adverise with khmeread There is only one china

ចុម! គ្រាន់តែរឿងរ៉ាវរបស់តារា Kpop រាលដាលដល់អ្នកនយោបាយ

​    ​បណ្តា​បេក្ខភាព​ប្រធានាធិបតី​តៃវ៉ាន់​បាន​លូកដៃ​ចូលក្នុង​ជម្លោះ​ជាមួយ​ចិន​និង​កូរ៉េខាងត្បូង បន្ទាប់ពី​តារា​ខេ​ប៉ុប (K-pop) តៃវ៉ាន់​វ័យ​ជំទង់​មួយរូប​បាន​បង្ខំចិត្ត​ធ្វើការ​សុំទោស​ចំពោះ​ការ​គ្រវី​ទង់​របស់​កោះ​តៃវ៉ាន់​ដាក់​ទស្សនិកជន​ចិន​។  

​    ​វីដេអូ​សុំទោស​ពី​តារាចម្រៀង ជូ ស៊ូ​យ៉ូ (Chou Tzu-yu) វ័យ ១៦ ឆ្នាំ​ក្នុង​ទឹកមុខ​អស់កម្លាំង​និង​ស្លេកស្លាំង​បាន​ល្បី​ពេញ​អ៊ី​ន​ធឺ​ណេ​ត បន្ទាប់ពី​វីដេអូ​នេះ​បាន​បង្ហោះ​តាម​អន​ឡាញ ដោយមាន​អ្នក​ចុច​មើល​ជាង ២ លាន​ដង​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​។ 

​    ​រឿងចម្រូងចម្រាស​នេះ​បាន​គ្របដណ្តប់​ពេញ​បណ្តាញ​ផ្សព្វផ្សាយ​នៅ​តៃវ៉ាន់​ចំ​ថ្ងៃ​ដែល​កោះ​មួយ​នេះ​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ​ថ្មី ខណៈ​ទំនាក់ទំនង​ជាមួយ​ចិន​បាន​ក្លាយជា​បញ្ហា​ដ៏​សំខាន់​មួយ​។ 

​    ​នាង​ជូ​បាន​និយាយ​ក្នុង​វីដេអូ​សុំទោស​មួយ បង្ហោះ​លើ YouTube ដោយ​ផលិតកម្ម JYP Entertainment របស់​កូរ៉េខាងត្បូង​យ៉ាង​ដូច្នេះ "​មាន​ចិន​តែមួយគត់ ហើយ​ភាគី​ទាំងពីរ​ជា​ប្រទេស​តែមួយ​"​។ 

​    ​នាង​ជូ​បាន​បន្ថែមទៀតថា "​ក្នុងនាម​ជា​ប្រជាជន​ចិន ពាក្យសម្តី និង​កាយវិការ​មិន​សមរម្យ​របស់ខ្ញុំ​អំឡុង​សកម្មភាព​របស់ខ្ញុំ​នៅក្រៅ​ប្រទេស​បានធ្វើឱ្យ​ប៉ះពាល់​ក្រុមហ៊ុន​ខ្ញុំ និង​អារម្មណ៍​របស់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​នៅ​ទូទាំង​ចិន​និង​តៃវ៉ាន់​។ ខ្ញុំ​បាន​បញ្ឈប់​សកម្មភាព​ខ្ញុំ​នៅ​ចិន​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ខ្លួន​ខ្ញុំ​ឱ្យបាន​ប្រត្យក្ស​"​។ 

​    ​រស់នៅក្នុង​កូរ៉េខាងត្បូង នាង​ជូ​គឺជា​តារាចម្រៀង​ក្នុង​ក្រុម TWICE​។ នាង​បាន​គ្រវី​ទង់​ផ្លូវការ​របស់​តៃវ៉ាន់​នៅលើ​ប៉ុស្តិ៍​ផ្សាយ​លើ​អន​ឡាញ ដោយ​បង្ក​ការខឹង​សម្បារ​យ៉ាងខ្លាំង​ដល់​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ចិន ជាមួយនឹង​ការលើកឡើង​ថា នាង​កំពុង​ផ្សព្វផ្សាយ​របៀបវារៈ​ដើម្បី​ឯករាជ្យ​របស់​តៃវ៉ាន់​។ 

​    ​បេក្ខភាព​ដឹកនាំ​សំខាន់ៗ​របស់​កោះ​តៃវ៉ាន់​បានចេញ​មុខការ​ពារ​នា​ង​ជូ​កាលពី​សៅរ៍​នេះ ខណៈ​ពួកគេ​ចេញមក​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​។ 

​    ​តៃវ៉ាន់​បាន​គ្រប់គ្រង​ខ្លួនឯង​ចាប់តាំងពី​បំបែក​ពី​ចិនដីគោក​ក្នុង​ឆ្នាំ ១៩៤៩ បន្ទាប់ពី​សង្គ្រាមស៊ីវិល ប៉ុន្តែ​មិនដែល​បានប្រកាស​ឯករាជ្យ ជា​ផ្លូវការ​នោះទេ​។ ប៉េកាំង​ចាត់ទុក​កោះ​នេះ​ជា​ខេត្ត​ផ្តាច់ខ្លួន​ដែល​រង់ចាំតែ​ថ្ងៃ​បង្រួបបង្រួម​វិញ​ប៉ុណ្ណោះ ហើយ​បើ​ចាំបាច់​គឺ​ប្រើ​កម្លាំងយោធា​លើ​កោះ​នេះ​តែម្តង​។ 

​    ​លោកស្រី សៃ អ៊ីង​វេន (Tsai Ing-wen) បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​បាន​មានប្រសាសន៍ថា "​ពលរដ្ឋ​នៃ​សាធារណៈរដ្ឋ​ចិន (​ឈ្មោះ​ផ្លូវការ​របស់​តៃវ៉ាន់​) ដែល​បង្ហាញ​ការទទួលស្គាល់​របស់​នា​ង​ចំពោះ​ប្រទេស​ខ្លួន​មិនគួរណា​ត្រូវបាន​គេ​ដាក់​ការគាបសង្កត់​ឡើយ និង​មិនគួរ​ត្រូវគេ​បង្ខំ​ឱ្យ​និយាយ​អ្វីដែល​ផ្ទុយ​ពី​បំណង​របស់​នាង​ដែរ​។ ចិត្ត​របស់​យើង​ស្ថិតនៅ​ជាមួយ​មិត្ត​ទាំងអស់គ្នា ដែល​កាន់​ទង់​តៃវ៉ាន់ និង​គាំទ្រ​ទង់​តៃវ៉ាន់​"​។​

​      ដោយឡែក​សេចក្តីថ្លែងការណ៍​ផ្លូវការ​របស់​ប្រធានាធិបតី ម៉ា យី​ង​ជឺ នៃ​បក្ស​គូ​មីន​តាំង (KMT) បាន​លើកឡើងថា លោក​ម៉ា​បាន​ស្នើឱ្យ​មន្ត្រី​ទាំងឡាយ "​បញ្ជាក់​អំពី​តួនាទី​របស់​ភាគី​កូរ៉េ និង​ចិន​ក្នុង​ឧប្បទ្ទវ​ហេតុនេះ និង​ទាមទារ​ឱ្យ​ពួកគេ​ប្រឈម​រឿងនេះ​ដោយ​យកចិត្តទុកដាក់​"​។ បន្ទាប់មក លោក​ម៉ា​បាន​និយាយថា គ្រាន់តែ​គ្រវី​ទង់​តៃវ៉ាន់​មិន​បានន័យថា​ជា​សញ្ញា​គាំទ្រ​ឱ្យមាន​ឯករាជ្យ​តៃវ៉ាន់​នោះទេ​៕    

adverise with khmeread
ប្រភព៖ Bangkokpost

មតិយោបល់