020161115225749

ចង់ឃើញ​អ្នក​ទាំងពីរ​វាយ​គ្នា​ទេ​? Manny Pacquiao អន្ទះសារ​ចង់​វ៉ៃ​ជាមួយ Floyd Mayweather ម្តងទៀត

​    ​យោងតាម​ប្រភពព័ត៌មាន Channelnewsasia បានឱ្យដឹងថា ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​ទម្ងន់​មធ្យម​ស្ថាប័ន WBO Manny Pacquiao បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី ២២ វិច្ឆិកា​នេះ​ថា រូបគាត់​មាន​អារម្មណ៍​ដូចជា​កំលោះ​វ័យក្មេង​ម្នាក់​អាយុ​ខ្ទង់ ២០ ឆ្នាំ និង​ចង់​បញ្ចេញ​កណ្តាប់ដៃ​សងសឹក​លើ Floyd Mayweather ជាថ្មី​។ 

​    ​កីឡាករ​ប្រដាល់​និមិត្តរូប​ហ្វីលីពីន​អាយុ ៣៧ ឆ្នាំ​រូបនេះ​បាន​វិលត្រឡប់​មកពី​ការចូលនិវត្តន៍​មួយរយៈ​ខ្លី និង​និយាយថា​គាត់​កំពុង​ស្ថិតក្នុង​កាយសម្បទា​អស្ចារ្យ​ដើម្បី​សងសឹក​បរាជ័យ​ក្រោម​ថ្វីដៃ​របស់ Floyd Mayweather កាលពី​ឆ្នាំមុន ក្នុងការ​ប្រកួត​ប្រដាល់​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​។ 

​    ​Manny Pacquiao បាន​ប្រាប់​ទូរទស្សន៍ ABS-CBN ថា "​ខ្ញុំ​មាន​អារម្មណ៍​នៅ​ក្មេង​។ ខ្ញុំ​មាន​អារម្មណ៍​ដូច​មាន​អាយុ ២៥ ឬ ទើប ២៨ ឆ្នាំ​អ៊ីចឹង​"​។ 

​    ​ពេល​សួរថា​តើ​គាត់​ចង់​ប្រកួត​ជាមួយ Floyd Mayweather ម្តងទៀត​ទេ Manny Pacquiao បាន​ឆ្លើយថា "​ពិតប្រាកដ​ណាស់ ប្រសិនបើ​គាត់​ចង់​វិល​ត្រឡប់មក​ការប្រកួត​ប្រដាល់​វិញ​"​។ 

​    ​Manny Pacquiao បាន​នាំឱ្យមាន​ការជជែក​មិន​ដាច់​ពី​មាត់​អំពី​ជំនួប​លើក​ទី​ពីរ​រវាង "Manny Pacquiao និង Floyd Mayweather" ពេល​គាត់​អញ្ជើញ​កីឡាករ​ប្រដាល់​មិនដែល​ចាញ់​របស់​អាមេរិក ដែល​ចូលនិវត្តន៍​កាលពី​ខែកញ្ញា​ឆ្នាំ​២០១៥​រូបនេះ ឱ្យចូល​រួម​ទស្សនាការ​ប្រកួត​របស់​ខ្លួន​ជាមួយ Jessie Vargas ក្នុង​ទីក្រុង Las Vegas កាលពី​ថ្ងៃទី ៥ វិច្ឆិកា​។​

​    ​សប្តាហ៍​មុន Manny Pacquiao ក៏បាន​ជន្ល​អ្នកគាំទ្រ​អំពី​ការប្រកួត​សងសឹក​នេះ​ផងដែរ តាមរយៈ​ការ​បង្ហោះ​រូបភាព​ចូល​បណ្តាញ​សង្គម ដោយ​ពាក់​ឈុត​មួយ​ដែលមាន​រូបគាត់ និង Floyd Mayweather​។ 

​    ​ប៉ុន្តែ Floyd Mayweather បាន​និយាយ​នៅ​ប៉ុន្មាន​ថ្ងៃក្រោយ​នោះ​ថា គាត់​មិនមាន​គម្រោង​វិលត្រឡប់​ពី​ការចូលនិវត្តន៍​ទេ​៕ 

ប្រភព៖ channelnewsasia

អ្នកនឹងចូលចិត្ត

មតិយោបល់