adverise with khmeread Unnamed

អាណិតណាស់! ប្តី​ប្រពន្ធ និង​កូន​មួយ​គ្រួសារ ជួប​គ្រោះថ្នាក់​ដល់​ស្លាប់ និង​របួស​នៅ​ស្រុក​បាកាន​

    ពោធិ៍សាត់ ៖ ប្តី​ប្រពន្ធ និង​កូន​មួយ​គ្រួសារ ជួប​គ្រោះថ្នាក់​ដល់​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កដោយ​រថយន្ត ​Toyota Tacoma​ មួយគ្រឿង បើក​កៀរ​បុក​ពីក្រោយ កើតឡើង​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ មុខផ្ទះ​ហាង​រ៉ុ​ម ស្ថិតក្នុង​ភូមិ​តា​លោ ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់​។​

    លោក នាង វុ​ធ អធិការ​ប៉ូលិស​ស្រុក​បាកាន បានឱ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​រថយន្ត​បើក​កៀរ​បុក​ពីក្រោយ​ឈ្មោះ មឿ​ន ម៉ៅ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ជា​ប្តី​រងរបួស​ស្រាល​, ឈ្មោះ អៀង អិត ភេទ​ស្រី អាយុ ២៩​ឆ្នាំ ជា​ប្រពន្ធ ស្លាប់​ពេល​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ពោធិ៍សាត់ និង​ឈ្មោះ ម៉ៅ លី​តា ភេទ​ស្រី អាយុ៦​ខែ ជា​កូន របួសធ្ងន់​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​រាជធានី​ភ្នំពេញ​។​

    លោក​អធិការ​បន្តថា ដំបូង​ជនរងគ្រោះ​ប្តី​ប្រពន្ធ និង​កូន បាន​ជិះ​ម៉ូតូ​ Honda Dream ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់ 1A-5998 ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ មាន​រថយន្ត​មួយគ្រឿង​ម៉ាក ​Toyota Tacoma ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-5608 បើកបរ​ដោយ​ឈ្មោះ រឿន មិនា ភេទ​ប្រុស អាយុ២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ពារ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្តបាត់ដំបង បាន​បើក​ពី​ជើង​ទៅ​ត្បូង ក្នុងទិសដៅ​ស្រប​ទិស​គ្នា បាន​បើក​កៀរ​បុក​ពីក្រោយ បណ្តាលឱ្យ​ប្តី​ប្រពន្ធ និង​កូន ស្លាប់ និង​របួសធ្ងន់​ស្រាល​តែម្តង​។​

    ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន បាន​យក​វត្ថុតាង រថយន្ត និង​ម៉ូតូ មក​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​តា​លោ ដើម្បី​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​

adverise with khmeread

មតិយោបល់