C487d58758315dca7749f0b1a614ec19

Larsson អ្នកចាត់ការ Helsingborgs ប៊ិះ​ចេញមក​វាយ​អ្នកគាំទ្រ​ខ្លួនឯង ដោយសារ​ចង់​ការពារ​កូនប្រុស​

​    ​Henrik Larsson បានបង្ហាញ​សកម្មភាព​ថា​គាត់​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ប្រយុទ្ធ​ជាមួយនឹង​ប្រិយមិត្ត​ខ្លួនឯង បន្ទាប់ពី​ក្រុម Helsingborgs ត្រូវបាន​កាត់ចេញ​ពី​លី​ក​កំពូល​ស៊ុយអែត​កាលពី​ម្សិលមិញ​នេះ​។​

​    ​វីរបុរស​របស់ Celtic រូបនេះ បច្ចុប្បន្ន​គឺជា​អ្នកចាត់ការ​ទូទៅ​របស់ Helsingborgs ប៉ុន្តែ​គាត់​មិនអាច​ធ្វើ​អ្វី​បាន​នោះឡើយ​ដើម្បី​បញ្ឈប់​ជោគវាសនា​របស់​ក្រុម​គាត់​ឱ្យ​ធ្លាក់​ចេញពី​ក្របខ័ណ្ឌ Allsvenskan បាន​នោះឡើយ បន្ទាប់ពី​បានទទួល​រង​បរាជ័យ​ក្នុង​លទ្ធផល ២-១ នៅក្នុង​ទឹកដី​ក្រោម​ដៃ Halmstad ។​

​    ​ក្រុម​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​បានបង្ហាញ​ការខឹង​សម្បា​យ៉ាងខ្លាំង​នៅ​ចុងបញ្ចប់​ការប្រកួត ហើយ​ប្រិយមិត្ត​មួយចំនួន​បាន​សម្រុក​ចូលទៅក្នុង​ទីលាន និង​បានកំណត់​គោលដៅ​ទៅលើ​កូនប្រុស​របស់គាត់ Jordan ដូចដែល​អ្នក​បានឃើញ​ក្នុង​វីដេអូ​ខាងក្រោម​នេះ​។​

​    ​Larsson មិនបាន​ឱបដៃ​មើល​អ្នកគាំទ្រ​ដែល​ចង់វាយ​ធ្វើ​បានកូន​គាត់​ឡើយ ហើយ​គាត់​មើលទៅ​ស្ទើរតែ​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការ​វាយតប់​ជាមួយ​អ្នកគាំទ្រ​ខ្លួនឯង ខណៈដែល​ក្រុម​អ្នកគាំទ្រ​ដែល​ពោរពេញ​ទៅដោយ​កំហឹង​បាន​ព្យាយាម​សម្រុកចូល​ទៅក្នុង​ទីលាន​ម្តងទៀត​។​

​    ​ទោះជា​យ៉ាងណាក្តី មិនមាន​ការប្រយុទ្ធ​ណា​មួយ​បាន​កើតឡើង​នោះឡើយ វា​គឺ​ពិតជា​រឿង​ដ៏​គួរឱ្យ​សោកស្តាយ​បំផុត​មួយ​ដែល​ឃើញ​វីរបុរស​បាល់ទាត់​មួយរូប និង​កូនប្រុស​របស់គាត់​ត្រូវ​អ្នកគាំទ្រ​ខ្លួនឯង​ផ្តោត​គោលដៅ​វាយប្រហារ​បែបនេះ​។ Helsingborgs បានបញ្ចប់​រដូវ​កាល​ត្រឹម​ចំណាត់ថ្នាក់​ទី​១៤ បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​បាន​ត្រឹម ៥ ប្រកួត​ប៉ុណ្ណោះ​ពេញ​មួយ​រដូវ​កាល ដែលមាន​ពិន្ទុ​ក្រោម​ចំណាត់ថ្នាក់​ទី ១៣​ដែលមាន​សុវត្ថិភាព​ក្រុម Sundsvall ត្រឹម​មួយ​ពិន្ទុ​ប៉ុណ្ណោះ​៕


 

អ្នកនឹងចូលចិត្ត

មតិយោបល់