adverise with khmeread 503261130

លោក Guus Hiddink ព្រួយចិត្ត​ខ្លាច Chelsea ធ្លាក់​ទៅ Championship

​អ្នកចាត់ការ​ទូទៅ​ក្រុម Chelsea លោក Guus Hiddink ជឿជាក់ថា​ក្រុម​តោ​ខៀវ​គឺ​នៅតែ​ប្រទាញប្រទង់​នៅ​តំបន់​កាត់ចោល​នៅឡើយ​ទេ​។

​ចាប់តាំងពី​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​បានធ្វើ​ដំណើរ​មកកាន់​ទឹក Stamford Bridge ក្រុម​តោ​ខៀវ​ហាក់​មាន​ទឹកមាត់​លេប​ខ្លះ ដោយ​ស្ថិតនៅ​លេខ​រៀង​ទី ១៤ និង​មាន​ប្រាំមួយ​ពិន្ទុ​ក្នុង​ដៃ​ឈរ​សំកាំង​ពីលើ​តំបន់​កាត់ចោល​។​

​ទោះជា​យ៉ាងណាក្តី បន្ទាប់ពី​បាន​បណ្ត​យ​ឲ្យ​ក្រុម West Brom តាម​ស្មើ​នៅ​ចុង​ម៉ោង​ក្នុង​លទ្ធផល ២-២ កាលពី​ពាក់កណ្តាល​សប្តាហ៍​កន្លង​មក គ្រូបង្វឹក​វ័យ ៦៩ រូបនេះ​បាន​ព្រមាន​កូនក្រុម​កុំឱ្យ​សម្លឹងមើល​ខ្ពស់​ពេក​លើ​តារាង​ពិន្ទុ​។​

​ក្នុង​បទសម្ភាសន៍​មួយ​ដែល​គេ​ចោទសួរ​លោក​ពី​តំបន់​កាត់ចោល គាត់​បាន​និយាយថា "​វា​ជា​ការពិត​មួយ​ដែល​ត្រូវ​លាតត្រដាង យើង​មា​នគ​ន្លាត​ពិន្ទុ ១២ ពិន្ទុ​ពី​លំដាប់​ទី ៤ ដែល​នោះ​ជា​ក្រុម Tottenham ។ ពួកយើង​មើលទៅ​ហាក់ដូចជា​សម្លឹងមើល​ឆ្ងាយ​ពេក​ហើយ​នៅ​តំបន់​កំពូល​តារាង​។ ប៉ុន្តែ​កុំ​ភ្លេច​ពេលនេះ​អ្នក​មានតែ ៦ ពិន្ទុ​ប៉ុណ្ណោះ​ពី​តំបន់​កាត់ចោល​។

​យើង​ត្រូវតែ​ធ្វើការ​ឲ្យ​បាន​ខ្លាំងក្លា​ជាង​មុន និង​យកចិត្តទុកដាក់​នឹង​ការប្រកួត​ខាងមុខ​។ អញ្ចឹង​ហើយ​បាន​ជាង​យើង​ភ្លាត់ស្នៀត​ឲ្យ​គេ​ស៊ុត​ចូល​នៅ​នាទី​ទី ៨៦ កាលពី​ជំនួប​ជាមួយ​ក្រុម West Brom ។​

​ពេលដែល​ខ្ញុំ​ធ្វើដំណើរ​មកដល់​ទីនេះ យើង​បានចាប់ផ្តើម​ពី​លទ្ធផល ១ ពិន្ទុ​ប៉ុណ្ណោះ​ពី​តំបន់​កាត់ចោល ហើយ​ឥឡូវ​យើង​មានឱកាស​ដកដង្ហើម​ខ្លះ​ហើយ​។ យើង​មានការ​ប្រកួត​ដ៏​លំបាក​ពីរ​ប្រកួត​ទៀត​ដែល​កំពុង​ខិតជិត​មកដល់​។ ក្រុម Everton គឺជា​ក្រុម​ដែល​លេង​ល្អ​នៅក្រៅ​ផ្ទះ ហើយ​បន្ទាប់មក​ក្រុម Arsenal​។ ប្រសិនបើ​អ្នក​មិន​ប្រឹងរក​ពិន្ទុ​ទេ គេ​នឹង​ដណ្តើមយក​អស់​"៕

adverise with khmeread

មតិយោបល់