adverise with khmeread Untitled 1

អាវុធហត្ថ​ខេត្តកំពង់ស្ពឺ ឃាត់​មនុស្ស ​៥ ​នាក់​ចែកចាយ​គ្រឿងញៀន​

    កំពង់ស្ពឺ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៥​ នាក់ ជាប់​ពាក់ព័ន្ធ​ជាមួយ​ករណី​រក្សាទុក និង​ចែកចាយ​នូវ​សារធាតុ​ញៀន ស្ថិតនៅ​ចំណុច ភូមិ​កោះ​អ​ង្គុ​ញ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​នៅវេលា​ម៉ោង​១៣ និង​១៥​នាទី ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៦។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ គឺ​ធ្វើទៅ​ឡើង​ដោយ​តាម​បញ្ជា​ផ្ទាល់ របស់ លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បានទទួល​តម្រុយ​ពី​ជនសង្ស័យ​ដែល​ធ្លាប់​ចាប់ខ្លួន​ពីមុន ដែល​គេ​បាន​សារភាពថា រូបគេ​នៅមាន​បក្ខពួក​មួយចំនួន​ទៀត ដែល​តែងតែ​ចែកចាយ​គ្រឿងញៀន​ជាមួយគ្នា នៅ​ខេត្តតាកែវ។​

    ហេ​ត​នេះ​ទើប​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជូ សារុន សុំ​ការសហការ​ជាមួយ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ និង​ដោយមាន​ការសម្របសម្រួល​ពី លោក កែវ សុធា ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ ទើប​អាចឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​បាន​។​

    ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួមមាន​ឈ្មោះ៖​ ​១.ឈ្មោះ ប៉ាន់ ពេជ្រ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​, ២.ឈ្មោះ ម៉ែន ឌី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តស៊ូ ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ​, ៣.ឈ្មោះ ខៃ គឹម​សៀង ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ខ្យង ឃុំ​បរសេដ្ឋ ស្រុក​បរសេដ្ឋ ខេត្តកំពង់ស្ពឺ​, ៤.ឈ្មោះ សុន មុំ ភេទ​ស្រី អាយុ២៥​ឆ្នាំ ទីលំនៅ​មិន​ពិតប្រាកដ​និង​៥.ឈ្មោះ ខុន លីន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រាំ​គល់ ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​។​

    មន្ត្រី​អាវុធហត្ថ​ដដែល បាន​បន្តថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នោះ​ផងដែរ កម្លាំង​កងរាជអាវុធហត្ថ​បានធ្វើ​ការចាប់យក​វត្ថុតាង មួយចំនួន​ពី​ជនសង្ស័យ​រួមមាន៖ ១. ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៦០​កញ្ចប់​, ២. ទូរស័ព្ទ​ដែ ​ចំនួន០៥​គ្រឿង​, ៣. ម៉ូតូ ចំនួន​០៤​គ្រឿង​, ៤. កាំភ្លើង​កែច្នៃ ០១​ ដើម​និង​៥. កាំបិត​ចំនួន​០១ និង​សម្ភា​រៈ វិច​ខ្ចប់​មួយចំនួនធំ​។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​កសាង​សំណុំរឿង ដើម្បី​ប្រគល់ជូន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់