៅក្នុង​ព្រៃ​ខាងលើ​។​

    លោក ​ស៊ុន អេង បន្តថា ជនរងគ្រោះ​មានឈ្មោះ វី វន ភេទ​ប្រុស អាយុ៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ​។​

    បើ​យោងទៅតាម​ការបំភ្លឺ​ពី​ឈ្មោះ លន់ ច​ន្ធូ ភេទ​ស្រី អាយុ៣១​ឆ្នាំ ត្រូវជា​ប្រពន្ធ​សព បាន​ប្រាប់​ប៉ូលិស​ថា ប្តី​គាត់​បាន​ចុះ​ចេញពីផ្ទះ​អស់​រយៈពេល ៦ ​ថ្ងៃ​មកហើយ ដោយមាន​ទំនាស់​ពាក្យសម្តី​ជាមួយ​គាត់​ពី​រឿង​ផឹកស្រា​រាល់ថ្ងៃ (​មនុស្ស​ញៀន​ស្រា​) និង​បានឱ្យ​រូបគាត់​ជា​ប្រពន្ធ​ទៅ​ខ្ចីប្រាក់​ម្តាយក្មេក​ចំនួន ១០០​ ដុល្លារ​មក​ច្រូតស្រូវ តែ​ប្រពន្ធ​មិន​ព្រមទៅ​ខ្ចី ក៏​ឈ្លោះប្រកែក​គ្នា​។​

    ស្ត្រី​ជា​ប្រពន្ធ​បន្តថា រួច​គាត់​បាន​ចុះ​ចេញពីផ្ទះ​នៅវេលា​ម៉ោង ០៣ ​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៦ ដោយ​រូបគាត់​ជា​ប្រពន្ធ​នឹកស្មានថា​គាត់​ទៅ​បត់ជើងធំ បានជា​មិន​តាមរក។ ចាប់ពីពេលនោះ​មក​ក៏​បាត់​រូបគាត់​រហូតមក ឃើញ​ដូច​នោះ​គាត់​ជា​ប្រពន្ធ ក៏បាន​តាមរក​ជាច្រើន​ថ្ងៃ​មកហើយ​តែ​រក​មិនឃើញ។ ​ទើប​នៅ​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៦​នេះ ក៏​ទទួលបាន​ដំណឹង​ថា​ប្តី​របស់គាត់​ចងក​សម្លាប់ខ្លួន​បាត់ទៅហើយ​។​

    លោក​អធិការ​ស្រុក​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​សាកសព​ក្រោយ​ពេលធ្វើ​កំណត់ហេតុ​រួចរាល់​ហើយ បានប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ៕

adverise with khmeread

មតិយោបល់