adverise with khmeread Unnamed

"​ពានរង្វាន់​អន្តរក្រសួង​-​ស្ថាប័ន​"! សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រសួងបរិស្ថាន​ ​ដឹក​ដៃ​គ្នា​ឡើង​វគ្គ ​១៦​ ក្រុម​ចុងក្រោយ

    ភ្នំពេញ ៖ ក្រុមបាល់ទាត់​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រុម​ក្រសួងបរិស្ថាន ក្នុងឋានៈ​ជា​ក្រុម​ចំណាត់ថ្នាក់​លេខ ១ និង​លេខ​២ ក្នុង​ពូ​ល C បាន​ដឹក​ដៃ​គ្នា​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ពានរង្វាន់​មិត្តភាព​យុវជន អន្តរក្រសួង​ស្ថាប័ន រដូវ​កាល ២០១៦ បន្ទាប់ពី​ក្រុម​ទាំងពីរ​រកបាន​ពិន្ទុ​បន្ថែម​ពី​គូប្រកួត​រៀងៗ​ខ្លួន កាលពី​ចុង សប្តាហ៍​កន្លងទៅ នៅ​ទីលាន Premium Sport Club​។​

    ក្រុម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ គឺ​បន្ទាប់ពី​រកបាន ១​ពិន្ទុ​បន្ថែម​ពី​ក្រុម​អាជ្ញាធរ​សវនកម្ម​ជាតិ ដោយ​លទ្ធផល​បច្ចេកទេស ១​ទល់​១ ដែល​ក្រុម​ទាំងពីរ​នេះ​ប្រកួត បញ្ចប់​វគ្គ​សន្សំ​ពិន្ទុ​វិលជុំ​ក្នុង​ពូ​ល​។ 

    ៣​ប្រកួត​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ឈ្នះ​២​ប្រកួត ស្មើ​១​ប្រកួត មាន​៧ ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​១ ក្នុង​ពូ​ល C​។ ចំណែកឯ​ក្រសួងបរិស្ថាន​រកបាន​៣​ពិន្ទុ​ពី​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹង​លទ្ធផល​បច្ចេកទេស ៤​ទល់​១​។ ជ័យជម្នះ​របស់​ក្រសួងបរិស្ថាន​បានធ្វើ​ឲ្យ​៣​ប្រកួត​របស់ខ្លួន ឈ្នះ​២​ប្រកួត និង​ចាញ់​១​ប្រកួត មាន​៦​ពិន្ទុ ហើយ​ជ័យជម្នះ​នេះ​ក៏បាន​ទម្លាក់​ក្រុម​អាជ្ញាធរ​សវនកម្ម​ជាតិ​បាត់បង់ ឱកាស​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ដែរ ដោយសារ​បរិស្ថាន និង​អាជ្ញាធរ​សវនកម្ម​ជាតិ​មាន​ពិន្ទុ​ប្រកៀក ប្រកិត​គ្នា​។​

    ក្នុង​ពូ​ល​C ២​ក្រុម​ដែល​ធ្លាក់​ចេញ​ត្រឹម​វគ្គ​សន្សំ​ពិន្ទុ គឺ​អាជ្ញាធរ​សវនកម្ម​ជាតិ និង​ក្រុម​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ចំណែកឯ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ក្រសួងបរិស្ថាន​បាន​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុង ក្រោយ​ជា​បន្តទៀត​ជាមួយនឹង​១៤​ក្រុម​ផ្សេងៗ​ទៀត​មកពី​ពូ​ល​៦​ពូ​ល ដែលជា​ក្រុម​ចំណាត់ថ្នាក់​លេខ​១ និង លេខ​២ លើកលែងតែ​ពូ​ល​G មួយ​ប៉ុណ្ណោះ​ដែលមាន​៥​ក្រុម​នោះ គឺ​ឡើងមក​ចំនួន​៣​ក្រុម​។​

    ថ្លែង​ក្រោយ​បញ្ចប់​ការប្រកួត​, លោក អ៊ី រិន្ទ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​ជា​អ្នកចាត់ការ​ទូទៅ​ក្លឹប​បាល់ទាត់​សាលាដំបូង​រាជធានី​ភ្នំពេញ​គូសបញ្ជាក់ថា លោក ក៏ដូចជា​សមាជិក​ក្រុម​ទាំងអស់​ពិតជា​រីករាយ​ជា ខ្លាំង ដែល​ក្រុម​របស់លោក​បាន​ខិតខំ ហើយ​បាន​ឡើងទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយ​យើង​ប្តេជ្ញា​ថា នឹង​ខិត​ធ្វើ​ឲ្យ​បាន​ល្អជា​បន្តទៀត ដើម្បី​ដណ្តើមបាន​លទ្ធផល​ដ៏​ល្អ​មួ​យមក​ជូន​ក្លឹប​។​

    ចំណែកឯ​លោក ទេព គ​ន្ធា តំណាង​ក្រុម​អាជ្ញាធរ​សវនកម្ម​ជាតិ​គូស​បញ្ជាក់ដែរថា ទោះបីជា​ក្រុម​របស់ លោក​មិនបាន​ឡើងទៅ​វគ្គ​បន្ត​ក៏ដោយ ក៏​ក្រុម​របស់លោក​ទទួលយក​នូវ​លទ្ធផល​ទាំង​នោះដែរ ដោយសារ​នោះ ជាការ​ប្រកួត គឺមាន​ឈ្នះ​មាន​ចាញ់​ជា​រៀង​ធម្មតា ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ក៏​លោក​សម្តែង​នូវ​ភាព​រីករាយ​ដែរ ដែល ក្រុម​របស់លោក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​រក្សាបាន​នូវ​ស្មារតី​សាមគ្គីភាព មិត្តភាព និង​សុខភាព​ដូច​បណ្តា​ក្លឹប ដែល​ចូលរួម​នានា​ផងដែរ​។​

    សូមបញ្ជាក់ថា សម្រាប់​ការប្រកួត​វគ្គ​១៦​ក្រុម​ចុងក្រោយ​នឹងត្រូវ​ចាប់ឆ្នោត​ផ្សងសំណាង​ជាថ្មី ដោយ​មិន ប្រកួត​តាម​រូបមន្ត​ខ្វែង​ពូ​ល​នោះឡើយ ដោយ​ការចាប់​ឆ្នោត​ត្រូវធ្វើឡើង​នៅ​ថ្ងៃ​អង្គារ​នេះ ហើយ​ការប្រកួត​វគ្គ​១៦ ក្រុម​ចុងក្រោយ​នឹងត្រូវ​ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី​២២ វិច្ឆិកា ស្អែក​នេះ​៕

 

adverise with khmeread

មតិយោបល់