adverise with khmeread Untitled 1

អូ​បា​ម៉ា​និង​ពូ​ទីន​ចាប់ដៃគ្នា​ជា​លើកចុងក្រោយ ខណៈ​លេច​ឮថា​ពូ​ទីន​នឹង​សុំ​ការអនុញ្ញាត​ពី​ត្រាំ​ដើម្បី​ទម្លាក់​គ្រាប់បែក​នៅ​ស៊ី​រី​

    ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់​អូ​បា​ម៉ា និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ការជជែក​គ្នា​ដ៏​ខ្លី​មួយ​ក្នុងប្រទេស​ប៉េ​រូ​ចំពេល​កំពុងមាន​ការដោះស្រាយ​ដ៏​តានតឹង​ជុំវិញ​ប្រទេស​ស៊ី​រី និង​ការគាំទ្រ​ចំពោះ​លោក​ដូ​ណា​ល់​ត្រាំ​។​

​    ​អ្នក​ទាំងពីរ​បាន​ជជែក​គ្នា​ដ៏​ខ្លី​កាលពី​ថ្ងៃអាទិត្យ ខណៈ​កិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ច​មួយ​បានចាប់ផ្តើម​នៅក្នុង​ប្រទេស​ប៉េ​រូ ដែល​នេះ​ជាការ​ជជែក​គ្នា​ដំបូង​បំផុត​រវាង​អ្នក​មេដឹកនាំ​ទាំងពីរ​ចាប់តាំងពី​លោក​ដូ​ណា​ល់​ត្រាំ​បានឈ្នះ​ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក​ទី ៤៥​។​

​    ​មេដឹកនាំ​កំពូល​ទាំង​ពីរបាន​ឈរ​ទល់មុខ​គ្នា​ក្នុង​រយៈពេល​ដ៏​ខ្លី​ជាមួយ​អ្នកបកប្រែ​ឈរ​នៅក្បែរ​មុននឹង​ចាប់ដៃគ្នា ហើយ​ចូល​តុមូល​ដើម្បី​ចាប់ផ្តើម​កិច្ចប្រជុំ APEC ក្នុង​ទីក្រុង Lima​។​

​    ​សេត​វិមាន​អាមេរិក​បាន​និយាយថា កិច្ចសន្ទនា​នេះ​មាន​រយៈពេល​បួន​នាទី​។​

​    ​ទោះយ៉ាងណា ក្រុមអ្នកកាសែត​មិនអាច​ឮ​នូវ​អ្វីដែល​ពួកគេ​បាន​និយាយ​ឡើយ ប៉ុន្តែ​សេត​វិមាន​បាន​និយាយថា លោក​អូ​បា​ម៉ា​បាន​លើកទឹកចិត្ត​លោកពូ​ទីន​ឱ្យ​ប្រកាន់ខ្ជាប់​ការប្តេជ្ញា​របស់​ប្រទេស​គាត់​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង Minsk ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​    ​សេត​វិមាន​អាមេរិក និង​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា មេដឹកនាំ​ទាំងពីរ​បាន​យល់ព្រម​ថា រដ្ឋមន្ត្រីក្រសួង​ការ​បរ​តេស​សហរដ្ឋអាមេរិក​លោក John Kerry និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov គួរតែ​បន្ត​ធ្វើការ​ជាមួយគ្នា​អំឡុង​ខែ​ចុងក្រោយ​របស់លោក​អូ​បា​ម៉ា​នៅលើ​ការផ្តួចផ្តើម​ដើម្បី​បន្ថយ​អំពើហិង្សា​នៅក្នុង​ប្រទេស​ស៊ី​រី និង​បន្ថយ​ការឈឺចាប់​របស់​ប្រជាជន​ស៊ី​រី​។​

​    ​ការសន្ទនា​នេះ​បាន​កើតឡើង​ចំពេល​មានការ​រំពឹងទុក​ដ៏​ខ្លាំងក្លា និង​ក្តីបារម្ភ​អំពី​លទ្ធផល​បោះឆ្នោត​របស់លោក​ត្រាំ អាច​នាំឱ្យ​មានការ​ឱនលំទោន​របស់​អាមេរិក​ទៅរក​រុស្ស៊ី​។​

​    ​ក្រោម​ការដឹកនាំ​របស់​លោក​អូ​បា​ម៉ា សហរដ្ឋអាមេរិក​បាន​អនុម័ត​ការដាក់ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​លើ​ប្រទេស​រុស្ស៊ី​ជុំវិញ​សកម្មភាព​ឈ្លានពាន​ទឹកដី​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន និង​បាន​បរាជ័យ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ក្នុងការ​បញ្ឈប់​ការធ្វើអន្តរាគមន៍​ក្នុង​សង្គ្រាមស៊ីវិល​ស៊ី​រី​ដើម្បី​ជួយ​លោក​ប្រធានាធិបតី​ស៊ី​រី Bashar Assad​។​

​    ​លោក​ត្រាំ និង​ពូ​ទីន​បានបង្ហាញ​សញ្ញា​រួចទៅហើយ​ថា ពួកគេ​ប្រហែលជា​កាត់បន្ថយ​ទំនាក់ទំនង​រកាំរកូស​បន្ទាប់ពី​លោក​ត្រាំ​កាន់កាប់​សេត​វិមាន​នៅ​ខែមករា ឆ្នាំ ២០១៧ ខាងមុខ​។​

​    ​វិមាន​ក្រឹម​ឡាំង​បាន​និយាយថា នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​មួយ​បន្ទាប់ពី​លោក​ត្រាំ​ឈ្នះឆ្នោត លោកពូ​ទីន​បាន​អបអរ​លោក​ត្រាំ ហើយ​បានបង្ហាញ​ការត្រៀមខ្លួន​សម្រាប់​កិច្ចពិភាក្សា​គ្នា​ដូចជា​ដៃគូ​។ លោកពូ​ទីន​ត្រូវបាន​រំពឹងទុក​ថា នឹង​ទាក់ទង​លោក​ត្រាំ​នៅពេល​គាត់​ចូលកាន់​កាប់​តំណែង​ដើម្បី​ទទួលបាន​ការយល់ព្រម​ពី​លោក​ក្នុងការ​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​ស៊ី​រី​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់