ភ្នំពេញ ៖ ស្នាដៃបង្ក្រាបករណីឃាកម្មសម្លាប់នារីម្នាក់យកសពទៅបោះចោលនៅគំនរសំរាម របស់អាវុធហត្ថរាជធានីភ្នំពេញថ្មីៗនេះ, នាព្រឹកថ្ងៃអាទិត្យម្សិលមិញម្ចាស់ក្លឹប៥៥ ដែលជាថៅកែរបស់នារីរងគ្រោះ បានចាត់លោក សឹង កុសល ជាតំណាងក្លឹបនាំយកថវិកាលើកទឹកចិត្ត ចំនួន ១០ លានរៀល ទៅប្រគល់ជូនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសម្ដែងពីការកោតសរសើរដែលអាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿងបានឆាប់រហ័ស និងចាប់ឃាតករបានយកមកផ្តន្ទាទោស។
តែដោយទឹកចិត្តអាណិតអាសូរប្រកបដោយក្តីមេត្តា លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្រេចយកថវិកាលើកទឹកចិត្តផ្តល់មកអាវុធហត្ថទាំង ១០ លានរៀល លោកបានបង្វែរប្រាក់នេះជូនទៅគ្រួសារសពនារីរងគ្រោះវិញ សម្រាប់ឱ្យពួកគាត់យកទៅរៀបចំជីវភាពគ្រួសារ ព្រមទាំងបានស្រាវជ្រាវយកម៉ូតូ, ទូរស័ព្ទ, ចិញ្ជៀន, ខ្សែក របស់ជនរងគ្រោះត្រឡប់មកវិញ រួចប្រគល់ជូនពួកគាត់ផងដែរ។
ដោយឡែកក្រៅពីលើកទឹកចិត្តដ៏ច្រើនខាងលើនេះ អាវុធហត្ថរាជធានីភ្នំពេញវេរថវិកា ១០ លានរៀល និងម្ចាស់ក្លឹប៥៥ ក៏បានឧបត្ថម្ភថវិកា១០ លានរៀលជូនដល់គ្រួសារសពជនរងគ្រោះដូចគ្នា សរុបទាំងអស់ ២០ លានរៀលថែមទាំងបានរៀបចំចំណាយបុណ្យសពជូនជនរងគ្រោះរហូតដល់ចប់ចុងចប់ដើម។
បន្ទាប់ពីបានប្រគល់ថវិកា និងសម្ភារៈជូនក្រុមគ្រួសារនារីរងគ្រោះរួចហើយ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦ ដដែលសមត្ថកិច្ចជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យឈ្មោះ យ៉េន សុបញ្ញា អាយុ២០ឆ្នាំ ដែលជាឃាតករសម្លាប់នារីរងគ្រោះឈ្មោះ កែវ កញ្ញា អាយុ១៩ឆ្នាំ ជាបុគ្គលិកក្លឹប៥៥ ទៅកាន់តុលាការរាជធានីភ្នំពេញដើម្បីផ្តន្ទាទោសតាមច្បាប់។
ក្រោយពីការស្រាវជ្រាវយ៉ាងល្អិតល្អន់របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាចម្លើយសារភាពរបស់ជនល្មើស ឈ្មោះ យ៉េន សុបញ្ញា បានបញ្ជាក់ថារូបគេពិតជាបានសម្លាប់នារីរងគ្រោះ ដោយផ្ទាល់ដៃតែម្នាក់ឯងពិតប្រាកដមែន។ ទង្វើនោះគឺដោយសារឥទ្ធិពលថ្នាំញៀន ទើបធ្វើឱ្យឃាតករចិត្តដាច់គ្មានមនោសញ្ចេតនា និងក្តីមេត្តានៅក្នុងខ្លួនដូច្នេះ។ ដើម្បីបញ្ជាក់ការពិត សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បាននាំឃាតករទៅធ្វើសកម្មភាពត្រាប់ឡើងវិញ ដល់កន្លែងកើតហេតុទៀតផង។
រឿងដែលគួរឱ្យកត់សម្គាល់មួយទៀតឃើញថា កន្លងមកឃាតកម្មអាថ៌កំបាំងដែលយកសពទៅផ្លុងចោល នៅតាមគំនរសំរាមក្នុងរាជធានីភ្នំពេញ តែងតែត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបំបែកសំណុំរឿងបានជាបន្តបន្ទាប់ ដោយមិនទុកឱ្យឃាតកររស់ក្រៅសំណាញ់ច្បាប់បានឡើយ។
ជាក់ស្តែងកាលពីថ្ងៃទី១៤ តុលា ឆ្នាំ២១០៦កន្លងទៅនេះ មានប្រជាពលរដ្ឋបានប្រទះឃើញសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ត្រូវបានគេផ្លុងចោលក្នុងប្រឡាយចាក់សំរាមដោយចងផ្អោបជាមួយដុំថ្មធំ នៅចំណុចតាមបណ្តោយផ្លូវលំខាងក្រោយសួនកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
បន្ទាប់មកក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនជនដៃដល់បានយកមកផ្តន្ទាទោសតាមច្បាប់នៅថ្ងៃទី២០ តុលា ឆ្នាំ២០១៦។ មូលហេតុនៃឃាតកម្មគឺប្លន់យករថយន្តទេសចរណ៍១២កៅអីមួយគ្រឿង និងទ្រព្យសម្បត្តិជាប់ខ្លួនមួយចំនួន។
ករណីមួយទៀតកាលពីថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៥ សពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ច្រកក្នុងការុងត្រូវគេប្រទះឃើញ នៅលើគំនរសំរាមស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បំបែកអាថ៌កំបាំង ស្វែងរកចាប់ខ្លួនជនដៃដល់បាន នៅថ្ងៃទី២៧ ឧសភា ឆ្នាំ២០១៥ រួចបញ្ជូនទៅតុលាការផ្តន្ទាទោស តាមច្បាប់។ មូលហេតុនៃឃាតកម្ម គឺប្លន់យករថយន្តមួយគ្រឿង និងទ្រព្យសម្បត្តិជាប់ខ្លួនមួយចំនួនធំ។
ការប្រឹងប្រែងរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញឱ្យឃើញពីការទទួលខុសត្រូវចំពោះតួនាទីភារកិច្ចរបស់ខ្លួន ផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ បើទោះបីពួកគាត់ត្រូវលះបង់កម្លាំងកាយ កម្លាំងចិត្ត ថវិកា និងពេលវេលាទាំងយប់ទាំងថ្ងៃ ក៏ពួកគាត់មិនដែលត្អូញត្អែឡើយ៕
